34 C
Phnom Penh

រដ្ឋាភិបាលសម្រេចឱ្យប្រទេសជិតខាងនាំត្រីចូលកម្ពុជាឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងកសិកកម្មរុក្ខា ប្រមាញ់និងនេសាទ បានសម្រេចឱ្យប្រទសជិតខាងនាំចូលត្រីឡើងវិញ ក្រោយពីសម្រេចផ្អាកមិនឱ្យប្រទេសវៀតណាមនាំចូលមកកម្ពុជាកាលពីខែមករា ឆ្នាំ២០២០។

ការសម្រេចបើកផ្លូវឱ្យប្រទេសជិតខាងនាំត្រូវចូលវិញនេះ ធ្វើឡើងក្រោយពីក្រសួងពាណិជ្ជកម្មវៀតណាម កាលពីថ្ងៃទី១៩ខែមករា ឆ្នាំ២០២១ បានប្រតិកម្មនឹងការផ្អាកការនាំចូលត្រីចិញ្ចឹមចំនួន៤ប្រភេទពីវៀតណាមដោយភាគីកម្ពុជា ដើម្បីធានាបានទីផ្សារត្រីរបស់កសិករខ្មែរ។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងកសិកកម្មរុក្ខា ប្រមាញ់និងនេសាទនៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២១ ឱ្យដឹងថា ការសម្រេចបន្តឱ្យមានការនាំចូលត្រីពីក្រៅប្រទេសចូលមកកម្ពុជាវិញ ដោយថា ដើម្បីបំពេញតម្រូវការជាក់ស្តែងនៅក្នុងប្រទេស។ 

ក្រសួងកសិកម្មឱ្យដឹងថា មូលហេតុដែលកម្ពុជាអនុញ្ញាតឱ្យប្រទេស   វៀតណាម នាំចូលត្រីចំនួន៤ ប្រភេទ មានដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្ដោ ឡើងវិញ  ក្នុងគោលបំណងស្តារវិស័យវារីវប្បកម្មនៅក្នុងប្រទេស។

យ៉ាងណាការអនុញ្ញាតឱ្យវៀតណាម នាំចូលត្រីទាំង៤ប្រភេទនេះចូលកម្ពុជាឡើងវិញ ព្រោះកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ភាគីវៀតណាមបានផ្ញើលិខិតមួយច្បាប់មករដ្ឋាភិបាលកម្ពុជាដោយស្នើឱ្យលុបចោលបម្រាមនេះ។ វៀតណាមថា ការផ្អាកជាបណ្តោះអាសន្ននូវការនាំ ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្ដោ នោះ  នឹងធ្វើឱ្យប៉ះពាល់ដល់ស្មារតីពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក និងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

អ្នកជំនាញខាងផ្នែកកសិកម្ម និងជាប្រធានគណកម្មាធិការប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានបន្ទោសរដ្ឋាភិបាលថា គ្មានការទទួលខុសត្រូវចំពោះផលិតផលក្នុងសុ្រក ឬសុខភាពរបស់ពលរដ្ឋខ្លួន។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជាផលិតបានត្រីចំនួនជាង៤០០ពាន់តោន (៤០០ ៤០០ តោន) កើនជាង៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលផលិតបានតែជាង៣០០ពាន់តោន (៣០៧ ៤០៨ តោន)។

ដោយឡែក នៅឆ្នាំ២០២០ កម្ពុជានាំចូលត្រីពីវៀតណាមក្នុងបរិមាណជាង១៦ ពាន់តោន ដោយចំនួននេះបានកើនជាង២០ភាគរយ ធៀបនឹងឆ្នាំ២០១៩ ដែលមានជាង១២ពាន់តោនប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស