27 C
Phnom Penh

លោក ស ខេង ទទួលស្គាល់ថាមានប៉ូលិសអគ្គិភ័យឆ្លៀតតថ្លៃជាមួយជនរងគ្រោះមុននឹងបាញ់ទឹកពន្លត់ភ្លើងឱ្យជនរងគ្រោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន ទទួលស្គាល់ថា មានប៉ូលិសអគ្គិភ័យមួយចំនួនបានឆ្លៀតឱកាសតថ្លៃជាមួយម្ចាស់ផ្ទះ ដែលជាជនរងគ្រោះ មុននឹងប្រត្តិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យជូនពួកគេ។

ថ្លែងក្នុងពិធីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២ខែកុម្ភៈនេះ លោក ស ខេង បានបញ្ជាទៅគណៈបញ្ជាការឯកភាព រាជធានី-ខេត្ត យកចិត្តទុកដាក់ពិនិត្យមើលករណីប៉ូលីសអគ្គិភ័យ ឆ្លៀតតថ្លៃជាមួយម្ចាស់ផ្ទះដែលរងគ្រោះ មុននឹងធ្វើប្រតិបត្តិការបាញ់ទឹកពន្លត់ភ្លើងឱ្យគេ។

ជាមួយគ្នានេះ លោកបានបញ្ជាទៅគណៈបញ្ជាការកងឯកភាពរាជធានី-ខេត្ត ទាំងអស់ ឱ្យពង្រឹងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវពិនិត្យ និងលុបបំបាត់ករណីមន្ត្រីពន្លត់អគ្គិភ័យទារប្រាក់ពីជនរងគ្រោះ ជាថ្នូរនឹងការបាញ់ទឹកពន្លត់អគ្គិភ័យ។

ការអះអាងនេះ ដោយលោកកត់សម្គាល់ឃើញមានករណីមន្ត្រីមួយចំនួនបានទៅដល់កន្លែងកើតហេតុហើយ តែមិនធ្វើសកម្មភាពបាញ់ពន្លត់អគ្គិភ័យភ្លាមៗនោះទេ តែបែរជានៅតថ្លៃជាមួយជនរងគ្រោះទៅវិញ។

លោក ស ខេង ក៏ប្រកាសទទួលស្គាល់ថា ករណីបែបនេះ គឺសមត្ថកិច្ច ឬ ប្រតិបត្តិករដែលជានគរបាល គឺខុសទាំងស្រុង ហើយលោកបញ្ជាឱ្យលុបបំបាត់ភាពអសកម្មនេះជាបន្ទាន់។

ករណីសមត្ថកិច្ចទារប្រាក់ពីជនរងគ្រោះនេះមិនមែនជារឿងថ្មីនោះឡើយ ត្បិតកន្លងមកក្រៅពីជនរងគ្រោះដោយអគ្គិភ័យដែលត្រូវការ សេវាបន្ទាន់ពីសមត្ថកិច្ចដែលមានការទារថ្លៃជាមុននោះ ក៏មានករណីផ្សេងៗទៀត ពិសេសករណីឆក់ ឬប្លន់ ដែលសមត្ថកិច្ចបង្ក្រាបបាន ក៏លេចឮព័ត៌មាននៃការទារប្រាក់ពីជនរងគ្រោះផងដែរ។

របាយការណ៍របស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ្រោះអគ្គិភ័យនៅក្នុងឆ្នាំ២០២០ បានកើតឡើងចំនួនជិត១ពាន់ករណី ដែលបណ្ដាលឱ្យមនុស្ស២៤នាក់ស្លាប់ និង៣៦នាក់ទៀតរងរបួស។ ករណីនេះមានការកើនឡើងចំនួន២២០ករណី បើធៀបនឹងឆ្នាំ២០១៩៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស