37.6 C
Phnom Penh

មន្ត្រីបក្សប្រឆាំងថា កម្ពុជាមិនទាន់អនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យតាមស្តង់ដានីតិរដ្ឋនៅឡើយទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រិះគន់ថា បើទោះបីកម្ពុជា ទទួលយករបបនយោបាយបែបប្រជាធិបតេយ្យតាំងពីឆ្នាំ១៩៩៣ មកក៏ពិតមែន ប៉ុន្តែប្រទេសក្រីក្រមួយនេះ នៅមិនទាន់មានតម្លាភាពក្នុងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមនិយមន័យនីតិរដ្ឋពិតប្រាកដនៅឡើយទេ។

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១ ខែកុម្ភៈ ថា បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវគេរំលាយ និងមេបក្សប្រឆាំង លោក កឹម សុខា ត្រូវគេចាប់ដាក់គុក បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាកាន់តែរួមតូច ទោះរដ្ឋាភិបាលខំរកលេសបិទបាំងទង្វើអាក្រក់របស់ខ្លួនយ៉ាងណាក៏ដោយ។

លោក អះអាងថា លោក ហ៊ុន សែន បានប្រើប្រាស់ឥទ្ធិពលអំណាចប្រមូលផ្តុំ ហួសព្រំដែន អំណាចរបស់គាត់គ្របដណ្តប់ទៅលើអំណាចតុលាការ និងអំណាចនីតិបញ្ញត្តិយ៉ាងពេញទំហឹង។

លោកថា បញ្ហានេះ បានបង្ករឲ្យមានការរំលោភសិទ្ធិមនុស្ស ការគំរាមកំហែង ការចាប់មន្ត្រីបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលកាន់តែធ្ងន់ធ្ងរទៅៗ ក្រោមការប្រើប្រាស់ ប្រព័ន្ធតុលាការ ដែលជាឧបករណ៍នយោបាយរបស់លោក។

លោក មាជ សុវណ្ណារ៉ា ប្រតិកម្មថា ទិដ្ឋភាពនយោបាយនៅកម្ពុជាសព្វថ្ងៃនេះ បានធ្វើឲ្យសហគមន៍អន្តរជាតិ ពិសេសសហរដ្ឋអាមេរិកអល់អែកក្នុងការធ្វើទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីជាមួយកម្ពុជា ព្រោះ ដ្ឋាភិបាល នៅមិនទាន់បានបង្ហាញពីការប្រឹងប្រែងកែរទម្រង់ប្រព័ន្ធយុត្តិធម៌ឲ្យបានល្អប្រសើរ ដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងស្តារប្រព័ន្ធប្រជាធិបតេយ្យឡើងវិញនៅឡើយទេ។

ការអះអាងនេធ្វើឡើង ដើម្បីរិះគន់ពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដែលតែងរំលោភសិទ្ធិមនុស្ស រំលាយបក្សប្រឆាំង និងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សដាក់គុកយ៉ាងខ្លាំងក្លាក្នុងពេលបច្ចុប្បន្ននេះ។

កាលពីចុង ខែធ្នូ ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy ក្នុងជំនួបជាមួយតំណាងគណបក្សនយោបាយមួយចំនួននៅ កម្ពុជា បានអះអាងថា សហរដ្ឋអាមេរិក គាំទ្រប្រជាជនកម្ពុជា និងសិទ្ធិរបស់ពួកគេ ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីការរីចម្រើនប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ។

កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ហ៊ុន សែន បានអះអាង ក្នុងពិធីសម្ពោធការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងរាជធានីភ្នំពេញថា លោក ពិតជាកាន់អំណាចប្រមូលផ្តុំប្រាកដមែន ប៉ុន្តែលោកថា បើធ្វើជានាយករដ្ឋមន្ត្រីមិនមានអំណាចក្នុងដៃ ច្បាស់ជាធ្វើអ្វីមិនកើតនោះទេ។

យ៉ាងនេះក្តី លោក អះអាងថា អំណាចនេះលោកបានពង្រាយទៅដល់មន្ត្រីរបស់លោកដើម្បីឲ្យពួកគេអាចបំពេញការងាររៀងៗខ្លួនឲ្យមានប្រសិទ្ធិភាព ក្នុងបំណងសម្រេចផែនការស្របតាមគោលនយោបាយរបស់គណបក្សកាន់អំណាចដែលបានចែង។

ជាងនេះទៅទៀត កាលពីខែសីហា ឆ្នាំ២០២០ ក្នុងពិធីសម្ពោធសួនទឹកកម្សាន្តមួយកន្លែងក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងថា ការចាប់ខ្លួនអ្នកតវ៉ា ក្រុមអ្នកទាមទារសិទ្ធសេរីភាពបញ្ចេញមតិ និងក្រុមសកម្មជនសិទ្ធិមនុស្សកន្លងមក គឺលោកជាអ្នកបញ្ជា។ លោក ព្រមានថា កុំមករញ៉េរញ៉ៃ បើនៅតែរឹងទទឹងទៀត ចេញមកប៉ុណ្ណា លោកនឹងបញ្ជាឲ្យគេចាប់ប៉ុណ្ណឹង។

កាលពីដើមខែកញ្ញា ឆ្នាំ២០២០ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អះអាងថា អ្នកជាប់ឃុំដោយសារការតវ៉ាទាមទារសិទ្ធិសេរីភាពដែលរដ្ឋាភិបាលក្រុងភ្នំពេញបានឃាត់ខ្លួនទាំងនោះ ជាអ្នកទោសមនសិការ ហើយថាការចាប់ខ្លួនក្រុមអ្នកទាមទារសិទ្ធិទាំងនេះ គឺជាការរំលោភសិទ្ធមូលដ្ឋានរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

ចំណែក មន្ត្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី មីស្សែល បាសេ្សឡែត កាពពីដើមខែធ្នូ ឆ្នាំ២០២០ បញ្ជាក់ថា សកម្មភាពរំលោភសិទ្ធិមនុស្សជាចម្លើយដ៏ត្រឹមត្រូវ និងជាសត្យានុម័ត ដែលអាចបង្ហាញពី វិបត្តិមនុស្សជាតិ ដូច្នេះត្រូវតែនាំគ្នាក្រោកឈរឡើងដើម្បីសិទ្ធិមនុស្សទាំងអស់គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស