32.9 C
Phnom Penh

ប្រទេសប្រជាធិបតេយ្យនាំគ្នាថ្កោលទោសរដ្ឋប្រហារនៅភូមា ខណៈ ប្រទេសកុម្មុយនិស្ត និងផ្ដាច់ការ ចាត់ទុកជារឿងផ្ទៃក្នុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលឈ្នះឆ្នោត នៅភូមា បានកើតឡើងភ្លាម គេសង្កេតឃើញ ប្រទេសប្រជាធិបតេយ្យ បាននាំគ្នា ចេញសេចក្ដីថ្លែងការណ៍ ជាបន្តបន្ទាប់ ដោយថ្កោលទោស ពួកយោធា ដែលបានធ្វើរដ្ឋប្រហារ រំលាយរដ្ឋាភិបាលជាប់ឆ្នោត របស់ គណបក្សប្រជាធិបតេយ្យ មួយនៅប្រទេសភូមា។ នៅពេលដែលប្រទេសប្រជាធិបតេយ្យ កំពុងទម្លាក់ការថ្កោលទោស គឺប្រទេសកុម្មុនិស្ត និងប្រទេសស្ថិតក្រោមការដឹកនាំរបស់មេដឹកនាំផ្ដាច់ការ ទោះជាបានចេញសេចក្ដីថ្លែងការណ៍ ក៏មិនបានប្រើពាក្យពេចន៍ថ្កោលទោសឬ សោកស្ដាយនោះទេ គឺ គ្រាន់តែលើកឡើងថា ជារឿងក្នុងរបស់ប្រទេសភូមា។

សម្រាប់ប្រទេស ប្រជាធិបតេយ្យទាំងនោះ គឺពួកលោកខាងលិចសឹងតែទាំងអស់ បានចេញសេចក្ដីថ្លែងការណ៍ ប្រឆាំងនឹងរដ្ឋប្រហារនៅភូមា។ ប្រទេសទាំងនេះ ដឹកនាំប្រទេសប្រជាធិបតេយ្យជឿនលឿន មាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី ឥណ្ឌា ជប៉ុន ឥណ្ឌូនេស៊ី កោះតៃវ៉ាន់ ជាដើម។

ដោយឡែក ប្រទេសកុម្មុយនិស្តធំជាងគេ ក៏បានចេញសេចក្ដីថ្លែងការណ៍ដែរ។ រដ្ឋាភិបាលចិន បានអះអាងថា ចិនបានដឹងឮអំពីការធ្វើរដ្ឋប្រហារយោធា ដែលកើតឡើងនៅក្នុងប្រទេសភូមាកាលពីថ្ងៃចន្ទ។ ចិនសង្ឃឹមថា ភាគីទាំងអស់អាចដោះស្រាយការខ្វែងគំនិតគ្នា នៅក្រោមរដ្ឋធម្មនុញ្ញ សំដៅរក្សាឲ្យបាននូវស្ថិរភាព។

ចំពោះ ប្រទេសកុម្មុយនិស្តតូចៗ ដូចជា គុយបា កូរ៉េខាងជើង និងវៀតណាម ពុំទាន់ឃើញចេញសេចក្ដីថ្លែងការណ៍នៅឡើយទេ។

ដោយឡែកប្រទេសដែលកំពុងស្ថិតនៅក្រោមការដឹកនាំ ដែលក្រុមប្រឆាំងហៅថា ផ្ដាច់ការព្រោះតែមេដឹកនាំប្រទេសទាំងនោះ ឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារ ខ្លះតាមរយៈការបោះឆ្នោត ខ្លះកំចាត់គូប្រកួតនៅក្រៅ សង្វៀន បានត្រឹមតែហៅថាព្រឹត្តិការណ៍រដ្ឋប្រហារនៅភូមា ជាការផ្ទៃក្នុងរបស់ប្រទេសភូមា។

រដ្ឋាភិបាល ថៃ ដែលដឹកនាំដោយអតីត មេរដ្ឋប្រហារ ឆ្នាំ ២០១៤ គឺឧត្តមសេនីយប្រាយុទ្ធចាន់អូចា ត្បិតបានចេញសេចក្ដីថ្លែងការណ៍ក៏ពិតមែន តែចាត់ទុករដ្ឋប្រហារនៅភូមា ជាព្រឹត្តិការណ៍មួយក្នុងតំបន់ ហើយថា ប្រទេសដ៏ទៃមិនត្រូវលូកលាន់ រឿងនយោបាយនៅប្រទេស ភូមានោះទេ។

បែបណា ក៏ដោយ ព្រឹត្តិការណ៍រដ្ឋប្រហារ នៅប្រទេសភូមា គឺជារឿងឈឺចាប់បំផុតសម្រាប់ ប្រទេសប្រជាធិបតេយ្យ ដែលត្រូវមានវិធានការប្រឆាំងពួកយោធាភូមា។ ចំណែកកម្ពុជាក៏មិនមានប្រតិកម្ម អ្វីនៅនឹងរដ្ឋប្រហារយោធាភូមានេះទេ។

កាលពីថ្ងៃច័ន្ទលោក ហ៊ុន សែន លោកហ៊ុន សែន អះអាងថា លោកនឹងមិនធ្វើប្រតិកម្មណាមួយ អំពីរដ្ឋប្រហារយោធានៅប្រទេសភូមា ឬមីយ៉ាន់ម៉ា នោះទេ ដោយចាត់ទុកថានេះជា «កិច្ចការផ្ទៃក្នុង»។

ពីទីក្រុងញូវ យ៉ក អង្គការសហប្រជាជាតិ កំពុងព្រួយបារម្ភជាខ្លាំងការបែកបាក់ជាតិ នៅភូមា ព្រោះតែខ្លាចមានការផ្ទុះនូវអំពើហិង្សា ។

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អង្គការសហប្រជាជាតិ នឹងត្រូវកោះប្រជុំគ្នានៅអង្គារនេះ  ដើម្បីពិនិត្យ មើលអំពីស្ថានការណ៍នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយ នេះ។

អ្នកនាំពាក្យ អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយក្នុងសន្និសីទ សារព័ត៌មានមួយថា រឿងរ៉ាវទម្លាក់អំណាច គ្នានៅភូមា គឺជារឿងគ្រោះថ្នាក់មួយដ៏ព្រួយបារម្ភ តែរឿងមួយទៀត គឺជនជាតិរ៉ូហីងយ៉ានៅ តំបន់រ៉ាឃិន ជាង៦០ម៉ឺន នឹងប្រឈមការបង្រ្កាប ដោយពួកយោធាជាថ្មីទៀត ។

ពួកយោធាភូមាបានឡើងកាន់ អំណាច តាមរយៈការធ្វើរដ្ឋប្រហារ ដែលផ្ទុះចេញពីជម្លោះពាក់ព័ន្ធទៅនឹងលទ្ធផល ក្រោយការបោះឆ្នោតកាលពីឆ្នាំ២០២០។

អ្នកស្រី អ៊ុង សាន ស៊ូជី និងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សកាន់អំណាចរបស់អ្នកស្រី ដែលឈ្នះក្នុងការបោះឆ្នោតនោះត្រូវបានចាប់ឃុំខ្លួន។ អង្គការសហប្រជាជាតិក៏បានចេញការថ្កោលទោស ចំពោះការចាប់ឃុំខ្លួន មេដឹកនាំនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យផងដែរ។

ស្របពេលនេះ ប្រទេសព្រុយណេ ដែលឆ្នាំនេះ ជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានអំពាវនាវទៅកាន់ប្រទេសភូមា  អោយបើកកិច្ចសន្ទនា ការផ្សះផ្សាជាតិ និងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ។

តាមរយៈសេចក្តីថ្លែងការណ៍មួយ មួយ គឺប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានលើកឡើងថា«យើងសូមទទូចម្តងទៀតថា ស្ថិរភាពនយោបាយនៅក្នុងរដ្ឋជាសមាជិកអាស៊ាន គឺជាការចាំបាច់បំផុត ដើម្បីសម្រេចបាននូវសហគមន៍មួយ ដែលប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព»។

គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលត្រូវបានរងគ្រោះដោយរដ្ឋប្រហារ  នៅថ្ងៃអង្គារនេះក៏បានអំពាវនាវឱ្យពួកយោធា ដោះលែងមេដឹកនាំរបស់ខ្លួន ជាបន្ទាន់ ។ សម្រាប់ អ្នកស្រី អ៊ុង សានសូជីបានប្រកាស អោយប្រជាជនភូមា នាំគ្នាងើបឡើងប្រឆាំងពួកយោធា។

ទោះជាបែបណា ក៏ដោយក្រុមអ្នកសង្កេតការណ៍ខ្លះនិយាយថា ការទម្លាក់រដ្ឋាភិបាលស៊ីវិល នៅភូមា គឺជាការធ្វើការតេស្ត លើគោលនយោបាយការបរទេស របស់រដ្ឋការលោកបៃដិន ដែលត្រូវពិនិត្យមើលឡើងវិញ និងធ្វើឲ្យមានប្រសិទ្ធភាព នៅក្នុងការពង្រឹង ប្រជាធិបតេយ្យក្នុងតំបន់អាស៊ាន បើពុំនោះទេ វានឹងរបូតភូមា ទៅចិនជាថ្មីទៀត គឺប្រាកដណាស់ចិន មានប្រៀបជាងសហរដ្ឋអាមេរិក  នៅក្នុងតំបន់អាស៊ីអាគ្នេយ៌ ដែលចិនកំពុងវាតទីកាន់កាប់ទាំង ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងយោធា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស