26 C
Phnom Penh

លោក ហ៊ុន សែន ប្រកាសបិទផ្លូវចរចារជាមួយក្រុមប្រឆាំង និងហាមមិនឱ្យបរទេសលូកដៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ព្រមានមិននិយាយជាមួយតំណាងទូត ឬបរទេសណាមួយឡើយ ដែលយកបញ្ហាគណបក្សប្រឆាំងទៅជជែកជាមួយលោក។ លើសពីនេះ លោកក៏បានប្រកាសបិទផ្លូវចរចាជាមួយក្រុមនេះ ដោយលោកបានហៅក្រុមប្រឆាំងថាជា «ក្រុមឆ្កែកាច» ថែមទៀតផង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយពិធីទទួលអំណោយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីមហាមិត្តចិនរបស់លោក នៅអាកាសយានដ្ឋាន    អន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧កុម្ភៈនេះ លោក ហ៊ុន សែន បានហៅក្រុមអ្នកប្រឆាំងទាំងក្នុងស្រុក និងក្រៅស្រុកថាជា «ក្រុមឆ្កែកាច» ។ ជាមួយគ្នានេះ លោកបានហាមខ្លួនឯង និងមន្ត្រីក្រោមឱវាទរបស់ខ្លួនជាថ្មីទៀត ដោយមិនឱ្យឆ្លើយតប ឬមិនត្រូវតបតជាដាច់ខាតជាមួយក្រុមប្រឆាំងនោះឡើយ។

ក្រៅពីមិនឆ្លើយតប លោក ហ៊ុន សែន ក៏បានប្រកាសមិននិយាយជាមួយតំណាងទូតណាទាំងអស់ ដែលថា នាំបញ្ហារបស់បុគ្គលមួយចំនួននៅក្នុងគណបក្សសង្រ្គោះជាតិមកជជែកឬ ចរចា ព្រោះលោកថាគ្មានអ្វីត្រូវនិយាយទៀតនោះទេ។ 

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ ថា ក្រុមទាំងនោះ មិនមានតម្លៃសម្រាប់លោក ដែលត្រូវឆ្លើយឆ្លងនោះទេ។

ការរំលឹកពីរឿងចរចារនេះ ធ្វើឡើក្រោយពេលក្រុមគណបក្សសង្រ្គោះជាតិភាគីលោក សម រង្ស៊ី បានប្រកាសថានឹងចូលស្រុកខ្មែរកាលពីខែមករា ដែលដឹកនាំដោយអនុប្រធានគណបក្ស គឺ អ្នកស្រី មូរ សុខហួរ ដើម្បីស្វែងរកការផ្សះផ្សារនយោបាយជាមួយលោក ហ៊ុន សែន ប៉ុន្តែដំណើរមាតុភូមិនិវត្តន៍នោះបានរងការបរាជ័យ។

គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីតុលាការកម្ពុជាបានចោទក្រកាន់លោក កឹម សុខា ដែលជាប្រធានគណបក្សនេះថា ក្បត់ជាតិ។ ក្រៅពីរំលាយហើយ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ១១៨នាក់ ក៏ត្រូវតុលាការកំពូលហាមឃាត់សិទ្ធិ  មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំនិងដកហូតតំណែងមន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់មូលដ្ឋានរហូតព្រឹទ្ធសភាផងដែរ។

តាមរយៈវីដេអូឃ្លីបប្រវែងជាង៦នាទី ដែលបង្ហោះលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៧ខែកុម្ភៈ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានហៅសកម្មភាពលោកហ៊ុន សែន ថាបានធ្វើរដ្ឋប្រហាររៀងរាល់ថ្ងៃ។

លោកថា រដ្ឋប្រហាររាល់ថ្ងៃនោះ គឺលោក ហ៊ុន សែន បានធ្វើសកម្មភាពបង្ហាញពីការរំលោភរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលជារៀងរាល់ថ្ងៃ និងធ្វើសកម្មភាពបំពានច្បាប់កំពូលជារៀងរាល់ថ្ងៃផងដែរ ហើយរដ្ឋប្រហាររាល់ថ្ងៃនេះ គឺចាប់តាំងពីក្រោយឆ្នាំ១៩៩៨មក។

ជាក់ស្តែងលោក សម រង្ស៊ី ថា កម្ពុជាមានអ្នកជាប់ឃុំនយោបាយយ៉ាងច្រើនក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បច្ចុប្បន្ន ដោយសារការបញ្ចេញមតិ បំបិទសំឡេងរិះគន់ ចាប់មេបក្សប្រឆាំងដាក់គុក ហើយរំលាយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៧ និងបំបិទសំឡេងសារព័ត៌មានឯករាជ្យ ព្រមទាំងការដឹកនាំប្រទេសដែលកើតឡើងដោយការបោះឆ្នោតក្លែងក្លាយកាលពីឆ្នាំ២០១៨ ជាដើម។

ដោយឡែកអ្នកវិភាគនយោយលោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសនៅថ្ងៃទី៨ខែកុម្ភៈថាលោកហ៊ុន សែន បានធ្វើរដ្ឋប្រហារជាអចិន្ត្រៃយ៍តែម្តង។ លោកថាពាក្យថា រដ្ឋប្រហាររាល់ថ្ងៃនោះ គឺមិនមានទម្ងន់នយោបាយ ទាំងចិត្តសាស្ត្រ ទាំងយុទ្ធសាស្ត្រ ក្នុងកម្រិតស្ថានភាពកម្ពុជាទេ។

អ្នកវិភាគរូបនេះថា អ្វីដែលលោកហ៊ុន សែន កំពុងបន្តអនុវត្តន៍នេះ គឺជាកលយុទ្ធនយោបាយអំណាចអាជ្ញានិយម ឬនិយាយដោយសាមញ្ញ ហៅថា អំណាចទំនើង ឬរដ្ឋប្រហារអចិន្ត្រៃយ៍។ លោកបន្តថា រដ្ឋប្រហារ អចិន្ត្រៃយ៍ នេះ ដោយសារតែអ្វីដែលធ្វើឱ្យលោក ហ៊ុន សែន គិតដល់ខ្វល់បារម្ភជាប្រចាំនោះ គឺកម្លាំងប្រជារាស្ត្រនៃមហាជនទាំងមូល។

មកទល់ពេលបច្ចុប្បន្ន មានអតីតសកម្ម និងមន្ត្រីគណបក្សសង្រ្គោះជាតិ មិនក្រោមពី១០០នាក់ឡើយ ដែលត្រូវបានតុលាការចោទប្រកាន់ ពីបទញុះញង់ និងរួមគំនិតក្បត់ ជាមួយអតីតមេបក្សប្រឆាំងនៅក្រៅប្រទេស។ ក្នុងនោះ មានអ្នកខ្លះត្រូវបានចាប់ដាក់ពន្ធនាគារ និងខ្លះទៀតបង្ខំរត់ភៀសខ្លួនទៅក្រៅប្រទេស ព្រមទាំងខ្លះទៀតត្រូវបង្ខំចិត្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស