31.4 C
Phnom Penh

ប្រធានាធិបតីអាមេរិកនិងអគ្គលេខាធិការអង្គការប្រជាជាតិជាតិសន្យារុញឱ្យមេរដ្ឋប្រហារចេញពីតំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋប្រហារនៅភូមាជារឿងមិនអាចអត់អោនឲ្យបានទេសម្រាប់ លោក Biden និងប្រមុខអង្គការសហប្រជាជាតិ។ ក្រៅពីសម្ដែងការថ្កោលទោស មេដឹកនាំពិភពលោកទាំងពីរនេះបានព្រមាន ចំពោះចំណាត់ការនានាដែលនឹងរុញឱ្យមេរដ្ឋប្រហារភូមា គឺលោក មីន អ៊ុងឡាំង និង បក្សពួកត្រូវតែធ្លាក់ចេញពីអំណាច។ នេះបើយោងតាមសារព័ត៌មានDiplomat ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ជាថ្មីម្តងទៀតក្រោយពីប្រកាសថាអ្វីៗដែលបានកើតមានឡើង នៅក្នុងប្រទេសភូមា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គឺជារដ្ឋប្រហារយោធា។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទាមទារឲ្យអគ្គមេបញ្ជាការយោធា មីន អ៊ុងឡាំង ត្រូវចុះចេញពីអំណោច និងដោះលែងអ្នកទោសនយោបាយនានា ដែលត្រូវបានចាប់ឃុំខ្លួន ទាំងអស់ ក្នុងនោះរួមមានទាំងលោកស្រី អ៊ុង សាន ស៊ូជី ផងដែរ។

ក្នុងកាលៈទេសៈនេះ សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មតែមិនបញ្ជាក់ថាជា ទណ្ឌកម្មអ្វី នោះទេ។

យ៉ាងណាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan អះអាងថា សេតវិមានកំពុងពិនិត្យមើលលទ្ធភាព ក្នុងការដាក់ទណ្ឌកម្ម ដែលមានគោលដៅជាក់លាក់ទៅលើបុគ្គល និងអង្គភាពនានាដែលកំពុងគ្រប់គ្រង និងគាំទ្រដោយយោធាមីយ៉ាន់ម៉ា។

រដ្ឋធានីវ៉ាស៊ីនតុនក៏កំពុងអំពាវនាវ ឲ្យសហគមន៍អន្តរជាតិរួមគ្នាថ្កោលទោស ទៅលើអ្វីដែលបាន និងកំពុងកើតឡើងនៅក្នុងប្រទេសមីភូមា។

ថ្លែងនៅរដ្ឋធានីវ៉ាស៊ីនតោន លោកចូបៃដិនថា គ្មានការសង្ស័យនោះទេ នៅក្នុងប្រទេសប្រជាធិបតេយ្យមួយ ដែលកម្លាំងយោធាមិនគួរព្យាយាម ផ្តួលរំលំឆន្ទៈប្រជាជន ឬប៉ុនប៉ងលុបបំបាត់លទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានទទួលស្គាល់នោះឡើយ។

លោក សង្កត់ធ្ងន់ថា យោធាភូមាគួរតែបោះបង់អំណាច ដែលខ្លួនបានរឹបអូសហើយដោះលែងក្រុមមេដឹកនាំ អ្នកស៊ូមតិ និងសកម្មជនព្រមទាំងដកការរឹតត្បិតចេញពីប្រព័ន្ធទូរគមនាគមន៍ និងជៀសវាងការបង្កអំពើហិង្សា។ ខណៈនេះផងដែរ ក្រុមយោធាភូមាបានផ្ដាច់ប្រព័ន្ធ Internet ជាបណ្ដោះអាសន្នមិនឱ្យពលរដ្ឋប្រើប្រាស់បណ្ដាសង្គមហ្វេសប៊ុកទៀតនោះទេ។

ប្រសាសន៍របស់លោកចូ បៃដិន ថ្លែងឡើងមួយថ្ងៃ ក្រោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិនឹងដាក់សម្ពាធឱ្យមេរដ្ឋប្រហារភូមា ត្រូវតែប្រគល់អំណាចឱ្យអ្នកឈ្នះពិតប្រាកដវិញ។

តាមសេចក្ដីរាយការណ៍របស់ Diplomat លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ព្រមានយោធាមីយ៉ាន់ម៉ាឱ្យផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលវិញ ហើយលោកនឹងរិះរកគ្រប់វិធីសាស្ត្រដើម្បីស្តារដំណើរប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាឲ្យទាល់តែបាន។

ប្រសាសន៍របស់លោកគឺថា យើងនឹងធ្វើគ្រប់យ៉ាងតាមតែអាចធ្វើបានដើម្បីប្រមូលភាគីសំខាន់ៗ និងសហគមន៍អន្តរជាតិ សំដៅដាក់សម្ពាធលើមីយ៉ាន់ម៉ាដើម្បីធានាថា រដ្ឋប្រហារនេះបរាជ័យ។ លោកបន្តថា ក្រោយការបោះឆ្នោតដែលត្រូវបានរៀបចំជាធម្មតា និងក្រោយរយៈពេលអន្តរកាលដ៏យូរ វាមិនអាចទទួលយកបានជាដាច់ខាតចំពោះការច្រានចោលលទ្ធផលការបោះឆ្នោត និងឆន្ទៈប្រជាជន។

យោធាភូមា បានអះអាងថាដើមចមនៃការដណ្ដើមអំណាចគឺដោយសារតែបក្សអ្នកស្រីស៊ូជី និង គ.ជ.ប. របស់ភូមាមិនព្រមដោះស្រាយបណ្ដឹងបោះឆ្នោតដែលមានភាពមិនប្រក្រតីរាប់លានករណី។

ក្រោយបីថ្ងៃនៃការចាប់ខ្លួន អ្នកស្រី អ៊ុង សានស៊ូជី ត្រូវបានតុលាការចោទប្រកាន់ពីបទ បំពានច្បាប់នាំចេញ នាំចូលដោយរកឃើញវិទ្យុទាក់ទង១០គ្រឿងក្នុងផ្ទះរបស់អ្នកស្រី ចំណែកលោក Win Myint ក៏ត្រូវចោទពីបទបំពានច្បាប់ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងអំឡុងពេលកូវីដ-១៩ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស