27 C
Phnom Penh

ប្រទេសភូមាត្រូវបានទាញត្រឡប់ទៅរកអតីតកាល ដូចការពីឆ្នាំ១៩៩០ គឺពេលនោះ រដ្ឋប្រហាររបស់ពួកយោធា បានកើតឡើងនៅកណ្ដាលទីក្រុងរ៉ង់ហ្គូន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋប្រហារពេលនោះ គឺជាការច្រានចោលលទ្ធផលបោះឆ្នោត ដែលគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុងសានសូជី បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ ចាប់ពីពេលនោះ ដល់ឆ្នាំ២០១៥ ទើបពួកយោធា បើកអោយមានការបោះឆ្នោត ប៉ុន្តែគណបក្សរបស់ពួកយោធាបាន ចាញ់ យ៉ាងអាម៉ាស់។ ជ័យជម្នះ បានទៅលើបក្សប្រឆាំងដឹកនាំដោយអ្នកស្រី អ៊ុងសាន សូជី។

ចំពោះព្រឹត្តិការណ៍ កើតមានទាំងព្រឹកព្រលឹម នៅថ្ងៃចន្ទទី១កុម្ភៈឆ្នាំ២០២១ នៅកណ្ដាលក្រុងរ៉ង់ហ្គូន គឺជារដ្ឋប្រហារដូចនឹងឆ្នាំ១៩៩០ ដែរ។ មានន័យថា រដ្ឋាភិបាល ស៊ីវិល របស់ប្រទេសភូមា រស់បានតែជាង៥ឆ្នាំ បន្តិចប៉ុណ្ណោះ បន្ទាប់ពីមានការបោះឆោ្នត សមាជិកសភា ដំបូងនៅខែវិច្ឆិកា ឆ្នាំ២០១៥ ។

ឥឡូវនេះ រដ្ឋាភិបាល ជាប់ឆ្នោត បានស្លាប់ទៅវិញហើយ គឺដោយសារតែពួកយោធាធ្វើរដ្ឋប្រហារ ទម្លាក់ រដ្ឋាភិបាល របស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអតីតជ័យលាភី នូបែលសន្តិភាព អ៊ុងសានសូជី។

បណ្ដាញផ្សាយព័ត៌មានអន្តរជាតិធំៗសុទ្ធតែ ចុះផ្សាយអំពីព្រឹត្តិការណ៍នៅប្រទេសភូមា។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ពួកយោធា បានឃុំខ្លួន អ្នកស្រី អ៊ុងសានសូជី ទីប្រឹក្សារដ្ឋដែលមានឋានៈស្មើនឹងប្រធានាធិបតី និងប្រធានាធិបតី Win Myint។

តាមប្រភពដដែលនេះ គឺដើមចមដែលពួកយោធាធ្វើរដ្ឋប្រហារ ដោយសារតែគណបក្ស សហព័ន្ធសាមគី្គ ជាតិភូមា បានច្រានចោលលទ្ធផលបោះឆ្នោត សមាជិកសភា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយចោទថា ជ័យជម្នះ របស់គណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់អ្នកស្រី កើតឡើងដោយសារតែមានការ លួចបន្លំសន្លឹកឆ្នោត។ គណបក្ស សហព័ន្ធ សាមគី្គជាតិភូមា គឺជាបក្សនយោបាយតែមួយគត់ ដែល ពួកយោធានៅពីក្រោយ។

តាមសេចក្ដីរាយការណ៍អោយដឹងថា សមាជិកសភា និងមន្ត្រីជាន់ខ្ពស់របស់គណបក្សឈ្នះឆ្នោតជាច្រើននាក់ ត្រូវបានចាប់ខ្លួន។ ទីក្រុងធំៗរបស់ប្រទេសនៃសមាគមអាស៊ានមួយនេះ ត្រូវបានពួកយោធាឡោមព័ន្ធ រីឯប្រព័ន្ធផ្សព្វផ្សាយឯកជន របស់បក្សនយោបាយ និងឯកជនត្រូវបានបិទទ្វា។

ពួកយោធា បាន ប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្ន រយៈពេលមួយឆ្នាំ។

អនុប្រធានាធិបតី U Myint Swe ដែលត្រូវបានជ្រើសតាំងដោយយោធា នឹងឡើងកាន់តំណែងជា ប្រធានាធិបតីបណ្ដោះអាសន្ន។

ក្នុងស្ថានភាពនេះ ពួកយោធា កំពុងគ្រប់គ្រងស្ថានការណ៍ ហើយកងទ័ពជាច្រើនត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ក្នុងរដ្ឋធានីថ្មីណៃភិដោ ។

គណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុងសានសូនជី បានចេញសេចក្ដីថ្លែងការណ៍ ភ្លាមៗបន្ទាប់ពី បណ្ដាញសង្គម មិនទាន់ត្រូវបានបិទ។ បក្សរងគ្រោះដោយរដ្ឋប្រហារបានច្រានចោលភ្លាមៗ ការគ្រប់គ្រងរបស់ពួកយោធា ហើយបានទទូចទៅសហគមន៍អន្តរជាតិ អោយជួយអន្តរាគមន៍ជាបន្ទាន់។ បក្សនេះ ចាត់ទុកថា ជាព្រឹត្តិការណ៍សម្លាប់ឆន្ទៈរបស់ប្រជាជនពេញមួយ ប្រទេស។

ប្រតិកម្មថ្កោលទោស ពីសហគមន៍អន្តរជាតិចាប់ផ្ដើមធ្លាកចុះ ជាបន្តបន្ទាប់ ដោយទាមទារអោយ ដោះលែង អ្នកស្រីអ៊ុងសានសូជី និងមន្ត្រីនៃគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ។ ប្រតិកម្ម ធ្លាក់មកតាំងពីប្រទេសក្នុងសមាគមអាស៊ាន  ប្រទេសក្នុងទ្វីបអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិកនិង អឺរ៉ុប ។ ឥណ្ឌូនេស៊ី សិង្ហបុរី  ហ្វីលីពីន ព្រុយណេ ឈានមុខគេ ដោយសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះពួកយោធាភូមា ដែលបានធ្វើបែបនេះ។

តាមរយៈក្រសួងការបរទេស  គឺប្រទេស ៤នេះ បានរំលឹកទៅពួកយោធាភូមា ឲ្យពិនិត្យឡើងវិញនូវ ធម្មនុញ្ញអាស៊ាន ហើយពួកគេ នឹងកោះប្រជុំដើម្បីពិនិត្យធម្មនុញ្ញភាពនៃសមាជិកភាពប្រទេសភូមា។ប្រទេសជប៉ុន បានហៅជាព្រឹត្តការណ៍បង្កអោយមានការឈឺចាប់ជាថ្មីទៀតដល់ ប្រជាធិបតេយ្យភូមា។ ប្រទេសអូស្ត្រាលីក៏បានទាមទារឲ្យពួកយោធាដោះលែងអ្នកស្រីសូជីជាបន្ទាន់។

សម្រាប់ប្រទេសនៅអឺរ៉ុប រាប់ពីអាល្លឺម៉ង់  បារាំង អង់គ្លេស ជាប្រទេសធំក្នុងទ្វីប បានចេញសេចក្ដីថ្លែងការណ៍ ទាមទារដូចនឹងប្រទេស ជប៉ុននិងអូស្រ្តាលីដែរ។ ប៉ុន្តែបានព្រមានពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។

ចំណែក ប្រទេស ឥណ្ឌា ប្រកាសថា ខ្លួនសោកស្ដាយជាខ្លាំង ដែលមិនគួរមានព្រឹត្តិការណ៍រដ្ឋប្រហារបែបនេះទេ។

ប្រទេសដ៏ធំនេះ ថា ប្រជាធិបតេយ្យក្មេងខ្ចីនេះ មិនគួរជួបគ្រោះថ្នាក់បែបនេះសោះ។ ចំណែក ប្រទេសចិន ដែលធ្លាប់គាំទ្ររបបសឹកូមា ក៏បានចេញសេចក្ដីថ្លែងការណ៍ផងដែរ សុំអោយ ភាគីពាក់ព័ន្ធជួបចរចាដើម្បីរកដំណោះស្រាយមួយឲ្យបានសមរម្យជាងនេះ។

ចំណែក សហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេស បានជំរុញឱ្យពួកយោធា ដោះលែងអ្នកស្រី អ៊ុកសាន ស៊ូជី និងក្រុមមន្ត្រីជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់អ្នកស្រី ដែលត្រូវបានចាប់ឃុំខ្លួន ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ ។ក្រុងវ៉ាស៊ីនតោនព្រមានចាត់វិធានការឆ្លើយតប ប្រសិនបើការអំពាវនាវរបស់ខ្លួនមិនត្រូវបានទទួលយក។

នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី Jen Psaki បានថ្លែងថា សហរដ្ឋអាមេរិកប្រឆាំងដាច់ខាត ទៅនឹងរាល់ការប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយយើងនឹងចាត់វិធានការឆ្លើយតប ទៅនឹងអ្នកទទួលខុសត្រូវទាំងឡាយ ប្រសិនបើពួកគេមិនព្រមបកក្រោយវិញទេនោះ

តែបែបណា  អ្នកនាំពាក្យរូបនេះ ទួទូចថាសហរដ្ឋអាមេរិក លើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ ចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ពីទីក្រុងញូវយ៉ក អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ Antonio Guterres បានថ្កោលទោសជាខ្លាំង ចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលនៅប្រទេសភូមា។ លោក Guterres បានទទូចឲ្យពួកយោធាគោរពលទ្ធផលឆ្នោត និងឆន្ទៈរបស់ប្រជាជន។

ខណៈរដ្ឋប្រហារផ្ទុះឡើងភ្លាម  គឺមានសេចក្ដីរាយការណ៍មកថា ប្រជាជនភូមា សម្រុកទៅដកប្រាក់ពីធនាគារ ហើយទីផ្សារស្ថិតក្នុងភាព ច្របូលច្របល់។ ប្រជាជនដែលជាអ្នកមានប្រាក់ស្តុកស្ដមកំពុង រត់ចេញពីប្រទេស។ ប្រជាជន សម្រុកទិញស្បៀង និងទំនិញ ដែលចាំបាច់នៅទីផ្សារ។ ចំណែកឯអ្នកស្រីសូជី ប្រកាសអោយប្រជាជនងើបឈរឡើងព្រមគ្នាៗ ប្រឆាំងពួកយោធា។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានស្រង់សម្ដីរបស់ អ្នកស្រី សូជី មកចុះផ្សាយដូចនេះថាសកម្មភាពដែលពួកយោធាកំពុងធ្វើ បាននិងកំពុងនាំប្រទេសជាតិ   ត្រឡប់ទៅរបបផ្ដាច់ការសាជាថ្មី។ សម្រាប់ខ្ញុំសូមទទូចឱ្យប្រជាជន កុំទទួលស្គាល់ទង្វើបែបនេះជាដាច់ខាត ហើយក្រោកឈរឡើងធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហាររបស់យោធា។ តាមព័ត៌មានចុងក្រោយ គឺអ្នកស្រី ស៊ូជី ត្រូវបានពួកយោធា ចាប់ឃុំខ្លួនក្នុងផ្ទះ ដោយកម្លាំងយោធា ឡោមព័ន្ធភូមិគ្រឹះរបស់អ្នកស្រីយ៉ាងតឹងរ៉ឹង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស