លោក ហ៊ុន សែន អះអាងថា វិស័យឧស្សាហកម្មប្រេងនៅកម្ពុជាមិនទាន់ជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជានៅឡើយទេ បើធៀបទៅនឹងវិស័យផ្សេងទៀតដែលកម្ពុជាកំពុងអនុវត្ត។
លោក ហ៊ុន សែន លើកឡើងថា តាមការប៉ាន់ប្រមាណ កម្ពុជានឹងទទួលបានប្រេងក្នុងមួយថ្ងៃប្រមាណពី ៧ពាន់ ទៅ ៧ពាន់ ៥រយបារ៉ែល ប៉ុណ្ណោះក្នុង១ថ្ងៃ។ លោកថា នេះគឺជាទំហំមួយដ៏តូចដែលមិនទាន់អាចជះឥទ្ធិពលទៅលើសេដ្ឋកិច្ចរបស់កម្ពុជាបាននៅឡើយទេ។ យ៉ាងនេះក្តី លោកថា នេះគឺជាវិស័យមួយក្នុងការចាប់ផ្តើមដ៏ល្អនៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។
លោក បញ្ជាក់ថា អណ្តូងប្រេងទី១ មានឈ្មោះថា AO1D គឺផលិតបានជាង ១ពាន់ ២រយ បារ៉ែល ក្នុងមួយថ្ងៃ ហើយក្នុងរយៈពេល៣៣ថ្ងៃកន្លងមកនេះ អណ្តូងទី១នេះអាចផលិតបានជាង ៤ម៉ឺន ៧រយ បារ៉ែល។ ចំណែកអណ្តូងប្រេងទី២ ឈ្មោះថា AO4D ទើបតែបានចាប់ផ្តើមបូមកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នេះ។
មកទល់នឹងពេលនេះ កម្ពុជាទទួលបានប្រេងសរុបជាង ៤ ម៉ឺន ១ពាន់ បារ៉ែលប៉ុណ្ណោះ ខណៈអណ្តូងទី៣ ទី៤ និងទី៥ នឹងដំណើរការបូមនៅឆ្នាំ២០២១ នេះផងដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើតម្លៃប្រេងដែលកម្ពុជាទទួលបានត្រឹមតែ ៥៥ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ ដូច្នេះចំណូលប៉ាន់ប្រមាណដែលកម្ពុជានឹងទទួលបានពីវិស័យឧស្សាហកម្មប្រេងនេះមានប្រមាណតែ ៣០លានដុល្លារ អាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ។
ការអះអាងរបស់លោកហ៊ុន សែន នេះធ្វើឡើង ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និង រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកឲ្យដំណើរការជាផ្លូវការនៃដំណក់ប្រេងលើកដំបូងនៅកម្ពុជាក្នុងប្លុក អេ ក្នុងកម្មវិធីផ្សាយពិសេសដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណក់ប្រេងនេះមិនមែនជាបណ្តាសសារទេ តែគឺជាពរជ័យសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះ លោក ថា លុយដែលបានពីប្រេងកាតទាំងនេះ រដ្ឋាភិបាលនឹងផ្គត់ផ្គង់លើវិស័យធំៗ២ គឺវិស័យអប់រំ និង វិស័យសុខាភិបាល។
កាលពីខែមិថុនា ឆ្នាំ២០១៩ លោក រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បានអះអាងក្នុងវិមានរដ្ឋសភាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេង និងផលិតផលប្រេងកាតនៅកម្ពុជា ថា កម្ពុជាមានប្លុកប្រេងកាតសរុប ចំនួន២៥ កន្លែងទូទាំងប្រទេសទាំងដែនសមុទ្រ និងដីគោក ដែលអាចផលិតប្រេងបានចំនួន ៥លានតោនក្នុងមួយឆ្នាំៗ។
លោក ស៊ុយ សែម បញ្ជាក់ថា នៅដែនសមុទ្រមាន ៦ គឺប្លុក A.B.C.D.E និងប្លុកF ។ រីឯ ដែនគោកមានចំនួន ១៩ ប្លុក និង៤តំបន់ទៀត គឺនៅត្រួតគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ដោយឡែកប្លុក A មានចម្ងាយត្រឹមតែ១៦០ គីឡូម៉ែត្រប៉ុណ្ណោះពីខេត្តព្រះសីហនុ ហើយមានចម្ងាយ៣៣៥ គីឡូម៉ែត្រពីប្រទេសថៃ និងប្រវែង៣៥០ គីឡូម៉ែត្រពីប្រទេស ឡាវ។
យ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីដើមខែមករា នេះ ថា ការដែលកម្ពុជាទទួលបានរ៉ែប្រេង និងអាចទាញយកផលប្រយោជន៍បានពីរ៉ែនេះជារឿងល្អណាស់។ ប៉ុន្តែរដ្ឋាភិបាលត្រូវចេះចាត់ចែងលុយបានមកពីការបូមប្រេងទាំងនោះដោយតម្លាភាព និងមានការទទួលខុសត្រូវចំពោះប្រជាលរដ្ឋជាម្ចាស់ប្រទេស។
គណបក្សក្រៅរដ្ឋាភិបាលនេះ ក៏ចង់ដឹងឲ្យបានពិតប្រាកដដែរថា តើលុយបានមកពីការបូមប្រេងយកទៅប្រើប្រាស់លើអ្វីឱ្យច្បាស់លាស់ និងមានយន្តការត្រួតពិនិត្យត្រឹមត្រូវដែរឬក៏អត់។
ដំណក់ប្រេងនៅកម្ពុជា ត្រូវបានលោកហ៊ុន សែន ធ្លាប់ប្រកាសក្តែងៗ ថានឹងទទួលបានជាលើកដំបូងនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ វេលាម៉ោង១២យប់ ប៉ុន្តែផែនការនេះបានប្រែប្រួល ដោយត្រូវពន្យាររហូតដល់ចុងឆ្នាំ២០២០ ទៅវិញ។
ក្រុមអ្នកតាមដានសង្គម យល់ឃើញថាការពន្យារពេលរហូតដល់ជិត១០ឆ្នាំក្រោយពេលប្រមុខរដ្ឋាភិបាលប្រកាសនោះ អាចដោយសារបញ្ហានីតិវិធី និងអាចពាក់ព័ន្ធនឹងអំពើពុករលួយនោះឯង។
ពួកគេក៏ធ្លាប់បង្ហើបដែរថា ប្រសិនបើការគ្រប់គ្រង និងប្រើប្រាស់ថវិកាបានមកពីប្រេងមិនបានត្រឹមត្រូវ កម្ពុជានឹងរងបណ្តាសារប្រេងដូចបណ្តាប្រទេសមួយចំនួននៅលើពិភពលោកផងដែរ៕