26 C
Phnom Penh

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអះអាងថា នឹងរៀបចំលក់ឥណទានកាបូននៅតំបន់ព្រៃឡង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រោមកិច្ចសហការល្អ រវាងក្រសួងបរិស្ថាន និងអង្គការ USAID នឹងរៀបចំដាក់លក់ឥណទានកាបូននៅតំបន់ព្រៃជម្រកសត្វ ព្រៃឡង់ ព្រមទាំងតំបន់ផ្សេងទៀត។

ព្រៃឡង់ ដែលគ្របដណ្តប់ទៅលើខេត្តចំនួន៤ រួមមានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង មានទំហំជាង៤៣ម៉ឺនហិកតារ ត្រូវបានរដ្ឋាភិបាលសម្រេចដាក់ជាព្រៃដែនជម្រកសត្វ ឬ ព្រៃអភិរក្សកាលពីខែឧសភា ឆ្នាំ២០១៦។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថាបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានសហការជាមួយអង្គការ USAID ព្រៃឡង់បៃតង ក្នុងការលក់ឥណទានកាបូននៅក្នុងតំបន់ព្រៃការពារក្នុងខេត្តស្ទឹងត្រែង។

កម្ពុជា បាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូន ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិនានា ដែលកម្ពុជាមាននៅសេសសល់បរិមាណច្រើន។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ធ្លាប់អះអាងថា ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនពីព្រៃឈើនៅតំបន់ការពារក្នុងភូមិភាគឦសាន្ត បានថវិកាចំនួនជាង ១១លានដុល្លារ។

ឥណទានកាបូនទាំងនោះ កម្ពុជាបានលក់ទៅឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមួយចំនួនដូចជាក្រុមហ៊ុន Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។

ជាមួយគ្នានេះ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»ផងដែរ។

ឥណទានកាបូន គឺជាឯកតាហិរញ្ញវត្ថុនៃការវាស់វែង តាងដោយការស្រូបយកឧស្ម័នផ្ទះកញ្ចក់ ដែលសមមូលឧស្ម័នកាបូនិក ចំនួន១តោនពីបរិយាកាស។

ទោះបីជាយ៉ាងនេះក្តី សកម្មជនការពារព្រៃឈើ និងប្រជាសហគមន៍ បានអះអាងថានៅក្នុងភូមិសាស្ត្រនៃតំបន់ព្រៃឡង់បច្ចុប្បន្ន នៅតែរងការកាប់បំផ្លាញព្រៃឈើពីសំណាក់ជនល្មើស ស្ទើរជារៀងរាល់ថ្ងៃ។

ពួកគាត់អះអាងទៀតថា សកម្មភាពកាប់ព្រៃឈើនៅតំបន់ព្រៃឡង់កាន់តែកក្រើកឡើងកាន់តែខ្លាំង ក្រោយពេលអាជ្ញាធរ និងមន្ត្រីជំនាញបានហាមឃាត់ប្រជាសហគមន៍ សកម្មជនការពារព្រៃឈើមិនឱ្យចុះល្បាតព្រៃឡង់ កាលពីដើមឆ្នាំ២០២០។

សកម្មជនព្រៃឈើយល់ឃើញថា ការហាមឃាត់ពួកគេមិនឱ្យចុះល្បាតគឺជាការសម្រួលឱ្យក្រុមជនល្មើសចូលកាប់ឈើបានដោយរលូន និងជាផ្លូវឈានទៅរកវិនាសសកម្មព្រៃឈើក្នុងតំបន់ព្រៃការពារមួយនេះតែម្តង។ 

មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថាន មានចំនួនប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា ឬស្មើនឹងជាង ៧លាន  ហិកតា៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស