35 C
Phnom Penh

នាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាឱ្យរឹងបន្តឹងការធ្វើដំណើររបស់ពលរដ្ឋខ្មែរ និងវៀតណាមចេញចូលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញបញ្ជាយ៉ាងតឹងរឹងជាថ្មីទៀត ចំពោះការធ្វើចរាចរណ៍របស់ពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម តាមខេត្តជាប់ព្រំប្រទល់រវាងប្រទេសទាំងពីរ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

បទបញ្ជានេះ ធ្វើឡើងតាមរយៈខ្សែរអាត់សំលេងដែលមានរយៈពេលប្រមាណ២០នាទីកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដើម្បី បញ្ជៀសការចម្លងជំងឺកូវីដ១៩ពីប្រទេសវៀតណាម ចូលទៅក្នុងប្រទេសកម្ពុជា ស្របពេលបុណ្យចូលឆ្នាំចិនខិតជិតមកដល់។

លោក ហ៊ុន សែន អះអាងថា ដើម្បីការពារការចម្លងជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលសហគមន៍ក្នុងប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ នៅពេលនេះ អាជ្ញាធរកម្ពុជាដែលកំពុងប្រចាំការតាមបណ្តាខេត្តជាប់ព្រំដែន   កម្ពុជា-វៀតណាម ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជាទីបំផុត។

លើសពីនេះ ត្រូវសហការជាមួយអាជ្ញាធរវៀតណាមឲ្យបានហ្មត់ចត់ ព្រោះថា មេរោគកូវីដ១៩នេះ កំពុងក្លែងភេទ ដែលបង្ករការលំបាកក្នុងការទប់ស្កាត់ផងដែរ។

លោក បញ្ជាក់ថា បញ្ហានេះត្រូវតែបញ្ជូនកងកម្លាំងប្រអាវុធឲ្យទៅយាមល្បាតបន្ថែមទៀតដើម្បីការពារការឆ្លងទៅវិញ ទៅឆ្លងមក ជាពិសេសតាមច្រករបៀងនានា រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាមក្នុងអំឡុងបុណ្យចូលឆ្នាំចិនខាងមុខនេះ។

យ៉ាងនេះក្តី កងទ័ពដែលត្រូវពង្រាយបន្ថែមទាំងនេះ មិនត្រូវដាក់យាមកាមនៅតាមតំបន់ដែលមិនទាន់ឯកភាពនោះទេ គឺគ្រាន់តែពង្រាយតាមតំបន់ដែលមានស្រាប់ប៉ុណ្ណោះ ដើម្បីជៀសវៀងការភ័នច្រឡំពីភាគីវៀតណាម។

លោក ហ៊ុន សែន សង្កត់ធ្ងន់ថា បើរកឃើញថាមានពលរដ្ឋនៃប្រទេសទាំងពីរបានឆ្លងទៅឆ្លងមកត្រូវរៀបចំឲ្យពួកគេធ្វើចត្តាឡីស័កទៅតាមមណ្ឌលចត្តាឡីស័កដែលបានរៀបចំរួច ក្នុងរយៈក្នុងរយៈពេល១៤ថ្ងៃដោយគ្មានការលើកលែងជាដាច់ខាត ព្រោះវិធានការនេះ គឺជាវិធីសាស្ត្រទប់ស្កាត់ការចម្លង ចូលសហគមន៍ដ៏មានប្រសិទ្ធិភាពដែលកម្ពុជាបានធ្វើកន្លងមក នៅតាមបណ្តាខេត្តជាប់ព្រំដែន ។

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងដល់មន្ត្រីរដ្ឋាភិបាលប្រចាំការតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាម ឲ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកប ដោយប្រសិទ្ធិខ្ពស់ ដោយទប់ស្កាត់និងបង្ការ ការនាំចូលវីរុសកូវីដ១៩តាមច្រកព្រំដែនចូលមកកម្ពុជា។

ក្រសួង អះអាងថា ប្រទេសវៀតណាម កាលពីថ្ងៃទី៣ ខែកុម្ភៈ នេះ បានផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ដែលមានការបម្លែងរូបរាងថ្មីពីចក្រភពអង់គ្លេស។ ក្នុងនោះវៀតណាមបានរកឃើញករណីវិជ្ជមានតាមបណ្តាខេត្តមួយចំនួន ដូចជា ទីក្រុងហាណូយទីក្រុងហូជីម៉ិញ ព្រមទាំងក្រុងចំនួន៨ផ្សេងទៀត ដែលខេត្តទាំងនោះមានខេត្តខ្លះ នៅជាប់នឹងព្រំប្រទល់ប្រទេសកម្ពុជាទៀតផង។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ជាពិសេសទៅកាន់តំបន់ដែលកំពុងរីករាលត្បាតនៃវីរុសកូវីដ១៩ និងសូមនាំគ្នាអនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាលនានា ដែលបានដាក់ចេញដើម្បីបង្ការជំងឺកូវីដ១៩នេះ។

មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សរបស់សមាគន៍អាដហុក លោក សឹង សែន ករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកឯកភាពនឹងចំណាត់ការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលចាត់វិធានការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ពីប្រទេសវៀតណាមនេះ។

លោក អំពាវនាវ ឲ្យអាជ្ញាធរមូលដ្ឋានដែលកំពុងអនុវត្តផ្ទាល់នៅបណ្តាខេត្តតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារខ្លួន ព្រោះលោកទទួលបានដំណឹងថាមានពលរដ្ឋវៀតណាម និងពលរដ្ឋខ្មែរមួយចំនួនបានឆ្លងចូលមកកម្ពុជាក្នុងពេលចាប់ផ្តើមផ្ទុះជំងឺនេះក្នុងប្រទេសវៀតណាម ខណៈកម្ពុជាមិនទាន់មានវិធានការទប់ស្កាត់នៅឡើយ។

នៅថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២១ នេះ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន អះអាងថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យទី៧ ខែកុម្ភៈ២០២១។ លើសពីនេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយលោក អះអាងថា នឹងទទួលចាក់មុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស