មន្រ្តីជាន់ខ្ពស់តុលាការក្រុងភ្នំពេញ បានច្រានចោលសំណើររបស់សហមេធាវីការក្តីឱ្យប្រធានគណបក្សសង្រ្គោះជាតិ ដែលស្នើឱ្យបន្ត សវនាការសំណុំរឿងមេបក្សប្រឆាំងលោក កឹម សុខា ឡើងវិញ ក្រោយពេលខកខានដំណើរការអស់រយៈពេលជិត១ឆ្នាំ។
តុលាការក្រុងភ្នំពេញបញ្ជាក់ថា សំណុំរឿងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនទាន់អាចដាក់កម្មវិធីសវនាការបាននៅឡើយទេ ព្រោះស្ថានភាពជំងឺកូវីដ១៩ នៅធ្ងន់ធ្ងរ និងមិនទាន់ច្បាស់លាស់នៅឡើយ។
ការអះអាងនេះ ធ្វើឡើងតាមរយៈលិខិតរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដែលឆ្លើយតបទៅនឹងសំណើរសុំបន្តសវនាការឡើងវិញរបស់សហមេធាវីការពារក្តីរបស់អតីតមេបក្សប្រឆាំង លោក កឹម សុខា កាលពីខែមករា ឆ្នាំ២០២១ នេះ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ អះអាងថា សវនាការរបស់លោក កឹម សុខា មិនទាន់អាចបន្តដាក់កម្មវិធីនាពេលនេះបាននៅឡើយទេ ដោយមូលហេតុថា ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅតែមានស្ថានភាពធ្ងន់ធ្ងរជាសកល និងមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
លោក កូយ សៅ បញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញកំពុងតែមមាញឹកនៅក្នុងចំណាត់ការសំណុំរឿងព្រហ្មទណ្ឌដែលមានជនត្រូវចោទ ឬជនជាប់ចោទ យ៉ាងចង្អៀតក្នុងពន្ធនាគារ។ លោកថា ករណីនេះ ជាបញ្ហាប្រឈមដែលត្រូវចូលរួមឲ្យបានសកម្មនៅក្នុងយុទ្ធនាការនៃការដោះស្រាយសំណុំរឿងកកស្ទះ ដែលត្រូវដាក់ជូនក្រសួងយុត្តិធម៌ឲ្យបានទាន់ពេលវេលា។
លោក កូយ សៅ បញ្ជាក់ថា ដើម្បីដំណើរការសំណុំរឿងរបស់លោក កឹម សុខា ឡើងវិញបាន ក្រុមប្រឹក្សាជំនុំជម្រះត្រូវពិនិត្យ និងពិចារណាគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីធានានូវសិទ្ធិ និងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធស្របតាមនីតិវិធីច្បាប់ ព្រមទាំងវេលាសមស្របផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលខ្លះនិយាយថា ការលើកហេតុផលរបស់តុលាការជុំវិញការពន្យាពេលបើកសវនាការករណីលោក កឹម សុខា ដោយយកលេសថា គ្រប់គ្រងបញ្ហាកូវីដ មិនទាន់បាន ប៉ុន្តែបែជាតុលាការពន្លឿនសវនាការលើករណីផ្សេងៗជាច្រើនទៅវិញ។ អ្នករិះគន់ខ្លះ បានចោទជាសំណួរ ថា តើហេតុអ្វីបានជាតុលាការអាចគ្រប់គ្រងបញ្ហាកូវីដ ចំពោះការបើកសវនាលើករណី ផ្សេងៗបាន ប៉ុន្តែមិនអាចគ្រប់គ្រងបញ្ហាកូវីដ ចំពោះការបើកសវនាករណីលោក កឹម សុខ ទៅវិញ?
គណៈកម្មាធិការនាយកគណបក្សប្រជាធិ តេយ្យមូលដ្ឋាន GDP បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការពន្យាពេលសវការកាត់ក្តីសំណុំរឿងលោក កឹម សុខា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពរបស់មេបក្សប្រឆាំងរូបនេះ ជាពិសេស គឺសិទ្ធិនយោបាយរបស់លោកតែម្តង។
លោកបន្តថា បញ្ហានេះ ក៏បង្ហាញឲ្យឃើញយ៉ាងច្បាស់ផងដែរ អំពីប្រព័ន្ធតុលាការមួយដែលទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីសម្ពាធនយោបាយរបស់កម្ពុជា។ ជាងនេះទៀត ឥទ្ធិពលដ៏ខ្លាំងក្លានេះ ក៏បានជះផលអាក្រក់ផងដែរ ដល់ការដកប្រព័ន្ធអនុគ្រោះព័ន្ធ EBA របស់សហភាពអឺរ៉ុប មកលើកម្ពុជា។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សហមេធាវីការពារក្តីលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៥២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ របស់ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានសុំបន្តសវនាការឡើងវិញ ប៉ុន្តែត្រូវតុលាការក្រុងភ្នំពេញបដិសេធទាំង ស្រុង។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទ គប់គិតជាមួយបរទេស និងត្រូវឃុំខ្លួននៅមន្ទីរឃុំឃាំត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាមប្រមាណ១ឆ្នាំ។
បន្ទាប់ពីជាប់ឃុំក្នុងផ្ទះលោកជិត១ឆ្នាំទៀត បច្ចុប្បន្ននេះ លោក កឹម សុខា ត្រូវបានតុលាការផ្តល់សេរីភាពដើរហើរច្រើនជាងមុនក៏ពិតមែន ប៉ុន្តែលោកត្រូវស្ថិតក្នុងការត្រួតពនិត្យរបស់តុលាការជាប្រចាំ ជាពិសេសសិទ្ធិនយោបាយ និងការចាកចេញទៅក្រៅប្រទេសគឺត្រូវហាមដាច់ខាត។
កាលពីថ្ងៃទី៣ ខែកុម្ភៈ សហមេធាវីរបស់លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បានសរសេរលើទំព័រហ្វេសប៊ុករបស់អ្នកស្រីថា សហមេធាវីរបស់លោក កឹម សុខា ក្នុងការការពារកូនក្តី ក៏ដូចជាការចូលរួមលើកស្ទួយប្រព័ន្ធយុត្តិធម៌របស់សហមេធាវី បាននាំគ្នាដាក់សំណើរសុំបន្តសវនាការ ៣លើក រួចមកហើយ ដែលជាបេសកម្មស្វែងរកយុត្តិធម៌សំរាប់កូនក្តីរបស់ខ្លួន តែនៅមិនទាន់ទទួលបានលទ្ធផលជាវិជ្ជមាននៅឡើយ។
ចំណែក សហមេធាវីរបស់លោក កឹម សុខា មួយរូបទៀត លោក ផែង ហេង អះអាងថា នៅកម្ពុជាស្ថាប័ននយោបាយគឺពិតជាមានឥទ្ធិពលលើប្រព័ន្ធតុលាការខ្លាំង ជាពិសេសរឿងក្តីណាដែលមានលក្ខណៈនយោបាយតែម្តង។
យ៉ាងណាក៏ដោយប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បានបង្ហើបមុនតុលាការហើយថា សំណុំរឿងលោកកឹម សុខា នេះ នឹងបញ្ចប់រហូតដល់ឆ្នាំ២០២៤ ពោលគឺក្រោយការបោះឆ្នោតក្រុមប្រក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងបោះឆ្នោតជាតិឆ្នាំ២០២៣រួចរាល់សិន៕