34 C
Phnom Penh

មន្ត្រីសង្គមស៊ីវិលស្វាគមន៍វ៉ាក់សាំងដែលកម្ពុជានឹងទទួល ប៉ុន្តែ រដ្ឋាភិបាលត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ អះអាងថា លោកស្វាគមន៍ចំពោះវ៉ាក់សាំងដែលរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរក ដើម្បីចាក់ជូនពលរដ្ឋខ្មែរការពាជំងឺកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរចំពោះបញ្ហានេះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ ខែកុម្ភៈ នេះថា លោក ហាក់មានការស្ទាក់ស្ទើរផងដែរ ចំពោះវ៉ាក់ប្រឆាំងមេរោគកូវីដ១៩ដែលនឹងមកដល់កម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ ព្រោះលោកមិនទាន់ដឹងថាតើវ៉ាក់សាំងនេះមានប្រសិទ្ធភាព និងផលប៉ះពាល់យ៉ាងណានោះទេ។

លោកថា លោកមិនសំដៅដល់តែវ៉ាក់សាំង របស់ចិនតែមួយមុខនោះទេ ទោះវ៉ាក់សាំងប្រទេសណាក៏ត្រូវតែមានការប្រុងប្រយ័ត្នដូចគ្នាដែរ ព្រោះអង្គការសុខភាពពិភពលោកក៏មិនទាន់ហ៊ានប្រកាសទទួលស្គាល់ជាផ្លូវការនៅឡើយទេ។ 

លោកបន្តថា បើទោះជាវ៉ាក់សាំងទាំងនោះបានចរាចរណ៍បណ្តើរៗទៅហើយក្តី ប៉ុន្តែគេនៅមិនទាន់បង្ហាញអំពីការ កំណត់ជាក់លាក់ណាមួយថាវ៉ាក់សាំងនោះ អាចប្រើបានលើមនុស្សមានវ័យប៉ុណ្ណា ឬមានសុខភាពដូចម្តេចនោះឡើយ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានអនុញាតិឲ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ របស់ចិនដែលនឹងមកដល់កម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញលិខិតអនុញាតិឲ្យកម្ពុជាប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាម ប្រឆាំងមេរោគកូវីដ១៩ របស់ប្រទេសចិនដែលផលិតដោយ វិទ្យាស្ថាន Beijing Institute of Biological Products Co, Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ម៉ម ប៊ុនហេង អះអាងថា រដ្ឋាភិបាលចិននឹងដឹកជញ្ជូនវ៉ាក់សាំង ស៊ីណូហ្វាម មកដល់កម្ពុជាលើកដំបូង នៅចុងសប្ដាហ៍នេះ ចំនួន៦០ម៉ឺនដូស ខណៈ កម្ពុជាបានរៀបចំកន្លែងទុកវ៉ាក់សាំងទាំងនោះរួចជាស្រេចហើយ ដើម្បីទទួលវ៉ាក់សាំងលើកដំបូងនេះ។

លោកថា វ៉ាក់សាំងនេះ នឹងចូលរួមចំណែកការពារជំងឺកូវីដ១៩ រួមជាមួយវិធានការនានា របស់ក្រសួងសុខាភិបាលផងដែរ។

កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងថា កម្ពុជានឹងត្រៀមបម្រុងវ៉ាក់សាំងចំនួនប្រមាណ ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋជាង ១០លាននាក់ ដោយមិនគិតថ្លៃ។

យ៉ាងណាក៏ដោយ លោក មឿន តុលា សំណូមពរដល់រដ្ឋាភិបាលត្រូវធ្វើការពិសោធន៍តាមបែបវិជ្ជសាស្ត្រណាមួយ ដើម្បីសិក្សាពីប្រសិទ្ធភាព និងផលប៉ះពាល់នៃវ៉ាក់សាំងពីប្រទេសចិនជាមុនសិន មុននឹងចាក់ជូនពលរដ្ឋ ព្រោះថាបើមានការថ្លោះធ្លោយណាមួយកើតឡើងវានឹងបង្ករការលំបាកដល់រដ្ឋាភិបាលខ្លួនឯងកាន់តែខ្លាំង ហើយធ្ងន់ធ្ងរជាងនេះទៀតនោះ គឺធ្វើឲ្យបាត់បង់អាយុជីវិតពលរដ្ឋតែម្តង។

គិតមកដល់ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន៤៦៧នាក់។  ក្នុងនោះអ្នកជំងឺដែលព្យាបាលជាសះស្បើយចំនួន៤៥១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន១៦នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស