27 C
Phnom Penh

សង្គមស៊ីវិលថាការតម្រូវឱ្យឃុំខ្លួនលោក កឹម សុខា ដើម្បីអាចពន្លឿននីតិវិធី ជារឿងហួសពីវិស័យច្បាប់ និងទិដ្ឋភាពសិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR  អ្នកស្រី ចក់ សុភាព លើកឡើងនៅលើគណនីហ្វេសប៊ុកនៅថ្ងៃទី៥ខែកុម្ភៈ នេះថា  ការលើកឡើងអំពីអំណះអំណាងផ្តល់អាទិភាពដល់ករណីដែលជនជាប់ចោទកំពុងជាប់ឃុំឃាំង គឺជាការតែផ្ទុយពីទិដ្ឋភាពសិទ្ធិទទួលបានការជំនុំជំម្រះឥតពន្យារពេលនិងផ្ទុយពីទិដ្ឋភាពជាក់ស្តែង។

ឧទារណ៍ ការកោះហៅសកម្មជននយោបាយនាពេលថ្មីៗនេះដល់ទៅជាង១៤០នាក់ ខណៈភាគច្រើនននៅក្រៅឃុំនិងនៅក្រៅប្រទេស។

អ្នកស្រីចក់ សុភាព សរសេរថា ការឆ្លើយថាតម្រូវឱ្យឃុំខ្លួនលោក កឹម សុខា ដើម្បីអាចពន្លឿននីតិវិធីទៀតសោតនោះ គឺ រឹតតែហួសពីវិស័យច្បាប់និងទិដ្ឋភាពសិទ្ធិមនុស្ស។ អ្នកស្រី ថា នេះរឹតតែសឱ្យឃើញនូវចេតនានយោបាយនៃការចោទប្រកាន់និងអូសបន្លាយលើសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិលោក លោក កឹម សុខា តែម្តង។

សង្គមស៊ីវិលរូបនេះ ក៏ស្នើឱ្យលោកអ្នកច្បាប់ជួយពន្យល់ ចំពោះការឆ្លើយតបរបស់ស្ថាប័នយុត្តិធម៌នេះផង ហើយអ្នកស្រី ក៏បានចោទជាសំណួរថា  តើអ្វីជាសិទ្ធិទទួលបានការជំនុំជំម្រះដោយគ្មានការពន្យារពេល?

ការលើកឡើងរបស់អ្នកស្រី ចក់ សុភាពនេះ ក្រោយពេលប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតមួយដោយអះអាងថា សវនាការរបស់លោក កឹម សុខា មិនទាន់អាចបន្តដាក់កម្មវិធីនាពេលនេះបាននៅឡើយទេ ក្រោមហេតុផលថា ការរីករាលដាលនៃមេរោគកូវីដ១៩ នៅតែមានស្ថានភាពធ្ងន់ធ្ងរជាសកល និងមិនទាន់មានភាពច្បាស់លាស់។

ប្រភពដដែលបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញកំពុងតែមមាញឹកនៅក្នុងចំណាត់ការសំណុំរឿងព្រហ្មទណ្ឌដែលមានជនត្រូវចោទ ឬជនជាប់ចោទ យ៉ាងចង្អៀតក្នុងពន្ធនាគារ។ លោកថា ករណីនេះ ជាបញ្ហាប្រឈមដែលត្រូវចូលរួមឲ្យបានសកម្មនៅក្នុងយុទ្ធនាការនៃការដោះស្រាយសំណុំរឿងកកស្ទះ ដែលត្រូវដាក់ជូនក្រសួងយុត្តិធម៌ឲ្យបានទាន់ពេលវេលា។

កាលពីខែមករា សហមេធាវីការពារក្តីរបស់លោកកឹម សុខា បានផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយស្នើឱ្យបន្តសវនាការសំណុំរឿងលោក កឹម សុខា ឡើងវិញ ក្រោយពេលរឿងនេះក្តីនេះត្រូវបានតុលាការផ្អាកកាលពីខែមីនា ឆ្នាំ២០២០ ក្រោមហេតុផលការពារជំងឺកូវីដ១៩។

ការផ្ញើលិខិតទៅតុលាការ និងក្រសួងយុត្តិធម៌ឱ្យអន្តរាគមន៍ បន្តដំណើរការក្តីរឿងនេះឡើងវិញ គឺក្រុមសហមេធាវីលោក កឹម សុខា ធ្វើឡើងមិនក្រោម ៣លើកឡើយ ប៉ុន្តែបរាជ័យរហូត។

យ៉ាងណា សំណុំរឿងប្រធានគណបក្សប្រឆាំងនេះ ត្រូវបានប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បង្ហើបថា នឹងពន្យារពេលរហូតដល់ឆ្នាំ២០២៤ ពោលគឺក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងបោះឆ្នោតជាតិឆ្នាំ២០២៣ រួចរាល់សិន។

ទោះបីជាយ៉ាងនេះក្តី មាត្រា១៤ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលរដ្ឋធម្មនុញ្ញកម្ពុជាបានទទួលស្គាល់ផងនោះចែងថា ក្នុងការសម្រេចសេចក្តីចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយប្រឆាំងមកលើខ្លួនជនគ្រប់រូបមានសិទ្ធិទទួលបានការជំនុំជម្រះដោយឥតពន្យារពេលយូរហួស។

ដោយឡែក មាត្រា៣៨នៃរដ្ឋធម្មនុញ្ញចែងថា ជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។

ហើយមាត្រា១៤នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយក៏បានចែងថា ជនដែលជាប់ចោទពីបទព្រហ្មទណ្ឌ ត្រូវបានសន្មតជាមុនថាគ្មានទោសរហូតដល់ពិរុទ្ធភាពរបស់ខ្លួន ត្រូវបានកំណត់ស្របតាមច្បាប់។

ចលនានិស្សិតដើម្បីលិទ្ធិប្រជាធិបតេយ្យ លើកឡើងនៅថ្ងៃនេះថា ពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ មិនថាអ្នកគាំទ្រគណបក្សប្រជាជន ឬគណបក្សប្រឆាំងណាមួយទេ គឺជាជនរងគ្រោះពីអំណាចប្រមូលផ្តុំ របស់លោក ហ៊ុន សែន ។

ក្រុមនេះឲ្យដឹងថា ស្ថាប័នជាតិ ដូចជាតុលាការ រដ្ឋសភា និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានអ្នកមានអំណាច ប្រើដើម្បីធ្វើមានធ្វើបានសម្រាប់ក្រុមគ្រួសាររបស់ខ្លួន បក្សពួករបស់ខ្លួន និងការពារអំណាចរបស់ខ្លួនគ្រប់តម្លៃ ។ ជាក់ស្តែង ការប្រើតុលាការធ្វើការចោទប្រកាន់ទៅលើសកម្មជនសង្គម មេបក្សប្រឆាំង និងប្រើកងកម្លាំងប្រដាប់អាវុធ ប្រព្រឹត្តអំពើហឹង្សាទៅលើពលរដ្ឋស្លូតត្រង់ ។

ចលនានិស្សិត យល់ឃើញថា ដើម្បីបំបែកអំណាចប្រមូលផ្តុំ ប្រជាពលរដ្ឋខ្មែរត្រូវតែចូលរួមតស៊ូមតិដោយអហឹង្សា ជាមួយស្ថាប័នជាតិ ដូចជាតុលាការ សភាតំណាងរាស្ត្រ និងរដ្ឋាភិបាល តាមរយៈតំណាងរបស់ខ្លួន ដូចជាសមាជិកសភា អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ។

ដោយឡែកអ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា ដូចគ្នានឹងប្រជាពលរដ្ឋភូមាដែរថា ពលរដ្ឋខ្មែរក៏មានទឹកចិត្តចង់បានស្ថានភាពប្រទេសជាតិ ទៅជាប្រជាធិបតេយ្យសេរី រួចផុតពីអំណាចផ្ដាច់ការយោធានិយម ។

ប៉ុន្តែ ដើម្បីនឹងអាចចាប់ផ្ដើមផ្លូវត្រូវ ជាឆន្ទៈរួមរបស់មហាជនប្រជាពលរដ្ឋខ្មែរភាគច្រើននោះ លុះត្រាតែមានមេដឹកនាំនយោបាយ ដែលមានទឹកចិត្តរឹងប៉ឹង ជាមួយសកម្មភាពអង់អាច មិនផ្អើល មិនខ្លាច ដូចលោកស្រី អូង សាន ស៊ូឃ្យី នៃប្រទេសភូមា ដែលប្រកាន់យកស្មារតីតស៊ូក្នុងសកម្មភាពអហិង្សា ធ្វើប្រតិបត្តិការជាក់ស្ដែង ជាជាងការថ្លែងវោហារសាស្ត្រ ពីព្រោះនៅពេលមានមហាជន ដែលមានទឹកចិត្តចង់បានការផ្លាស់ប្ដូរទៅកាន់ប្រជាធិបតេយ្យសេរីហើយ ក៏ត្រូវតែមានមេដឹកនាំអង់អាចខ្លាំងក្លា នាំមុខចលនាមហាជនផ្ទាល់ផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស