31 C
Phnom Penh

តំណាងចិននៅអង្គការសហប្រជាជាតិ ឃាឃាងបានសម្រេចមិនអោយថ្កោលទោស រដ្ឋប្រហារនៅភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋប្រហាររបស់ពួកយោធាភូមាដែលបាន ផ្ដួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតនៃគណបក្សសម្ព័ន្ធជាតិ ប្រជាធិបតេយ្យ ដឹកនាំដោយអ្នកស្រី អ៊ុងសានសូជី បានក្លាយជារបៀបវារៈ តានតឹងនៅឯអង្គការសហប្រជាជាតិ ។

កាលពីថ្ងៃទី២ ខែកុម្ភៈ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ បានប្រព្រឹត្តទៅដើម្បីពិនិត្យមើល ស្ថានការណ៍ក្រោយរដ្ឋប្រហារ និងការត្រៀម ឲ្យមានដំណោះស្រាយ ដើម្បីជួយអោយរដ្ឋាភិបាល ជាប់ឆ្នោតរស់ឡើងវិញ។ ប៉ុន្តែពុំអាចទៅរួចនោះទេ ព្រោះតំណាងប្រទេសចិន បានឃាឃាំងការចេញសេចក្ដីថ្លែងការណ៍រួម ថ្កោលទោស រដ្ឋប្រហាររបស់ពួកយោធា។

បណ្ដាញផ្សាយព័ត៌មាន BBC បានធ្វើសេចក្ដីរាយការណ៍នៅថ្ងៃទី៣ ខែកុម្ភៈ នេះថា ក្រុមប្រឹក្សាសន្តិសុខ ១៥ប្រទេស ក្នុងនោះ បូកទាំង ប្រទេសមហាអំណាចចំនួនប្រាំ។ ប្រទេសមហាអំណាចទាំងនោះ មាន អាមេរិក ចិន អង់គ្លេស រុស្ស៊ី និងបារាំង។

កិច្ចប្រជុំដើម្បីពិនិត្យស្ថានការណ៍រដ្ឋប្រហារនៅ ប្រទេសភូមាពិតជាបានប្រព្រឹត្តទៅកាលពីអង្គារទី២ ខែកុម្ភៈ គឺមួយថ្ងៃបន្ទាប់ពីរដ្ឋប្រហារ របស់ពួកយោធាភូមាបានផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោត ដោយចាប់ខ្លួនមេដឹកនាំ កំពូលរបស់ប្រទេស គឺអ្នកស្រីអ៊ុងសានសូជី និងប្រធានាធិបតី រួមទាំងសមាជិកសភា ទើបជាប់ឆ្នោតរាប់រយ នាក់នៃ គណបក្សសម្ព័ន្ធជាតិ ប្រជាធិបតេយ្យ។

កិច្ចប្រជុំនោះ ទោះជាបានប្រព្រឹត្តទៅក៏ពិតមែន ប៉ុន្តែមិនបានសម្រេចអ្វីឡើយ ក្នុងគោលបំណងដាក់ទម្ងន់ទោសទៅលើ ពួកយោធា ដោយសារតែ តំណាងប្រទេសចិនជំទាស់ ហើយតំណាងប្រទេសរុស្ស៊ី ក៏គាំទ្រចិនផង ដែរ។

នៅមុនការប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ  ប្រេសិតពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រទេសភូមា អ្នកស្រី Christine Schraner បានហៅព្រឹត្តិការណ៍រដ្ឋប្រហារនៅភូមា គឺជាហេតុការណ៍ដ៏អាក្រក់។  អ្នកស្រី បានថ្កោលទោសពួកយោធាភូមា ហើយថារដ្ឋប្រហារនេះ ស្ដែងអោយឃើញថាពួកយោធា មិនអាចទទួលស្គាល់លទ្ធផលបោះឆ្នោតសភា កាលពីខែវិច្ឆិកា នោះទេព្រោះលទ្ធផលនោះ គឺជាជោគជ័យ ភ្លូកទឹកភ្លូកដីរបស់ អ្នកស្រីអ៊ុងសានសូជី។

ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី ពួកយោធាបានប្រកាស ដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំ ហើយប្រកាស ផ្ទេរអំណាច ទៅឱ្យអគ្គមេបញ្ជាការយោធាឧត្តមសេនីយ៍ Min Aung Hlaing  ហើយបានសន្យាថានឹងរៀបចំការបោះឆ្នោតឡើងវិញប្រកបដោយយុត្តិធម៌។

ប៉ុន្តែ ពុំមានការទុកចិត្តថាពួកយោធា នឹងរៀបចំអោយមានការបោះឆ្នោត មានលក្ខណៈប្រជាធិបតេយ្យនោះឡើយ គឺមានតែនាំប្រទេស ធ្លាក់ក្នុងរបប យោធានិយមថែមទៀត ព្រោះវាអាចជាការទាញកម្លាំងភូមិសាស្ត្រនយោបាយ ហែកជាពីរ គឺមួយគោលការប្រជាធិបតេយ្យ និងមួយទៀត អាចទាញទៅក្រោមឥទិ្ធពលចិន គឺដូចការវិភាគរបស់អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន Yasuhide Nakayama។

លោក Nakayama បានធ្វើវិភាគ ដូចនេះជា ជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន Reuters ។

តាមលោក Nakayama គឺបណ្ដាប្រទេសប្រជាធិបតេយ្យពិភពលោកបានធ្លាក់ដល់ចំណុចគ្រោះថ្នាក់ហើយ ព្រោះប្រទេសភូមានឹងធ្លាក់ក្នុង កណ្ដាប់ដៃប្រទេសចិន ព្រោះឧត្តមសេនីយ ដឹកនាំរដ្ឋប្រហារ ជាមេទ័ពដែលមានអំណាចខ្លាំង  ជាឧត្តមសេនីយ ចង់ប្រែក្លាយជាប្រធានាធិបតី ភូមាតាមការញាក់ពីក្រោយ ។

លោក Nakayama បានសង្កត់ធ្ងន់ថា ៖ «បើសិនជា យើងមិនអាចដោះស្រាយបញ្ហានេះបានល្អទេ នោះមីយ៉ាន់ម៉ា ឬភូមា នឹងកាន់តែឃ្លាតឆ្ងាយពីនយោយបាយប្រជាធិបតេយ្យសេរី ដោយពួកគេនឹងទៅចូលរួមជាមួយបក្សសម្ព័ន្ធ របស់ចិន ហើយបើសិនជាជប៉ុន លុបចោល ឬផ្អាកកម្មវិធីភាពជាដៃគូជាមួយយោធាភូមា នោះចិនអាចកេងចំណេញពង្រីកឥទ្ធិពលបន្ថែម ដែលលោកថា អាចនឹងបំផ្លាញ សន្តិសុខនៅក្នុងតំបន់អាស៊ានទាំងមូល។

សម្រាប់ជប៉ុនគឺជា ប្រទេសផ្ដល់ជំនួយដ៏ធំ ហើយមានចំណងទាក់ទងរឹងមាំជាខ្លាំងជាមួយនឹងរដ្ឋាភិបាល របស់លោកស្រីអោងសានសូជី។ប្រទេសជប៉ុន បានហៅការធ្វើរដ្ឋប្រហារ នៅភូមា គឺជារឿងដ៏ឈឺចាប់បំផុត ចំពោះ ប្រជាធិបតេយ្យក្មេងខ្ចីនៅភូមា។ ប្រទេសនេះបានទាមទារអោយ ស្ដារដ្ឋាភិបាលស៊ីវិល ជាបន្ទាន់ ។

អនុរដ្ឋមន្ត្រី Nakayama បានកត់សំគាល់ថា រដ្ឋប្រហារនៅភូមា កើតឡើងក្រោយសភាប្រជាជនចិន អនុម័ត ច្បាប់សមុទ្រ ដែលបើកភ្លើងខៀវអោយ នាវា ចម្បាំង នាវាល្បាតរបស់ចិនមានសិទ្ធបាញ់ នាវា ឬ ទូកនេសាទណា ដែលបើកចូលដែនទឹកប្រទេសចិននៅសមុទ្រចិនខាងត្បូង។

ការប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិដើម្បីចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោស រដ្ឋប្រហារនៅភូមា ដែលមិនអាចទៅរូចនេះ នាំអោយមានការចោទសួរអំពី ប្រទេសចិន មានអ្វីនៅពីក្រោយរដ្ឋប្រហាររបស់ពួកយោធាភូមា។

គេនៅចាំបានថា នៅមុនរដ្ឋប្រហារកើតឡើង លោក វ៉ាង យីរដ្ឋមន្ត្រីការបរទេសចិន  បានមកធ្វើទស្សនសកិច្ច នៅប្រទេសភូមា ។ ក្នុងប្រទេសភូមា លោកវ៉ាង យី បានជាមួយ មេបញ្ជាការយោធាភូមាឧត្តមសេនីយ៍ Min Aung Hlaing  ដែលវត្តមាន រដ្ឋមន្ត្រីចិនរូបនេះ បាននាំអោយមានការចោទសួរថា ចិននៅពីក្រោយរដ្ឋប្រហាររបស់ពួកយោធាភូមាដែរទេ។ បែបណា ក៏ដោយ អំណាចទាំងអស់នៅភូមាកំពុងធ្លាក់ក្នុងកណ្ដាប់ដៃ ឧត្តមសេនីយ៍ Min Aung Hlaing ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស