ពលរដ្ឋ ឬអ្នកមានចំណែកក្បាលដី នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលត្រូវ លោក ហ៊ុន សែន ចេញអនុក្រឹត្យកាត់ឆ្វៀល ឬធ្វើអនុប្រយោគចេញពីបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ជូនទៅឲ្យក្រុមហ៊ុនហ្វូហាយ អ៊ិនវេសមេន កាលពីពេលថ្មីៗនេះរួចមក កំពុងរងការធ្វើទុក្ខបុកម្នេញ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងតុលាការ។
ក្រុមប្រជាពលរដ្ឋអះអាងថា សមត្ថកិច្ចបានគម្រាមកំហែងចាប់ប្រជាពលរដ្ឋ ដាក់គុកច្រវ៉ាក់ជាបណ្តើរៗ ដោយសារពួកគេហ៊ានចេញមុខ តវ៉ាទាមទារចំណែកក្បាលដី របស់ខ្លួន នៅលើបរិវេណដី ដែលលោក ហ៊ុន សែន កាត់ឆ្វៀលដីជូនក្រុមហ៊ុន។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ គណៈបញ្ជាការខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន បានដាក់បទបញ្ជាទៅ លោក ហេង ប៊ុនទី មេបញ្ជាកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ បញ្ជូនកម្លាំង ចុះចាប់ខ្លួនពលរដ្ឋចំនួន ១០នាក់ នាំយកទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ ហើយក្រោយមកនៅថ្ងៃទី០៤ ខែកុម្ភៈ កម្លាំងកងរាជអាវុធហត្ថខេត្តនេះ ក៏បានកសាងសំណុំរឿងបញ្ជូនមនុស្សចំនួន ០៤នាក់ រួមវត្ថុតាង ទៅកាន់សាលាដំបូងខេត្តនេះ ហើយត្រូវបានតុលាការចេញដីកា ឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន ដោយចោទពីបទ ជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាដោយចេតនា, ករណីប្រើប្រាស់អាវុធ ខុសច្បាប់ និងករណីគំរាមកំហែងថា នឹងសម្លាប់ ដែលប្រព្រឹត្តិឡើងនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រុមអ្នកភូមិទាំង ០៤នាក់ ដែលត្រូវតុលាការចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះសីហនុ រួមមាន៖ ឈ្មោះ គុយ ស៊ុន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ស៊ាង វណ្ណី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន, ឈ្មោះ ថឿន សុថួន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ, ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករវាយថ្ម។
ពលរដ្ឋមួយចំនួនទៀត ដែលអះអាងថា មានចំណែកក្បាលដី នៅក្នុងបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ដែលត្រូវបាន លោក ហ៊ុន សែន កាត់ឆ្វៀលជូនក្រុមហ៊ុនហ្វូហាយនោះដែរ ពេលនេះពួកគាត់កំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនផង និងការបាត់បង់ដីធ្លី របស់ពួកគេផងព្រោះ ត្រូវក្រុមហ៊ុនហ្វូហាយ អ៊ិនវេសមេន រំលោភយក ហើយបច្ចុប្បន្ននេះ ត្រូវអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន និងលោក ហេង ប៊ុនទី បានប្រើកម្លាំងប្រដាប់អាវុធ គម្រាម តាមចាប់ខ្លួនពួកគាត់ដាក់ពន្ធនាគារទៀត។
ជាងនេះទៀត សមត្ថកិច្ចទាំងនោះ ថែមទាំងបានគម្រាមប្រជាពលរដ្ឋ ឬមនុស្សទាំងឡាយណា ដែលសូម្បីតែធ្វើដំណើរឆ្លងកាត់បរិវេណដី ដែលត្រូវ លោក ហ៊ុន សែន កាត់ឆ្វៀលជូនក្រុមក្រុមហ៊ុនហ្វូហាយ អ៊ិនវេសមេន តំណាងដោយ លោក រតនៈ សម្បត្តិ មានទីតាំងនៅស្រុកព្រៃនប់ នោះ ទៀតផង។
កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនសង្ស័យចំនួន ១០នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅតំបន់ពូយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមបណ្ដឹង របស់ឈ្មោះ ផល សុភ័ណ្ឌ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយាមដីឲ្យក្រុមហ៊ុន ហ្វូហាយ។
ក្រោយពេល សមត្ថកិច្ច បានសាកសួរជនសង្ស័យទាំង ១០នាក់ តាមនីតិវីធីរួច ក៏បានដោះលែងមនុស្សចំនួន ០៦នាក់វិញ ដោយអះអាងថា មិនមានការពាក់ព័ន្ធបទចោទខាងលើនេះទេ។
លិខិតស្នើសុំ របស់ទីស្តីការគណៈរដ្ឋមន្ត្រី មានចុះហត្ថលេខា និងបោះត្រា ដោយលោក ឈួន សុធី រដ្ឋលេខាធិការ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បានជម្រាបជូន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយនៅក្នុងកម្មវត្ថុបានលើកយកករណីក្រុមហ៊ុនហ្វូហាយអ៊ិនវេសមេន ដែលតំណាងដោយ លោក រតនៈ សម្បត្តិ ស្នើសុំកាត់ឆ្វៀលដី និងចុះបញ្ជីចេញបណ្ណកម្មសិទ្ធិចំនួន ៤៦បណ្ណ ទំហំជិត២ម៉ឺនហិកតា មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សំណើរកាត់ឆ្វៀលដីចេញពី គម្របព្រៃឈើឆ្នាំ២០០២នេះ យោងតាមលិខិត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី, លិខិតចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី និងចំណារ របស់ លោក ហ៊ុន សែន ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ឯកសារទីស្តីការគណៈរដ្ឋមន្ត្រីដដែលនេះ ក៏បានជម្រាបជូន លោក ជា សុផារ៉ា និងលោក គួច ចំរើន ថា រាជរដ្ឋាភិបាល បានសម្រេចកាត់ឆ្វៀលដីទំហំ ២៥,៩៣ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ ដូចមានក្នុងផែនទី និងចំណុចនិយាមកាជូនភ្ជាប់ជាមួយ និងប្រគល់ជូនក្រុមហ៊ុន ហ្វូហាយអ៊ិនវេសមេន គ្រប់គ្រងជាកម្មសិទ្ធិ។
បន្ថែមលើនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានតម្រូវឲ្យ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាព។
ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តព្រះសីហនុ ថ្លែងរិះគន់ថា ដីគម្របព្រៃឈើឆ្នាំ២០០២ ពិតជាត្រូវរលាយហិនហោច នៅក្នុងអាណត្តិ លោក គួច ចំរើន មកដឹកនាំជាអភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា មកធ្វើជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី យ៉ាងពិតប្រាកដ។ ហើយចំពោះការប្រើកម្លាំងប្រដាប់អាវុធ សម្រាប់ចាប់ពលរដ្ឋដាក់គុកច្រវ៉ាក់វិញ គឺរដ្ឋបាលខេត្តនេះ បានប្រើកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក ហេង ប៊ុនទី ជាអ្នកចុះអនុវត្តន៍កិច្ចការងារទាក់ទងការតវ៉ាលើវិវាទដីធ្លី នៅតាមសហគមន៍ផ្សេងៗក្នុងខេត្តទេសចរណ៍មួយនេះ។
អ្នកឃ្លាំមើលសង្គមទាំងនេះ កត់សម្គាល់ឃើញថា ជាបន្តបន្ទាប់មកនេះ តែងឃើញលោក ហ៊ុន សែន កាត់ឆ្វៀលដីគម្របព្រៃឈើ២០០២ ធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ ទៅឲ្យបុគ្គលមានទ្រព្យ ក្រុមហ៊ុនធំៗ ដែលជាបក្ខពួកមន្ត្រីមានអំណាច និងមន្ត្រីមានឋានៈខ្ពស់ ក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន មានដូចជា៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ និងទូរគមនាគមន៍លោក កើត សុទ្ធារ៉ា មេគយចល័តទូទាំងប្រទេស, អ្នកស្រី ហ៊ុន ចាន់ធី ភរិយាលោក ម៉ៅធនិន អភិបាលខេត្តពោធិ៍សាត់ ដែលត្រូវជាក្មួយស្រី របស់លោក ហ៊ុន សែន និងដីគម្របព្រៃឈើឆ្នាំ២០០២ មួយផ្នែកទៀត ត្រូវលោក ហ៊ុន សែន កាត់ឆ្វៀលជូនកូចៅ និងសាច់ញាតិ របស់លោកផ្ទាល់តែម្តង។
ត្រង់ចំណុចនេះ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមខាងលើនេះ បាននិយាយបែបចំអកថា ទំនងជាធនធានធម្មជាតិ ដីព្រៃឈើនៅលើកោះរ៉ុង, កោះរ៉ុងសន្លឹម, ដីព្រៃឈើក្នុងឧទ្យានជាតិរាម និងដីគម្របព្រៃឈើឆ្នាំ២០០២ជាដើមនេះ នឹងត្រូវរលាយហិនហោច នៅក្នុងអាណត្តិលោក គួច ចំរើន និងលោក ជា សុផារ៉ា ជាក់ជាមិនខាន។
ងាកទៅពលរដ្ឋមួយចំនួន ដែលអះអាងថា មានចំណែកក្បាលដីនៅក្នុងបរិវេណគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ នេះដែរ ថ្លែងព្រួយបារម្ភខ្លាចបាត់បង់ដីធ្លី ដែលបានទិញ ឬកាប់រានដីធ្វើកម្មសិទ្ធិ ក្នុងដែនគម្របព្រៃឈើបៃតង ដែលត្រូវបានលោក ហ៊ុន សែន បានកាត់ឆ្វៀលទៅឲ្យក្រុមហ៊ុនហ្វូហាយ អ៊ិនវេសមេន គ្រប់គ្រងជាកម្មសិទ្ធិ ដោយមិនបានខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅ របស់ពលរដ្ឋ ដែលរស់នៅជាក់ស្តែង ឬមានចំណែកក្បាលដីនៅក្នុងតំបន់នោះដែរនោះទេ។
ប្រភពពីមន្ត្រីរាជការថ្នាក់ទាប បញ្ជាក់ថា រាល់ថ្ងៃនេះ អ្នកនៅពីក្រោយក្រុមហ៊ុនហ្វូហាយ អ៊ិនវេសមេន ខាងលើនេះ គឺមានឋានៈធំសម្បើមក្រៃលែង និងមានខ្នងបង្អែកខ្ពស់កប់ពពក ជិតដល់ឋានព្រះឥន្ទឯណោះ។
ដូច្នេះបើក្រុមហ៊ុនខាងលើនេះ ចង់យកទីតាំងដីត្រង់ចំណុចណាមួយ នៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២នេះ ឬទីតាំងដីកន្លែងផ្សេងៗ ក្នុងខេត្តព្រះសីហនុ គឺងាយស្រួលបំផុត ពោលគឺគ្មានជនណាម្នាក់ហ៊ានចេញមុខរារាំងក្រុមហ៊ុននេះទេ ព្រោះបើហ៊ានចេញមុខតវ៉ា នឹងត្រូវចាប់ខ្លួនដាក់គុកច្រវ៉ាក់ជាក់ជាមិនខាន ហើយបើចង់សុខខ្លួនត្រូវដេកអោបទុក្ខ ព្រួយ ឬត្រូវប្រគល់ជូនចំណែកដីរបស់ខ្លួនទាំងនោះ ទៅឲ្យក្រុមហ៊ុនក្រុមហ៊ុនហ្វូហាយ អ៊ិនវេសមេន ដោយស្ងៀមស្ងាត់ ហើយដកខ្លួនចេញទៅសំងំដេកយកសុខទៅ ព្រោះគ្មានអ្នកជួយរកយុត្តិធម៌នោះទេ ដោយហេតុថា បរិវេណដីខាងលើនេះ គឺត្រូវលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន កាត់ទៅឲ្យក្រុមហ៊ុននេះធ្វើកម្មសិទ្ធិ ហើយម្ចាស់ពិតប្រាកដ របស់ក្រុមហ៊ុននេះ ក៏មិនធម្មតាដែរ៕