មន្ត្រីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិ អះអាងថា ការអនុញាតិឲ្យជនបរទេសចូលសញ្ជាតិមិនមែនជាបញ្ហានោះទេ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា តើច្បាប់អន្តោប្រវេសន៍របស់ប្រទេសនោះមានយន្តការរឹងមាំ និងត្រឹមត្រូវតាមស្តង់ដាអន្តរជាតិដែរឬក៏អត់។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា កម្ពុជាក៏អាចអនុវត្តច្បាប់អន្តប្រវេសឲ្យជនបរទេសចូលសញ្ជាតិរបស់ខ្លួនបានដែរ ប៉ុន្តែសូមពិនិត្យឲ្យច្បាស់ថាតើ ជនជាតិវៀតណាមដែលចូលសញ្ជាតិទាំងនោះមានឯកសារចូលមករស់នៅគ្រប់គ្រាន់ និងត្រឹមត្រូវតាមច្បាប់របស់កម្ពុជាដែរឬក៏អត់។
លោក បញ្ជាក់ថា ការផ្តល់សញ្ជាតិឲ្យជនបរទេសគឺពិតជាមិនខុសទេ ប៉ុន្តែ បើផ្តល់សញ្ជាតិឲ្យជនជាតិវៀតណាមដែលបានចូលមករស់នៅកម្ពុជាដោយខុសច្បាប់ ដោយមិនបញ្ជូនអ្នកទាំងនោះត្រឡប់ទៅប្រទេសវៀតណាមវិញទេ នោះគឺមានន័យថាកម្ពុជាព្រមទទួលយកការឈ្លានពានរបស់បរទេសថារឿងស្របច្បាប់ហើយ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ទំនាក់ទំនងកម្ពុជាវៀតណាមស្ថិតក្នុងប្រវត្តិរំលោភបំពានគ្រប់រូបភាព ដូច្នេះរដ្ឋាភិបាលកម្ពុជាត្រូវតែប្រុងប្រយ័ត្នជានិច្ចការបើកផ្លូវណាមួយដល់ប្រទេសវៀតណាម ព្រោះប្រជាពលរដ្ឋខ្មែរម្ចាស់ប្រទេសតែងមានការបារម្ភពីទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងខ្លាំង។ លើសពីនេះ បទពិសោធន៍ទំនាក់ទំនងកន្លងមកកម្ពុជាមានតែខាត មិនដែលស្មើភាពឬចំណេញអ្វីពីវៀតណាមសោះឡើយ។
ការអះអាងនេះ ធ្វើឡើងស្របពេលអគ្គកុងស៊ុលវៀតណាម បានបើកវគ្គសិក្សាភាសាខ្មែរ សម្រាប់ជនជាតិវៀតណាម នៅកម្ពុជាក្នុងខេត្តព្រះសីហនុបន្ថែមទៀត កាលពីចុង ខែមករា ឆ្នាំ២០២១ នេះ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ អគ្គកុងស៊ុលវៀតណាម លោក Vu Ngoc Ly បាន លើកឡើងថា វគ្គសិក្សានេះមាន គោលបំណង ផ្តល់ការគាំទ្រចាំបាច់ដល់ជនជាតិវៀតណាមដែលកំពុងរស់នៅកម្ពុជាឲ្យពួកគេអាចទទួលបានសញ្ជាតិកម្ពុជាពេញលេញ។
អគ្គកុងស៊ុលរូបនេះ បញ្ជាក់ថា ការធ្វើបែបនេះគឺជាការចូលរួមវិភាគទាន ជាវិជ្ជមានដល់ប្រទេសកម្ពុជា ក៏ដូចជាការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។ យ៉ាងណាក៏ដោយ វគ្គសិក្សានេះមានរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ គឺចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។
លោក Vu Ngoc Ly អះអាងថា ប្រសិនបើទទួល បានជោគជ័យ វគ្គសិក្សាគំរូនេះ នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងសហគមន៍វៀតណាមនៅភាគនិរតីនៃប្រទេសកម្ពុជា ព្រមទាំងពង្រីកវិសាលភាពឲ្យបានទូទាំងប្រទេសផងដែរ។
យ៉ាងណាក៏ដោយប្រធានគណៈកម្មការ ប្រតិបត្តិនៃ សមាគមខ្មែរ-វៀតណាម លោក សុខ ជា ជឿជាក់ថា សប្បុរសជន នឹងរួមដៃគ្នា ដើម្បីបន្ត បើកវគ្គសិក្សា បន្ថែមទៀត។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ អគ្គកុងស៊ុលវៀតណាម លោក Vu Ngoc Ly អះអាងថា លោកទទួលបានជោគជ័យក្នុងការបើកវគ្គសិក្សាស្រដៀងគ្នានេះ នៅ ខេត្តកំពត ផងដែរ។ លើសពីនេះ ខេត្តដែលធ្លាប់បើកវគ្គសិក្សានេះ រួមមាន ព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ ត្រូវបានខេត្ត តាកែវ ជាខេត្តដែលនៅជាប់ព្រំប្រទល់ប្រទេស វៀតណាមស្រាប់។
ក្រុមអ្នកឃ្លាំមើលសង្គម ឲ្យដឹងថា វៀតណាមអាចនឹងបើកយុទ្ធការចូលសញ្ជាតិខ្មែរជាទ្រង់ទ្រាយធំក្រោមរដ្ឋាភិបាលកម្ពុជាផ្តល់បណ្ណ័ស្នាក់នៅអចិន្រ្តៃយ៍ដល់ជនអន្តោប្រវេសន៍វៀតណាមជាង ៨ម៉ឺននាក់ កាលពីឆ្នាំ២០២០ កន្លងមកនេះ។
ពួកគេថា ជាការពិតក្នុងចំណោមជនជាតិវៀតណាមទាំង ៨ម៉ឺននាក់ នោះ ភាគច្រើនជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលរដ្ឋាភិបាលមានកាតព្វកិច្ចត្រូវបញ្ជូនពួកគេទៅប្រទេសវៀតណាមវិញ។
ក្រុមអ្នកសង្កេតការណ៍ខ្លះអះអាងថា ក្នុងចំណោមជនជាតិវៀតណាមជាង៨ម៉ឺននាក់ នៅកម្ពុជា មានជនជាតិវៀតណាមជាង ៦ម៉ឺននាក់ដែលកាន់កាប់ឯកសារខុសច្បាប់ ដូចជាអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ សៀវភៅគ្រួសារ លិខិតឆ្លងដែនជាដើម។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ លោក ហ៊ុន សែន បានចុះហត្ថលេខា លើសារាចរណែនាំស្តីពីការអនុវត្តគោលនយោបាយចំពោះអាណិជជនវៀតណាមនៅកម្ពុជា ដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ដីធ្លី ទីជម្រក ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ឲ្យបានត្រឹមត្រូវ៕