អ្នកសារព័ត៌មាន និងសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស សង្កេតឃើញថា ក្នុងឆ្នាំ២០២០ កន្លងទៅ សេរីភាពសារព័ត៌មាននៅតែរងការរឹតត្បិត និងគំរាមកំហែងពីសំណាក់អាជ្ញាធរនៅពេលដែលពួកគេចុះបំពេញការងាររបស់ខ្លួននៅតាមទីសារធាណៈ ឬក្នុងព្រឹត្តិការណ៍សង្គមណាមួយ។
នាយកផ្នែកផ្សព្វផ្សាយព័ត៌មាន នៃមជ្ឈមណ្ឌលកម្ពុជានៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក អ៊ិត សុធឿត បានប្រាប់សាព័ត៌មាន The Cambodia Daily ថា អ្នកសារព័ត៌មាននៅតែត្រូវបានរារាំង និងគំរាមកំហែង បើទោះបីជាពួកគេបំពេញការងារប្រកបដោយវិជ្ជជីវៈក៏ដោយ។
ការលើកឡើងនេះ ក្រោយពីអ្នកយកព័ត៌មានចំនួន ៦នាក់ត្រូវបានអាជ្ញាធរចាប់ដកកាំមេរ៉ា ដើម្បីលុបរូបចេញបន្ទាប់ពីពួកគេបានថតសកម្មភាពរបស់ពលរដ្ឋតវ៉ា នៅមុនស្ថានទូតចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ លើសពីនេះ អ្នកសារព័ត៌មាន៣ នាក់ ត្រូវបានចាប់ខ្លួន និងកាត់ទោសពីសំណាក់តុលាការ ដោយសារការបំពេញវិជ្ជាជីវៈ និងការសម្ដែងមតិរបស់ពួកគេ។
លោក អ៊ិត សុធឿត បន្តថា នៅឆ្នាំ២០២១ នេះ សង្កេតឃើញថា សេរីភាពសារព័ត៌មាន អាចនៅមិនទាន់មានភាពប្រសើរជាងឆ្នាំមុននោះទេ ដោយសារ ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងស្នងការរាជធានីភ្នំពេញ បានផ្ញើសារមួយ ដោយឈប់ឱ្យអ្នកសារព័ត៌មានចូលថត ឬ ផ្សាយផ្ទាល់ ក្នុងពេលសមត្ថកិច្ចកំពុងអនុវត្តការងារ សន្តិសុខ។
លោកចាត់ទុកការមហាឃាត់នេះ ថាជារូបភាពគំរាមកំហែងថ្មីមួយទៀត សម្រាប់អ្នកសារព័ត៌មាន បើទោះបីជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអាជ្ញាធរមិនទាន់ចេញលិខិតជាផ្លូវការក៏ដោយ ប៉ុន្តែលោកសង្កេតឃើញថា អាជ្ញាធរថ្នាក់ក្រោមតែងតែអនុវត្តតាម។
នាយកផ្នែកផ្សព្វផ្សាយព័ត៌មាននៃមជ្ឈមណ្ឌលកម្ពុជានៃប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ រូបនេះស្នើឱ្យក្រសួងព័ត៌មានបើកវគ្គបណ្ដុះបណ្ដាល ពីក្រមសីលធម៌វិជ្ជាជីវៈដល់អ្នកសារព័ត៌មានផ្សេងៗ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានរំលឹកជាថ្មីដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថតយកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរដែលហាមឃាត់ ពេលកំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវៈសារព័ត៌មាន។
លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន កាលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ ។ លោកសរសេរថា បើអ្នកសារព័ត៌មាននៅតែមិនស្តាប់ការហាមឃាត់ ទេនោះ សមត្ថកិច្ចមានសិទ្ធិ ចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវយល់ឲ្យបានច្បាស់ពីកិច្ចការងាររបស់ខ្លួន ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទីកន្លែង ត្រូវយល់ពីការងាររបស់សមត្ថកិច្ច។
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានសរសេរនៅទំព័រហ្វេសប៊ុករបស់លោកថា ឈប់ឱ្យអ្នកសារព័ត៌មានចូលថត ឫផ្សាយផ្ទាល់ ក្នុងពេលសមត្ថកិច្ចកំពុងអនុវត្តការងារ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស អន្តោប្រសេន៍ និងល្បែងស៊ីសងខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។
ការលើឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត ដែលមិនឱ្យទៅថតយកព័ត៌មានកន្លែង ដែលសមត្ថកិច្ចកំពុងធ្វើការនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២១ បានព្រមានចាត់វិធានការអ្នកសារព័ត៌មានដែលបំពានច្បាប់ និងមិនគោរពវិជ្ជាជីវៈ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ប្រសិនបើសិទ្ធិសេរីភាពអ្នកសារព័ត៌មានត្រូវបានរឹតត្បិតទៀតនោះ លោកថា បញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជាកាន់តែធ្ងន់ធ្ងរជាងមុន។
លោកបន្តថា ការរារាំង ឬ រឹតត្បិតអ្នកសារព័ត៌មានមិនឱ្យថតរូប ឬឡាយ ព្រឹត្តិការណ៍កើតឡើង បង្ហាញឱ្យឃើញថា កម្ពុជាមិនបានដឹកនាំឱ្យបានត្រឹមត្រូវស្របទៅតាមរដ្ឋធម្មនុញ្ញ និងកតិ្តកា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលរដ្ឋាភិបាលផ្ដល់សច្ចាប័ននោះទេ។
លោក ស៊ឹង សែនករុណា ថា ការមិនបំពេញតួនាទី ឬអនុវត្តអនុសញ្ញានេះ នឹងធ្វើឱ្យកម្ពុជារង់ការរិះគន់ និងរងសម្ពាធផ្សេងៗពីប្រទេសលោកសេរី ដែលកំពុងតាមដាន ចំពោះការមិនអនុវត្តកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា មានតែប្រទេសមិនប្រកាន់របបលទ្ធិប្រជាធិបតេយ្យទេ ដែលគេរឹតត្បិតសេរីភាពសារសព័ត៌មាន ក៏ប៉ុន្តែគេក៏មិនរឹតត្បិតគ្រប់រឿងនោះដែរ។ លោកថាប្រទេសទាំងនោះ ក៏គេបើកទូលាយនូវកន្លែងណាមួយដែរ ប៉ុន្តែនៅកម្ពុជាក្នុងរយៈពេលចុងក្រោយនេះមានការរឹតត្បិតខ្លាំង។
លោក ស៊ឹង សែនករុណា ចង់ឃើញរដ្ឋាភិបាលបើកឱ្យទូលាយអំពីសេរីភាពសារព័ត៌មានទាំងអស់ឡើងវិញ ដើម្បីកុំឱ្យរងការរិះគន់ពីមតិជាតិ និងសហគមន៍អន្តរជាតិបន្តទៀត និងអាចបញ្ជៀសការដាក់ទណ្ឌកម្មអន្តរជាតិផ្សេងទៀត។
មន្ត្រីសិទ្ធិមនុស្សដដែល ជំរុញឱ្យរដ្ឋាភិបាលធ្វើការសម្របសម្រួល និងកែទម្រង់ឡើង ដើម្បីកុំឱ្យស្ថានភាពសេដ្ឋកិច្ច និងនយោបាយកម្ពុជាធ្លាក់ចុះខ្លាំង និងកាន់តែជូរចត់ជាងពេលនេះ ដែលពិបាលនឹងស្តារឡើងវិញ។
នៅថ្ងៃទី៥ខែ កុម្ភៈឆ្នាំ២០២១នេះ ក្រុមសង្គមស៊ីវិលដែលធ្វើការងារផ្នែកសេរីភាពសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៤ រួមមានមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាCCIM សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJa សហព័ន្ធអ្នកសារព័ត៌មាន IFJ និងក្លិបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា OPCC បានផ្ញើលិខិតចំហមួយជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធិ ដោយអំពាវនាវឱ្យរដ្ឋាភិបាលពន្យល់ ឱ្យបានច្បាស់នូវបទបញ្ជាណែនាំចុងក្រោយរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងស្នងការក្រុងភ្នំពេញនេះ។
អង្គការ សមាគម ដែលធ្វើការងារខាងសារព័ត៌មានទាំងនេះ សង្កេតឃើញថា នៅក្នុងរយៈពេលចុងក្រោយនេះ មានអ្នកកាសែតជាច្រើនរងការយាយី និងត្រូវបានអាជ្ញាធរប្រាប់ឱ្យបញ្ឈប់ការថតរូបភាព និងផ្សាយបន្តផ្ទាល់ក្នុងពេលតវ៉ា ព្រមទាំងព្រឹត្តិការណ៍ដទៃទៀត ដែលប៉ូលិសកំពុងបំពេញភារកិច្ច។
ប្រភពដដែលបានរកឃើញថា យ៉ាងហោចណាស់មានករណីមួយនៅក្នុងចុងខែមករាកន្លងទៅនេះ ដែលសមត្ថកិច្ចកោះហៅអ្នកសារព័ត៌មានមកអប់រំណែនាំមិនឱ្យថតរូប និងផ្សាយផ្ទាល់។ ករណីនេះ កើតឡើងក្រោយមានការណែនាំពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ពួកគេ ស្នើឱ្យលុបបំបាត់ចោលនូវរាល់បទបញ្ជា ច្បាប់ និងសេចក្តីណែនាំដែលមិនមានភាពចាំបាច់ទាំងអស់ ដែលបង្កការរារាំងដល់ការងាររបស់អ្នកសារព័ត៌មាន និងដើម្បីធានាបានថាអ្នកសារព័ត៌មានទាំងអស់អាចអនុវត្តនូវសិទ្ធិរបស់ខ្លួនក្នុងការរាយការណ៍ព័ត៌មានដោយសេរី និងគ្មានការភ័យខ្លាច ព្រមទាំងគ្មានការគំរាមកំហែងផងដែរ។
សេរីភាពសារព័ត៌មាននៅកម្ពុជានាឆ្នាំ២០២០ ត្រូវបានអង្គការអ្នកកាសែតគ្មានព្រំដែនដាក់ក្នុងចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោម១៨០ប្រទេស ដែលថយចុះមួយលេខ បើប្រៀបធៀបនឹងឆ្នាំ២០១៩។
ការធ្លាក់ចុះនូវសន្ទស្សន៍សេរីភាពសារព័ត៌មាននេះ បណ្តាលមកពីការចាប់ខ្លួនអ្នកសារព័ត៌មាន និងការអនុម័តច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ន ជាដើម៕