ក្នុងខែកក្កដា ឆ្នាំ១៩៩៧ លោកហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទីពីរនាពេលនោះ បានដឹកនាំរដ្ឋប្រហារ យោធាទម្លាក់សម្តេចក្រុមព្រះនរោត្តម រណ្ណឫទ្ធិ ចេញពីតំណែងជានាយករដ្ឋមន្ត្រីទីមួយ។ ទង្វើនៃ រដ្ឋប្រហារ នោះបានបណ្តាលសហគមន៍អន្តរជាតិថ្កោលទោសលោកហ៊ុន សែន យ៉ាងខ្លាំងក្លា និងបញ្ចេញប្រតិកម្ម ឆ្លើយតបវិញភ្លាមៗ។
សារព័ត៌មាន The New York Times បានរាយការណ៍នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៩៧ ថា សមាគមន៍អាស៊ានបានព្យួរបេក្ខភាពរបស់ កម្ពុជាដែលសុំចូលជាសមាជិក នៃសមាគមន៍នេះជាបណ្តោះ អាសន្ន ហើយថា នេះជាសារដ៏ច្បាស់របស់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលធ្វើឡើងក្នុងកិច្ចប្រជុំ ពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយប្រឆាំងនឹងវិធីដែលលោកហ៊ុន សែន ប្រើកំលាំងយោធាបណ្តេញសម្តេចក្រុមព្រះនរោត្តម រណ្ណឫទ្ធិ ចេញពីតំណែង។
ជាមួយគ្នានេះ The New York Times ក៏បានអោយដឹងថា សហរដ្ឋអាមេរិកបានប្រកាសផ្អាកជំនួយរបស់ខ្លួនសំរាប់រដ្ឋាភិបាលកម្ពុជា ជា បណ្តោះអាសន្ន ហើយបានស្រង់សំដីរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមរិក គឺលោក Nichola Burns ដែលថ្លែងថា នេះជាសារដ៏ច្បាស់ចំពោះ លោកហ៊ុន សែន និងបក្សពួក ថា អាមេរិកមិនអាចបន្តទំនាក់ទំនងធម្មតាចំពោះពួកគេបានទេ។
របាយការណ៍របស់អង្គការ Human Rights Watch ដែលចេញផ្សាយក្នុងខែសីហា ឆ្នាំ១៩៩៧ ឲ្យដឹងថា ភ្លាមៗក្រោយព្រឹត្តិការណ៍រដ្ឋប្រហានោះ ប្រទេសជប៉ុនដែលជា ម្ចាស់ជំនួយធំជាងគេរបស់កម្ពុជា បានសម្រេចព្យួរជំនួយរបស់ខ្លួនជាបណ្តោះអាសន្ន។ របាយការណ៍របស់អង្គការ Amnesty International ក៏បានឲ្យដឹងផងដែរថា ពីរខែក្រោយ ព្រឹត្តិការណ៍រដ្ឋប្រហារនោះ មហាសន្និបាតរបស់អង្គការសហប្រជាជាតិ ក៏បានសំរេចព្យួរអាសនៈរបស់កម្ពុជា នាចុងខែកញ្ញា ឆ្នាំ១៩៩៧ ផងដែរ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ផ្អែកលើរបាយការណ៍ដែលបានផ្សាយពាក់ព័ន្ធនឹងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ ១៩៩៧ អាចនាំឲ្យមានការទាញយកទហីឡ៍ករណ៍ក្នុងការធ្វើសេចក្តីសន្និដ្ឋានថា៖
ទី១) ការដែល សហគមន៍អន្តរជាតិគៀបសង្កត់ លោកហ៊ុន សែន គឺ ដោយសារតែ លោកហ៊ុន សែនបានប្រើប្រាស់ វិធីហឹង្សា និងបណ្តេញសម្តេចក្រុមព្រះនរោត្តម រណ្ណឫទ្ធិ ចេញពីតំណែងដោយខុសច្បាប់។
ទី២) ការដែល សហគមន៍អន្តរជាតិការពារសម្តេចក្រុមព្រះនរោត្តម រណ្ណឫទ្ធិ គឺដោយសារតែព្រះអង្គមានភាពស្របច្បាប់ ជានាយករដ្ឋមន្ត្រី ទី១ នៃប្រទេសកម្ពុជា នាពេលនោះ។
ករណីរបស់សម្តេចក្រុមព្រះនរោត្តម រណ្ណឫទ្ធិ ក្នុងឆ្នាំ១៩៩៧នោះ អាចជាករណីសិក្សាសំរាប់បញ្ហានយោបាយ ខ្មែរនាបច្ចុប្បន្ន។
នៅដើមខែ កញ្ញា ឆ្នាំ២០១៧ លោកហ៊ុន សែនបានប្រើប្រាស់កំលាំងចាប់លោកកឹម សុខា នៅគេហដ្ឋាន របស់លោកទាំងយប់ និងទាំងពេល ដែលលោក កំពុងតែមានអភ័យឯកសិទ្ធសមាជិកសភានៅឡើយ។
បីខែក្រោយមក គឺនៅខែវិច្ឆិកា គណបក្សសង្រ្គោះជាតិដែលមានលោកកឹម សុខា ជាប្រធាននោះក៏ត្រូវបានរំលាយចោល ដោយតុលាការកំពូល ក្រោមឥទ្ធិពលរបស់ លោកហ៊ុន សែន។
ព្រឹត្តិការណ៍នៃការចាប់ខ្លួនលោកកឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ សុទ្ធតែទទួលរងប្រតិកម្មដ៏ខ្លាំងខ្លាពីសហគមន៍ អន្តរជាតិ។ ប្រតិកម្មទាំងនោះដោយសារតែ ទាំងការចោទ និងការចាប់ លោកកឹម សុខា សុទ្ធតែគ្មានការពិត និងខុសនិតិវិធីច្បាប់។
លើសពីនេះទៀត លោកកឹម សុខា គឺជាប្រធានគណបក្សសង្គ្រោះជាតិ ដែលជាតំណាងសម្លេងពលរដ្ឋខ្មែរស្ទើរពាក់កណ្តាលប្រទេស តាមរយៈ ការបោះឆ្នោតក្នុងឆ្នាំ២០១៣។ ដូច្នេះនយោបាយរបស់ លោកកឹម សុខា ត្រង់ចំណុចនេះ គឺជាភាព ស្របច្បាប់នៃភាពជាតំណាងរបស់គណបក្សប្រឆាំង និងភាពគ្មានកំហុស។
ទាំងមុនពេល និងអំឡុងពេលកំពុងជាប់ឃុំ និងការរិតត្បិតសេរីភាពនយោបាយ លោកកឹម សុខា នៅតែប្រកាស និងប្រកាន់ជំហរអហិង្សាក្នុងការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ ការប្រកាន់គោល ការណ៍អហិង្សានិយមរបស់លោកកឹម សុខា ស្របគ្នាទៅនឹងគោលការណ៍សិទ្ធមនុស្សជាសកល។
អ្នកស្រាវជា្រវខ្លះវាយតម្លៃថា យុទ្ធសាស្រ្តនយោបាយរបស់លោក កឹម សុខា ក្នុងកាលៈទេសៈបែបនេះ កាន់តែធ្វើឲ្យលោកហ៊ុន សែន ពិបាករកលេស ក្នុងការដាក់កំហុសទៅលើលោកកឹម សុខា ហើយធ្វើអោយការចោទប្រកាន់របស់លោកហ៊ុន សែន ដែលថា លោកកឹម សុខា មានផែនការ ផ្តួលរំលំលោកនោះ កាន់តែអស់ជំនឿពីមហាជន ជាពិសេសពីសហគមន៍អន្តរជាតិថែមទៀត។
ដូច្នេះ ចំណុចនេះក៏ជានយោបាយដែលមានប្រៀបមួយទៀត របស់លោកកឹម សុខា ដែរ ក្នុងការទាញយកការគាំទ្រកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ ដែលវាការផ្ទុយទៅនឹងវិធី ឬនយោបាយបែបហិង្សាដែលសហគមន៍អន្តរជាតិតែងមិនគាំទ្រនោះ។
ជាឧទាហរណ៍ អ្នករាយការណ៍ពិសេសស្តីពីសិទ្ធមនុស្សនៅកម្ពុជា គឺ លោកស្រី Rhona Smith ដែលតែងតែ ថ្កោលទោសរបបលោកហ៊ុន សែន អំពីការប្រើអំពើហិង្សា ក៏បានថ្លែងការមិនគាំទ្រនូវវោហាសាស្ត្របែបហិង្សា របស់លោកសម រង្ស៊ី ក្នុងយុទ្ធនាការមាតុភូមិនិវត្តន៍របស់គាត់ កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ នោះដែរ។
នៅដើមខែវិច្ឆិកា ឆ្នាំ២០១៩ លោក សមរង្ស៊ី បានថ្លែងតាមរយៈវីដេអូខ្លីបនៅលើទំព័រហ្វេសប៊ុករបស់លោក ប្តេជ្ញាវិលចូលប្រទេសកម្ពុជាវិញឱ្យបាន និងអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ក្រោកឈរដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន ដោយលោកសន្យាថា ពេលផ្តួលរំលំបានសម្រេចហើយ លោកនឹងផ្តល់វង្វាន់លើកទឹកចិត្ត ជាបុណ្យស័ក្កិ ប្រាក់ខែ ហើយតំណែងនិងតួនាទីរបស់ពួកគេគឺនៅដដែល ឬតម្លើងឲ្យខ្ពស់ជាងមុន ឱ្យពួកគេហ៊ានងើបឡើងឈរជាមួយពលរដ្ឋ ប្រឆាំងនឹងលោកហ៊ុន សែន។
លោក សម រង្ស៊ី ក៏បានលើកឡើងថា លោក ហ៊ុន សែន កំពុងភ័យស្លន់ស្លោនឹងផែនការវិលចូលស្រុករបស់លោក ហើយថា លោក ហ៊ុន សែន អាចនឹងឆ្គួតទៀតផង ប្រសិនបើលោក មានវត្តមាននៅក្នុងប្រទេសកម្ពុជាខាងមុខនេះ។
ក្រោយពេលគម្រោងមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ី ត្រូវបានបរាជ័យ ដោយប្រភពខ្លះឲ្យដឹងថាដោយសារលោកសមរង្ស៊ី មិនបានទិញសំបុត្រយន្តហោះពីប្រទេសបារាំង ដើម្បីហោះមកដឹកនាំកម្លាំងរប៉េះរប៉ោះរបស់លោកក្នុងប្រទេសថៃវិលចូលប្រទេសកម្ពុជា ទៅតាមការគ្រោងទុកនោះ លោកក៏បានបង្កើតវោហោសាស្រ្តវាយប្រហារមួយក្បាច់ទៀតទៅលើអង្គព្រះមហាក្សត្រតែម្តង។
កាលពីចុងឆ្នាំ២០២០ លោកសម រង្ស៊ី បានប្រមាថព្រះមហាក្សត្របច្ចុប្បន្នថា ជាព្រះមហាក្សត្រទីមោង និងជាខែល របស់លោកហ៊ុន សែន ប្រើប្រាស់ដើម្បីបង្គ្រប់ភាពស្របច្បាប់ដល់រដ្ឋាភិបាលបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញខាងនយោបាយការបរទេសខ្លះ ព្រមានថា វោហាសាស្រ្តបែបហិង្សានិយម និងការជេរប្រមាថអង្គព្រះមហាក្សត្រ បានជះឥទ្ធិអាក្រក់ដល់នយោបាយការបរទេសរបស់លោកសមរង្ស៊ី។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានប្រាប់សាព័ត៌មាន The Cambodia Daily ក្នុងកម្មវិធី Idea Talk កាលពីចុងខែមករា ឆ្នាំ២០២១ ថា ក្រុមអ្នកការទូតបរទេសលែងហ៊ានទាក់ទងលោក សម រង្ស៊ី ដោយសារតែលោកប្រមាថព្រះមហាក្សត្រ។ ជាងនេះទៅទៀតលោក ជំរុញឲ្យលោក សមរង្ស៊ី ត្រូវតែហ៊ានចេញមុខសុំទោសព្រះមហាក្សត្រជាសាធារណៈ ហើយឈប់ប្រមាថាព្រះមហាក្សត្រតទៅទៀត ដើម្បីសង្គ្រោះនយោបាយរបស់លោកទៅថ្ងៃអនាគត។
អ្នកសង្កេតការណ៍មួយវាយតម្លៃថា រហូតមកទល់ពេលនេះ សហគមន៍អន្តរជាតិតែងផ្តល់តម្លៃ និងជួបលោកកឹម សុខា និងមន្ត្រីនៃរដ្ឋាភិបាលរបស់លោកហ៊ុន សែន ដើម្បីពិភាក្សាអំពីបញ្ហានានារបស់កម្ពុជា ហើយជាក់ស្តែង សហគមន៍អន្តរជាតិ ក៏តែងតែលើកឡើងដែរថា សេរីភាពរបស់លោកកឹម សុខា គឺជាលក្ខខ័ណ្ឌចាំបាច់ នៃភាពប្រសើឡើងនៃកិច្ចសហការ រវាងរដ្ឋាភិបាល របស់ពួកគេជាមួយរដ្ឋាភិបាលលោកហ៊ុន សែន។
ភស្តុតាងទាំងនេះហើយ ដែលជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញថា ប៉ូលនយោបាយនៅកម្ពុជា ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ននេះ គឺជាការតស៊ូប្រជែងនយោបាយរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ប៉ុណ្ណោះ។
សារព័ត៌មាន Asia Times ដែលបានចេញផ្សាយកាលពី ចុងខែមករាកន្លងទៅនេះឲ្យដឹងថា ក្នុងមួយប៉ព្រេចភ្នែកសោះ លោកកឹម សុខា កាន់សន្លឹកបៀរទាំងអស់ក្នុងប្រទេសកម្ពុជា ដោយបន្ថែមថា ការគ្មានដំណោះស្រាយលើបញ្ហារបស់គណបក្សសង្គ្រោះជាតិនឹងបន្តធ្វើអោយអស្ថេរភាព ដល់ផែនការផ្ទេរអំណាចទៅឲ្យកូនរបស់លោក ហ៊ុន សែន។
សារព័ត៌មានដដែលនេះបានធ្វើការវិភាគថា៖ ការកាត់ទោសអោយលោកកឹម សុខា មានទោសក៏ពិបាក ព្រោះវាជាការបន្ថែមសំពាធ អន្តរជាតិ ហើយការកាត់ទោសគាត់មិនអោយមានកំហុសក៏ពិបាក ព្រោះវាបង្ហាញពីការភូតកុហករបស់ លោកហ៊ុន សែន។
ជំរើសតែមួយគត់របស់លោកហ៊ុន សែន គឺធ្វើយ៉ាងណាឲ្យលោកកឹម សុខា ដើរចេញពីសហការីរបស់លោក ប៉ុន្តែរហូតមកទល់ពេលនេះលោក កឹម សុខា នៅតែមិនចូលរួមលេងល្បែងដ៏គ្រោះថ្នាក់នេះឡើយ។ ដូច្នេះលោកកឹម សុខា កំពុងកាន់សន្លឹកបៀរទាំងអស់នៅក្នុងដៃ!!!
អ្នកសង្កេតការណ៍ខ្លះវាយតម្លៃថា ការមិនធ្វើសេចក្តីសម្រេចចិត្តណាមួយអំពីវាសនាគណបក្សសង្គ្រោះជាតិ ឬអនាគតរបស់លោក ហាក់ជាការធ្វើសេចក្តីសម្រេចចិត្តដ៏ល្អបំផុតមួយក្នុងកាលៈទេសៈដ៏លំបាកលំបិន លើផ្លូវប្រជាធិបតេយ្យដ៏រលាក់ និងដ៏គ្រោះថ្នាក់នៅចំពោះមុខគ្រប់ពេលវេលានេះ។
ដូច្នេះការមិនធ្វើសេចក្តីសម្រេចចិត្តណាមួយរបស់លោកកឹម សុខា អាចជាយុទ្ធសាស្រ្តនៃល្បែងនយោបាយបែបសាច់កម្ម ហើយទម្លាក់រាល់ការទទួលខុសត្រូវទាំងអស់ទៅលើលោកហ៊ុន សែន ដែលអាចធ្វើឲ្យលោកចុះទន់ខ្សោយដល់ផែនការធំនៃត្រកូលហ៊ុន ចំពោះការប៉ុនប៉ងលើកបន្តុបកូនប្រុសច្បងរបស់លោកឲ្យឡើងស្នងតំណែងជានាយករដ្ឋមន្រ្តីបន្តពីលោកនោះ៕