នយោបាយ

លោក រ៉ុង ឈុន ហៅការចាប់ និងឃុំខ្លួនលោក ជាដើមហេតុធ្វើឱ្យស្អុយឈ្មោះរដ្ឋាភិបាល

By ឌឹ ខេមបូឌា ដេលី

February 05, 2021

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានអះអាងនៅក្នុងពេលសវនាការ  នៅថ្ងៃនេះថា ដើមចមដែលធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ស្អុយឈ្មោះ និងប៉ះពាល់ដល់កេរិ៍្តឈ្មោះលោកហ៊ុន សែននោះ គឺការចាប់ខ្លួនលោក ពុំមែនដោយសារសេចក្តីថ្លែងការណ៍របស់លោករឿងបញ្ហាដីធ្លី នៅព្រំដែនកម្ពុជា វៀតណាមនោះទេ។

ការអះអាងនេះ ធ្វើឡើងនៅពេលសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ខែកុម្ភៈនេះ  បានបន្តបើកសវនាការសំណុំរឿងរបស់តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន  កញ្ញា ស កនិ្នកា  និងលោក តុន និមល ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម»។

ក្នុងបន្ទប់សវនាការនោះ មេធាវីការពារឱ្យរដ្ឋាភិបាលលោក ឈិន បូរ៉ាវុធ បានសួរទៅលោក រ៉ុង ឈុន ថា ហេតុអ្វីបានជាលោកធ្វើសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងរឿងព្រំដែន?

មេធាវីដដែល បានចាត់ទុកការចេញសេចក្ដីថ្លែងការណ៍របស់ លោក រ៉ុងឈុន នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២០ថា បានធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរដល់កេរ្ត៍ឈ្មោះរដ្ឋាភិបាល។

ឈរក្នុងរង្វង់ក្រចកសេះ ពាក់ខោអាវស្លាទុំ និងមានទឹកមុខរឹងមាំផង  អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប មកពីគណបក្សសង្រ្គោះជាតិ លោក រ៉ុង ឈុន បានឆ្លើយ ទៅកាន់មេធាវីរបស់រដ្ឋាភិបាលថា លោកគ្មានគោលបំណងទៅមើល ឬនិយាយរឿងព្រំដែនទេ។ ប៉ុន្តែពលរដ្ឋបានប្រាប់លោកថា ដើមចមនៃវិវាទដីធ្លីរបស់ពួកគាត់ ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនដែលធ្វើឱ្យបាត់បង់ដីធ្លី ហើយប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ 

តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ បញ្ជាក់នៅក្នុងបន្ទប់សវនាការថា  សេចក្ដីថ្លែងការណ៍របស់គាត់មិនធ្វើឱ្យប៉ះពាល់កេរ្ត៍ឈ្មោះលោក ហ៊ុន សែន នោះទេ ប៉ុន្តែការចាប់ឃុំខ្លួនលោកទៅវិញទេ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។

លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីចុងខែកក្កដា ឆ្នាំ២០២០ ដោយចោទប្រកាន់លោកពីបទញុះញង់ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ បន្ទាប់ពីប្រធានសហជីពរូបនេះ បានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។

ក្រោយការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា ឆ្នាំ២០២០ លោកហ៊ុន សែន អះអាងថាលោកជាអ្នកបញ្ជាឱ្យចាប់ខ្លួន លោក រ៉ុង ឈុន និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ក្រោយពេលអ្នកនយោបាយរូបនេះបានធ្វើសកម្មភាពទាមទារឱ្យដោះលែងលោក រ៉ុងឈុន និងបានអត្ថាធិប្បាយរឿងព្រំដែន តំបន់ដែលនាំឱ្យមានការចាប់ខ្លួនលោក រ៉ុង ឈុន នោះ។

លោក ហ៊ុន សែន អះអាងថានឹងមានការចាប់ខ្លួនអ្នករិះគន់រដ្ឋាភិបាលលោក រឿង ព្រំដែនបន្ថែមទៀត ពិសេសនឹងចាប់ខ្លួននរណាដែលចោទប្រកាន់រដ្ឋាភិបាលលោកអំពីរឿងក្បត់ជាតិ ព្រោះធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ទៅលើដៃវៀតណាមទៀតនោះ។

ទោះបីយ៉ាងណាក៏ដោយ ទាំងអង្គការជាតិ និងអន្តរជាតិ បានទាមទារឱ្យដោះលែងលោករ៉ុង ឈុន សកម្មជនបក្សប្រឆាំង និងសកម្មជសិទ្ធិមនុស្ស ព្រមទាំងបរិស្ថានផ្សេងទៀត ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ព្រោះជាប់ពាក់ព័ន្ធនឹងការទាមទារឱ្យដោះលែង លោក រ៉ុង ឈុន និងចោទប្រកាន់រឿងញុះញង់ដូចគ្នានេះដែរ។

កាលពីខែកញ្ញា ឆ្នាំ២០២០ សង្គមស៊ីវិលជិត៤០ស្ថាប័ន ស្នើឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ការប្រើប្រាស់បទចោទ ញុះញង់ បន្តទៀត ព្រោះបទចោទនេះនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋនៅកម្ពុជា ព្រមទាំងដើរផ្ទុយពីគោលការណ៍ជាតិ និងអន្តរជាតិផងដែរ៕