27 C
Phnom Penh

ឧបនាយករដ្ឋមន្រ្តីកម្ពុជាថា កម្ពុជាតែងអនុវត្តការងាររបស់ខ្លួនដោយយកច្បាប់ជាគោលការណ៍គ្រប់ជំហាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា អះអាងថា កម្ពុជាកំពុងអនុវត្តការងារដោយយកច្បាប់ជាគោល ក្នុងការផ្សព្វផ្សាយច្បាប់ជូនពលរដ្ឋ ធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹង ក្នុងគោលដៅទប់ស្កាត់បាតុភាពអសកម្ម អំពើពុករលួយ និងការរំលោភដោយអំណាច ដើម្បីបំរើពលរដ្ឋ និងបង្កើនជំនឿជឿជាក់មកលើរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។

រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន អះអាងថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គឺជាធ្វើជាភ្នែក ជាច្រមុះ និងជាត្រចៀក របស់រដ្ឋាភិបាល ក្នុងការ ការពារសុវត្ថិភាពសាធារណៈ ការពារសិទ្ធិមូលដ្ឋានពលរដ្ឋ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និងប្រជាពលរដ្ឋ ព្រមទាំងពង្រឹងតម្លាភាព អភិបាលកិច្ចល្អ និងនីតិរដ្ឋរបស់កម្ពុជា ផងដែរ។

អ្នកស្រី បញ្ជាក់ថា ការអនុវត្តនេះ គឺជាលក្ខខណ្ឌសំខាន់បំផុត ដើម្បីធានាឲ្យមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ និងយុត្តិធម៌សង្គម ជាពិសេសគឺឧត្តមប្រយោជន៍របស់សង្គមជាតិទាំងមូល ស្របតាមយុទ្ធសាស្រ្តចតុកោណដើម្បីទទួលបានជោគជ័យតាមផែនការរបស់រដ្ឋាភិបាលកម្ពុជា។

ការអះអាងនេះធ្វើឡើង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី០២             ខែកុម្ភៈ ឆ្នាំ២០២១នេះ។

មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សរបស់សមាគមន៍អាដុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា កន្លងមកមិនទាន់ឃើញមានស្ថាប័នរដ្ឋាភិបាលណាមួយហ៊ានចេញមុខប្រតិកម្មទៅនឹងការអនុវត្តច្បាប់លើលដែនកំណត់របស់នាយករដ្ឋមន្ត្រីកម្ពុជានៅឡើយទេ។ ប៉ុន្តែ លោកសូមស្វាគមន៍ចំពោះស្ថាប័នដែលមានសុឆន្ទៈចង់ពង្រឹងការអនុវត្តច្បាប់ឲ្យបានល្អ។ ជាងនេះទៅទៀត លោកមិនទាន់ដឹងថាតើ ការរួមចំណែកការងារក្នុងការចូលរួមជំរុញឲ្យមានការគោរពច្បាប់របស់ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានវិលាសភាពប៉ុណ្ណានោះទេ។

យ៉ាងណាក៏ដោយ មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ អំពាវនាវ ឲ្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលរួមឲ្យបានសកម្មក្នុងការជួយត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយនៃការអនុត្តច្បាប់ដែលមិនត្រឹមត្រូវកន្លងមករបស់រដ្ឋាភិបាល ដូចជាការចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស និងការចាប់ខ្លួនសកម្មជនបក្សប្រឆាំងដោយផ្អែកលើនិន្នាការនយោបាយជាដើម។

គិតពីដើមឆ្នាំ២០២០ មក សកម្មជនបរិស្ថាន សកម្មជនដីធ្លី និងព្រះសង្ឃ ព្រមទាំងសកម្មជនសិទ្ធិមនុស្សជាដើម ត្រូវអាជ្ញាធរកម្ពុជាចាប់ ខ្លួនប្រមាណជាង ៦០នាក់ហើយ តាមរយៈប្រព័ន្ធតុលាការក្រោមបញ្ជារបស់នាយករដ្ឋមន្ត្រី។ ដោយឡែក សកម្មជនបក្សប្រឆាំងប្រមាណជាង ១០០នាក់ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ ចែងថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹង សិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៨ មកម្លេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស