28.4 C
Phnom Penh

អ្នកវិភាគថា នាយករដ្ឋមន្ត្រីខ្មែរដែលឧស្សាហ៍រំលោភព្រះមហាក្សត្រ ត្រូវគេចាត់ទុកថា អ្នកទោសពានវាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយសង្គម រិះគន់ថា លោក ហ៊ុន សែន ត្រូវបានគេចាត់ទុកថា ជាអ្នកទោសពានវាំង ព្រោះតែលោកបំពានព្រះមហាក្សត្រ ហើយនិងជាអ្នកទោសប្រឆាំងគោលការណ៍យុត្តិធម៌អន្តរជាតិ ផងដែរ។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា លោក ពិតជាមិនចង់ឃើញ លោក ហ៊ុន សែន ដែលជាមេដឹកនាំខ្មែរក្រាញអំណាចម្នាក់ ត្រូវជាប់ទោស ព្រោះតែការបង្កើតបញ្ហាមិនចេះចប់នោះ។

លោក គឹម សុខ ជំរុញឲ្យ ប្រមុខរដ្ឋាភិបាលកម្ពុជា កែតម្រូវស្ថានការណ៍កម្ពុជាឡើងវិញ ដើម្បីជួយជ្រោមជ្រែងជីវភាពពលរដ្ឋ និង ផ្សះផ្សានយោបាយ ជាមួយ គណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន ដោយមានសាក្សីពីខាង សហគមន៍អន្តរជាតិ តំណាងអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អឺរ៉ុប ឬប្រទេសជប៉ុន ជាដើម។

លោក អះអាងថា ដោយសារការមានៈរឹងរូសរបស់លោក ហ៊ុន សែន កម្ពុជាត្រូវសហភាពអឺរ៉ុប ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនិង GSP របស់អាមេរិកនៅមិនទាន់ភ្ជាប់ឱ្យកម្ពុជាឡើងវិញនោះ។  ជាងនេះទៅទៀត បញ្ហាជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចូលមករស់នៅកម្ពុជាកាន់តែកើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ចំណែក បញ្ហាព្រំដែនដែលជាសន្ដិសុខជាតិ កាន់តែខ្សោយទៅៗថែមទៀត។

អនុប្រធានចលនានិស្សិតរូបនេះ ទាមទារឲ្យ នាយករដ្ឋមន្ត្រីកម្ពុជា បន្ទន់ឥរិយាបថ ដោះស្រាយវិបត្តិជាតិ ដើម្បីសង្គ្រោះកម្ពុជាពីការឈ្លានពានរបស់បរទេស និងស្តារជីវភាពពលរដ្ឋខ្មែរ។

លោកថា ប្រទេសដែលពលរដ្ឋមានជីវភាពល្អ ទើបអាចការពារជាតិរឹងមាំ ហើយជាតិមួយដែលមានការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចរីកចម្រើន នោះទើបគេហៅថាសន្តិភាពពិតប្រាកដ។

កាលពីឆ្នាំ២០០៥ សមាជិកសភាខាងគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន បាននាំគ្នារំលោភ រដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ដោយបានអនុម័តយល់ព្រមលើ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ព្រមទាំងកិច្ចព្រមព្រៀងខុសច្បាប់ ជាច្រើនទៀត ដូចជា សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាដើម ដើម្បីបើកផ្លូវឲ្យវៀតណាមរំលោភបំពានលើអធិបតេយ្យភាពកម្ពុជាដោយស្របច្បាប់ដល់សព្វថ្ងៃ។

បញ្ហានេះ លោក ហ៊ុន សែន បានគម្រាមព្រះមហាក្សត្រថា បើព្រះអង្គមិនព្រមចុះហត្ថលេខាយល់ព្រមលើសន្ធិសញញាបំពេញបន្ថែមឆ្នាំ២០០៥ ដើម្បីឲ្យរដ្ឋាភិបាលរបស់លោកអាចអនុវត្តកិច្ចព្រមព្រៀងនេះជាមួយប្រទេសវៀតណាមទេនោះ លោកនឹងរំលាយរបបរាជានិយមទៅជារបបសាធារណៈរដ្ឋវិញមិនខាន។

យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បានអួតថា គ្មានអ្នកណាអាចមកផ្តួលរំលំលោកបានឡើយ។ ដូច្នេះ លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០៣០ ដែលនៅពេលនោះអាយុរបស់លោក គឺ ៧៨ឆ្នាំ គត់។ លោក បញ្ជាក់ថា លើលោកនេះគ្មាននរណាកំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះទេ។

លោក ហ៊ុន សែន បានទទួលតំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ ដោយវៀតណាមជាអ្នកលើកបន្តុប ហើយបន្តតំណែងនេះរហូតមក បើទោះពីជាអាណត្តិខ្លះនៃការបោះឆ្នោតលោកចាញ់ឆ្នោតក្តី ក៏លោកនៅតែបន្តរក្សាតំណែងនេះបានដែរ។

កាលពីខែតុលា ឆ្នាំ២០២០ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) បានចេញរបាយការណ៍ដោយអះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានក្លាយជារបបផ្ដាច់ការឯកបក្ស។ ការក្តោបក្តាប់អំណាចពេញដៃ និងយូរអង្វែងរបស់លោកហ៊ុន សែន  ដោយសារតែឧត្ដមសេនីយ៍បាតដៃកខ្វក់ចំនួន ១២រូប ដែលចូលរួមក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។ ក្រុមនេះអះអាងថា លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បន្តទទួលបានផលប្រយោជន៍ពីការគាំទ្រដោយឥតងាករេពីក្រុមមន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ព កងរាជអាវុធហត្ថ និងនគរបាល ដើម្បីកម្ចាត់ក្រុមអ្នកនយោបាយជំទាស់ និងរំលាយគណបក្សប្រឆាំងធំជាងគេ យ៉ាងមានប្រសិទ្ធភាព ហើយបន្ទាប់មករៀបចំការ បោះឆ្នោតបែបបង្គ្រប់កិច្ចកាលពីខែកក្កដា ឆ្នាំ២០១៨ ដោយទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា ដោយលោកមិនខ្វះនឹងការរិះគន់ជុំទិសនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស