29 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសង្គមថា លោក ហ៊ុន ម៉ាណែត គ្មានគោលជំហរខ្លួនឯងដើម្បីងាកចេញពីគន្លងនយោបា យរបស់ឪពុកឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលនិយាយថា លោកហ៊ុន ម៉ាណែត មិនមានសមត្ថភាព និងបេះដូងការពារផលប្រយោជន៍របស់កម្ពុជានោះទេ ព្រោះលោកអាចត្រឹមតែដើរតាមគន្លងនយោបាយចាស់របស់ឪពុកលោកតែ ប៉ុណ្ណោះ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោក ហ៊ុន ម៉ាណែត កំពុងអនុវត្តផែនការនយោបាយតម្កល់កម្ពុជាជាទំនិញក្នុងការដូរយកអំណាចតាមគន្លង របស់ឪពុកលោក គឺលោក ហ៊ុន សែន សុទ្ធសាធ។

លោកអះអាងថា ការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោករវាងលោក ហ៊ុន ម៉ាណែត និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម គឺគ្រាន់តែជាការហាត់រៀនអំពីនយោបាយក្មេងខ្ចី របស់ខ្លួនដែលជំនាញការ វៀតណាម បានបណ្តុះបណ្តាលកន្លងមក ដើម្បីបន្តអំណាចរបស់លោក ហ៊ុន សែន។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ អះអាងថា លោក ហ៊ុន ម៉ាណែត មិនអាចងាកចេញពីសេណារីយោនយោបាយឪពុករបស់លោកបានទេ គឺមានតែបម្រើផលប្រយោជន៍វៀតណាមតែប៉ុណ្ណោះ ព្រោះថា ពេលវៀតណាមឈ្លានពានមកបោះតង់ និងធ្វើសំណង់រឹងដោយរំលោភដែនអធិបតេយ្យកម្ពុជា ក្នុងឋានៈជាមេបញ្ជាការជើកគោករបស់ប្រទេស លោក ហ៊ុន ម៉ាណែត មិនបានប្រតិកម្មបន្តិចសោះឡើយចំពោះបញ្ហានេះ។

លោក ម៉ែន ណាត បញ្ជាក់ថា បើលោក ហ៊ុន ម៉ាណែត អាចបញ្ឈប់ការសម្បទាននានាទៅវៀតណាម ដែលលោក ហ៊ុន សែន បានធ្វើកន្លងមក នោះកម្ពុជាអាចមានពន្លឺរកបានអធិតេយ្យភាពរបស់ខ្លួន។

ប៉ុន្តែលោក អះអាងថា លោក ហ៊ុន ម៉ាណែត មិនអាចបញ្ឈប់បានទេ មានតែសម្បទានខ្លាំងជាងឪពុករបស់លោកទៀត ប្រសិនបើ លោកចង់កាន់កាប់អំណាចឲ្យបានរឹងមាំប្រហែលលោក ហ៊ុន សែន។

ការអះអាងនេះធ្វើឡើង បន្ទាប់ពី មេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជាលោក ហ៊ុន ម៉ាណែត  បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃសាធារណសង្គមនិយមវៀតណាម នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

អនុស្សារណៈនៃការយោគយល់ជាមួយវៀតណាមនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរ។

ជាងនេះទៀត ដើម្បីឲ្យប្រទេស កម្ពុជា-វៀតណាម ទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍យូរអង្វែងផងដែរ។

កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង១២៧០គីឡូម៉ែត្រ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤ បង្គោល ស្មើនឹង ៨៤%  ខណៈ១៦% ទៀតនៅមិនទាន់ឯកភាពគ្នានៅឡើយ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាលរដ្ឋការក្រុងហាណូយ លោក ង្វៀន សួនហ្វុក និងរដ្ឋាភិបាលក្រុងភ្នំពេញលោក ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ព្រំដែន ដែលនៅសេសសល់ចំនួន១៦% នោះ ដើម្បីប្រែក្លាយព្រំដែនកម្ពុជា-វៀតណាមឲ្យទៅជាព្រំដែនសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍឲ្យទាល់តែបាន។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន បានអួត ថា ក្រោមការបង្កើតខ្សែបន្ទាត់ព្រំដែនថ្មីដោយប្រើផែនទីខ្នាត ១/២៥.០០០ កម្ពុជាបានចំណេញដីពីខាងភាគីវៀតណាមដល់ទៅ ២០០០ ហិកតា ឯណោះ។

យ៉ាងណាក៏ដោយ រាល់បញ្ហានៃផលប៉ះពាល់ដីធ្លីនៅតាមព្រំដែនកម្ពុជា-វៀតណាម កម្រឃើញវៀតណាមស្រែកថាប៉ះពាល់ និងបាត់បង់ដីធ្លីណាស់នៅពេលបោះបង្គោលព្រំដែនម្តងៗ ប៉ុន្តែឃើញតែពលរដ្ឋខ្មែរស្រែកទ្រហោយំ បាត់បង់ដីស្រែចម្ការ និងផ្ទះសម្បែងរបស់ពួកគេ នៅតែភាគីទាំងពីរបោះបង្គោលតូចឬធំម្តងៗនោះ។

ប្រធានសហភាពសហជីពកម្ពុជា លោករ៉ុង ឈុន ក៏ត្រូវបានជាប់គុក កាលពីចុងខែកក្កដា ឆ្នាំ២០២០ ហើយលោកត្រូវបានតុលាការចោទប្រកាន់ពីបទបង្កភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ ព្រោះតែលោកឈឺឆ្អាលរឿងបញ្ហាព្រំដែននេះដែរ។

អ្នកហ៊ានរិះគន់រឿងព្រំដែនកម្ពុជា-វៀតណាម ពិសេសចោទប្រកាន់រដ្ឋាភិបាលថាក្បត់ជាតិ ត្រូវបានលោកហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនបន្ថែមទៀត បើទោះបីជារឿងនេះ ក្រុមអ្នកតាមដានសង្គមយល់ថាជារឿងជាតិទាំងអស់គ្នាក៏ដោយ ក៏លោកហ៊ុន សែន មិនផ្តល់ឱកាសឱ្យមានមតិរិះគន់ការដឹកនាំរបស់លោកនោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស