28 C
Phnom Penh

Nalvany ចោទបុរសខ្លាំងពូទីនបង្កើតសវនាការប្រឌិតក្រោយធ្វើឃាតលោកមិនបានសម្រេច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបក្សប្រឆាំងដ៏មានប្រជាប្រិយភាពនៅប្រទេសរុស្ស៊ី គឺលោក Alexey Nalvany នឹងលែងមានសេរីភាពទៀតហើយ ដោយសារតុលាការក្រុងមូស្គូ កាលពីថ្ងៃទី៣កុម្ភៈ បានសម្រេចឱ្យលោកជាប់ពន្ធនាគារឡើងវិញក្នុងទម្ងន់ទោស ២ឆ្នាំ៨ខែ ពីបទបំពានលក្ខន្ដិកៈនៅក្រៅឃុំដោយការចេញទៅព្យាបាលសុខភាពក្នុងប្រទេសអាល្លឺម៉ង់។

ឈរនៅរង្វង់ក្រចកសេះក្នុងនាមជាជនជាប់ចោទនៅចំពោះមុខអង្គជំនុំជម្រះដែលត្រូវប្រកាសសាលក្រម លោក ណាល់ វ៉ានី បានសុំនិយាយខ្លះ ទោះដឹងថាលោកសល់ពេលមិនច្រើនទេក្នុងការមានសេរីភាពសម្ដែងមតិយ៉ាងណាក៏ដោយ។ សុន្ទរកថារបស់លោកបាននិយាយចំអក ហើយចោទប្រកាន់បុរសខ្លាំងក្នុងប្រទេសរុស្ស៊ី គឺលោកប្រធានាធិបតី វ្លាឌឺមៀ ពូទីន ថា ដោយសារតែការសម្លាប់ជីវិតរបស់លោកមិនបានសម្រេច ទើបមានការប្រើយន្ដការច្បាប់ និងតុលាការ   អាយ៉ងបែបនេះ។ នេះបើតាមការប្រែសុន្ទរកថារបស់លោក ណាល់ វ៉ានី ដោយគេហទំព័រសារព័ត៌មានរុស្ស៊ីឈ្មោះ Medusa ។

នៅចំពោះមុខតុលាការ អ្នកនយោបាយចិត្តសឿង លោកណាល់វ៉ានីបកស្រាយថាលោកមិនមានកំហុសទេ ថែមទាំងថ្កោលទោសប្រព័ន្ធច្បាប់ និងនយោបាយរុស្ស៊ីថា ពោរពេញដោយការដាក់សម្ពាធ និងអំពើពុករលួយ។

លោកអះអាងថា ខ្លឹមសារនៃការជំនុំជម្រះរបស់លោកនេះតាមពិតគេលើកលែងរួចទៅហើយ មិនគួរណាតុលាការធ្វើភ្លេច ឬចង់ប្រឌិតរឿងថ្មីតាមការបញ្ជារបស់អ្នកមានអំណាចនោះទេ។ លោក ណាល់ វ៉ានីក៏បានក្រើនរំលឹកតុលាការ ពីកិច្ចព្រមព្រៀងរវាងប្រព័ន្ធយុត្តិធម៌រុស្ស៊ី និង តុលាការសិទ្ធិមនុស្សអឺរ៉ុប ដែលបានជួយឱ្យលោកណាល់វ៉ានី បានទទួលសំណងពីរដ្ឋ កាលពីឆ្នាំ២០១៤ ទោះត្រូវឃុំខ្លួនក្នុងគេហដ្ឋាន                ១ឆ្នាំក៏ដោយ។

លោកបន្តថា សាលក្រមឆ្នាំ ២០១៤ ទើបតែយកមកកាត់ទោសលោកក្នុងឆ្នាំ ២០២១ ទៅវិញ។ លោកបន្តថា ហេតុអ្វីបានជាករណីនេះអាចធ្វើទៅរួច? នេះជាសំណួរដែលលោកដាក់ឱ្យអង្គចៅក្រមឆ្លើយវិញ។

មេបក្សវ័យ៤៤ឆ្នាំនោះបានហៅលោកពូទីនថា ជាមនុស្សកំសាកដែលលាក់ខ្លួនក្នុងលេណដ្ឋាន។

លោកចំអកថា ការរស់រានមានជីវិតរបស់លោក គឺជាការធ្វើបាបលោក ពូទីនទៅវិញទេ ទោះលោកពូទីនបានប្រើសេវាកម្មសន្តិសុខសហព័ន្ធ រុស្ស៊ី ឱ្យសម្លាប់រូបលោក។ លោកបន្តថាបរាជ័យរបស់លោក ពូទីន ដែលសម្លាប់លោកមិនបានសំរេចនេះ អាចនឹងបណ្ដាលឱ្យមេដឹកនាំផ្តាច់ការរូបនេះធ្លាក់ខ្លួនឆ្កួត។

សម្រាប់លោក ណាល់ វ៉ានី មើលឃើញថាពូទីនគ្រាន់តែជាបុគ្គលការិយាធិបតេយ្យម្នាក់ដែលទទួលបានតំណែងកំពូលដោយចៃដន្យហើយខ្លាចការប្រកួតប្រជែងណាស់។ ម្ល៉ោះហើយបានជាគេមិនដែលមើលឃើញពូទីន ចូលរួមការជជែកសួរដេញដោល ឬធ្វើយុទ្ធនាការបោះឆ្នោត ហើយថា អំពើឃាតកម្ម ជាវិធីសាស្រ្ដពេញនិយមរបស់លោកក្នុងការយកឈ្នះលើការប្រកួត។

លោក Nalvany ថែមទាំងចំអកទៀតថា បើក្នុងប្រវត្តិសាស្រ្ដរុស្ស៊ី គឺAlexander ត្រូវបានអ្នកជំនាន់ក្រោយហៅថាជាអ្នកសេរីនិយម Yaroslav ជាជនមានគតិបណ្ឌិត ប៉ុន្តែសំរាប់ Vladimir Putin វិញគឺជាឃាតករសម្លាប់អ្នកនយោបាយ។

លោកបានចាត់ទុកថា វត្តមានរបស់លោកក្នុងតុលាការជាឈុតឆាកដែលរៀបចំឡើងដើម្បីបំភ័យដល់មនុស្សច្រើនលាននាក់ទៀត ហើយបំភ័យកាន់តែខ្លាំងលើជនក្រីក្រ ដែលមិនមានចក្ខុវិស័យ។

លោកបានលើកទឹកចិត្តពលរដ្ឋថា៖ «ខ្ញុំសង្ឃឹមថាពលរដ្ឋនឹងមិនមើលសវនាការនេះ ជាសញ្ញាថាពួកគេគួរតែខ្លាចនោះទេ។ វាមិនមែនពីការបង្ហាញពីអានុភាពខ្លាំងក្លានោះទេណា ផ្តុយទៅវិញវាបង្ហាញពីភាពទន់ខ្សោយ។ នេះជាអ្វីកើតឡើងពេលក្នុងប្រទេសមានច្បាប់ដូចឥតច្បាប់ ហើយផ្ដាច់ការជាមូលដ្ឋាននៃប្រព័ន្ធនយោបាយ។»

លោកបន្តថា «អ្វីដែលគួរឱ្យខ្លាចជាងនេះទៅទៀត គឺភាពគ្មានច្បាប់ ហើយជនរំលោភអំណាចបាននាំគ្នាអង្គុយលើច្បាប់។  ជីវិតខ្ញុំអាចមានតម្លៃត្រឹមពីរសេន ប៉ុន្ដែខ្ញុំនឹងធ្វើគ្រប់យ៉ាងដែលខ្ញុំធ្វើបានដើម្បីឱ្យច្បាប់ឈ្នះ ជនរំលោភច្បាប់។ »

ទោះក្នុងភាពជាជនជាប់ចោទ ណាល់វ៉ានីក៏បានទាមទារឱ្យតុលាការដោះលែងជាបន្ទាន់អ្នកទោសនយោបាយទាំងអស់។

ការកាត់ទោសមេដឹកនាំបក្សប្រឆាំង ដែលជាអ្នករិះគន់ដ៏ខ្លាំងក្លាទៅលើប្រធានាធិបតីរុស្សីលោក Vladimir Putin នោះ អាចដុតបញ្ឆេះឲ្យមានការតវ៉ាប្រឆាំងកាន់តែខ្លាំងថែមទៀតពីក្រុមអ្នកគាំទ្ររបស់លោក បន្ទាប់ពីមានការប្រឆាំងតវ៉ាអស់រយៈពេល២ចុងសប្តាហ៍មកហើយ នៅក្នុងទីក្រុងជាច្រើនរបស់រុស្សី ដើម្បីទាមទារឲ្យមានការដោះលែងរូបលោកនោះ។

សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាច្រើន បានថ្កោលទោសជាខ្លាំងដល់ការចាប់មេដឹកនាំគណបក្សប្រឆាំងរូបនេះ ហើយបានទាមទារឲ្យមានការដោះលែងរូបលោក ដោយគ្មានលក្ខខណ្ឌផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស