មន្ត្រីខ្ពស់គណបក្សប្រជាធិបេតយ្យមូលដ្ឋាន GDP ប្រតិកម្មថា ហានិភ័យធំសម្រាប់កម្ពុជា គឺការអាចបាត់បង់អធិបតេយ្យភាពជាតិ ដែលត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ឬក្លាយជាប្រទេស អាយ៉ងរបស់ចិន។ ប៉ុន្តែការប្រកួតប្រជែងគ្នារវាងវៀតណាម និងចិនបង្កឲ្យមាន ទាំងហានិភ័យ និងឱកាសសម្រាប់កម្ពុជា។
គណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ប្រទេសវៀតណាមមានមហិច្ឆិតាចង់គ្រប់គ្រង ហើយបើអាច គឺលេបត្របាក់កម្ពុជាតែម្តង។ ដោយឡែក ប្រទេសចិនមាននយោបាយច្បាស់លាស់ចំពោះកម្ពុជា គឺទប់ទល់កុំឲ្យវៀតណាមយកកម្ពុជាបាន ពីព្រោះ កម្ពុជាមានផលប្រយោជន៍សម្រាប់ភូមិសាស្រ្តនយោបាយរបស់ពួកគេ។
លោក អះអាងថា ការប្រកួតប្រជែងរវាងចិននិងវៀតណាម ក៏ផ្តល់ឱកាសឲ្យកម្ពុជាផងដែរ ក្នុងការកាច់ចង្កូតប្រទេសទៅកសាងអធិបតេយ្យភាពរបស់ខ្លួនជាមួយភាពរុងរឿងសម្បូរសប្បាយ ដោយអាចចងសម្ព័ន្ធភាពជាមួយចិន ជាមិត្តល្អ ដែលចិនគោរពស្រឡាញ់ និងឲ្យតម្លៃ ហើយពុំមាននយោបាយចងអាឃាតជាមួយកម្ពុជា។
បណ្ឌិត សាម អ៊ីន បញ្ជាក់ថា កម្ពុជាអាចរក្សាអធិបតេយ្យខ្លួនបាន លុះត្រាតែកម្ពុជាមានគោលនយោបាយបង្រួបបង្រួមផ្ទៃក្នុងជាតិ តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានការចូលរួម គាំទ្រ ពីមហាអំណាចលោកសេរី និងអនុវត្តនយោបាយការបរទេស ទាំងមហាអំណាចក្នុងតំបន់ និងមហាអំណាចពិភពលោកអាចទទួលយកបាន។
ការអះអាងនេះ ធ្វើឡើងស្របពេលប្រមុខរដ្ឋាភិបាលកម្ពុជាបានផ្ញើរលិខិតអបអរសាទរអគ្គលេខាធិការមជ្ឈឹមបក្ស នៃគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិសវៀតណាម លោក ង្វៀន ហ្វូចុង ដែលបានជាប់ឆ្នោតសាជាថ្មី ជាអគ្គលេខាធិការមជ្ឈឹមបក្សនៃបក្សកុម្មុយនិសវៀតណាមសម្រាប់អាណត្តិទី១៣ នេះ។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតលោក ង្វៀន ហ្វូចុង ដែលត្រូវបានជ្រើសតាំងសាជាថ្មីឲ្យដឹកនាំបក្សកុម្មុយនិសវៀតណាម។ ក្នុងសារលិខិតនោះ លោក ហ៊ុន សែន បានអះអាងថា ចំណងមិត្តភាពរវាងគណបក្សប្រជាកម្ពុជា និងបក្សកុម្មុយនិសវៀតណាម នឹងត្រូវបានបន្តពង្រឹងឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរ។
គណកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីការឆ្លើយឆ្លងគ្នារវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន និងអគ្គលេខាធិការបក្សកុម្មយនិសវៀតណាម លោក ង្វៀន ហ្វូចុង តាមទូរស័ព្ទ ដែលបានប្តេជ្ញាពីការរឹងចំណងមិត្តភាពកាន់តែខ្លាំងក្លា។
ពួកគេ អះអាងថា ការភ្ជាប់ចំណងមិត្តភាពជាប្រវត្តិសាស្ត្របានកត់សម្គាល់ឲ្យឃើញនូវការពង្រឹងភាពខ្លាំង នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលបានបង្កើតឡើងដោយគណបក្សគ្រប់គ្រងប្រទេសប្រទេសទាំងពីរ ដែលរុញឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក។
អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានប្រាប់សារព័រ៌មាន The Cambodia Daily នៅថ្ងៃនេះថា ការចូលរួមអបរសាទររបស់លោក ហ៊ុន សែន ចំពោះមេដឹកនាំវៀតណាម ក្នុងនាមជាមេដឹកនាំបក្សប្រជាជន អបអរសាទរអគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម បង្កប់អត្ថន័យនៃសម្ព័ន្ធភាពបម្រើប្រយោជន៍បក្សប្រជាជន និងបក្សកុម្មុយនិស្ដវៀតណាម ឈរលើគោលការណ៍ផ្ដល់ប្រយោជន៍ និងអំណាចឲ្យគ្នាជាយុទ្ធសាស្ត្រ។
លោក ព្រមានថា សូមកុំភ្លេចថា បរិបទរបស់វៀតណាម បក្សនិងរដ្ឋ គឺតែមួយ កាលណាលោក ហ៊ុន សែន ជួយបម្រើប្រយោជន៍បក្សកុម្មុយនិស្ដវៀតណាម មានន័យស្មើបម្រើប្រយោជន៍ជាតិសាសន៍វៀតណាម។ ដោយឡែកនៅកម្ពុជា បក្សនិងរដ្ឋ គឺចែកដាច់ពីគ្នា ប៉ុន្តែ ខ្លឹមសារបក្សប្រជាជនសព្វថ្ងៃទៀត មិនខុសអ្វីពីគោលការណ៍បម្រើគ្រួសារហ៊ុនឡើយ ។
លោក គឹម សុខ សង្កត់ធ្កន់ថា លិខិតអបអរសាទររបស់លោក ហ៊ុន សែន ក៏បង្កប់ន័យជ្រាលជ្រៅថា គ្រួសារហ៊ុនព្រមបន្តបម្រើមហិច្ឆតារបស់វៀតណាម ជាថ្នូរនឹងវៀតណាមជួយការពារអំណាចគ្រួសារហ៊ុននៃគណបក្សប្រជាជនតទៅទៀត។
ឯកសារប្រវត្តិសាស្រ្តជាច្រើនបង្ហាញថា លោកហ៊ុន សែន ទទួលបានដំណែងជានាយករដ្ឋមន្ត្រី តាមរយៈការលើកបន្ទុបដោយរដ្ឋការក្រុងហាណូយកាលពីឆ្នាំ១៩៨៥ ក្រោយមានការចាប់ខ្លួន លោក ប៉ែន សុវណ្ណ ក្នុងឆ្នាំ១៩៨២ ដោយសារលោកមិនយល់ព្រមតាមផែនការសំលាប់ខ្មែរដោយផែនការ ក៥ និងការអនុញ្ញាតឲ្យជនជាតិមករស់នៅក្នុងប្រទេសកម្ពុជា និងការស្លាប់ដ៏អាថ៍កំបាំងរបស់ លោកចាន់ ស៊ី ៕