28.4 C
Phnom Penh

សកម្មជនការពារព្រៃឈើ៥នាក់ ត្រូវបានតុលាការសម្រេចដោះលែងវិញ ក្រោយឃុំខ្លួនពួកគេ៣យប់៤ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនការពារព្រៃឈើ ចំនួន៥នាក់ រួមមានម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក អ៊ូច ឡេង និងសកម្មជន៤នាក់ទៀត ត្រូវបានតុលាការខេត្តក្រចេះដោះលែងវិញហើយ នៅព្រឹកថ្ងៃទី៨ កុម្ភៈ ក្រោយពីឃុំខ្លួនពួកគេអស់រយៈពេល ៣យប់ និង៤ថ្ងៃ។ ការសម្រេចដោះលែងពួកគេវិញនេះ ក្រោយរកមិនឃើញភស្តុតាងដាក់បន្ទុកលើពួកគេនោះឡើយ។

យ៉ាងណាការដោះលែង សកម្មជនការពារព្រៃឈើទាំងនោះ តុលាការក៏តម្រូវឱ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់ការចូលព្រៃឡង់ដោយគ្មានច្បាប់អនុញ្ញាតបន្តទៀត។ សកម្មជនការពារព្រៃឈើទាំងនោះ រួមមានប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក ផៃ សុផុន ហៅម៉ាន ម៉ាត់ លោក តង ជាង និង លោក ហេ រុន។

ពួកគេ ត្រូវបានឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងពេលដែលពួកគេរួមទាំងសសហគមន៍មូលដ្ឋានសរុប ១០នាក់ ដើរប្រមូលភស្តុតាងបទល្មើសព្រៃឈើ ព្រមទាំងបំបួសដើមឈើ និងដាក់ស្លាកសញ្ញាតាមដើមឈើធំៗ កុំឲ្យមានការកាប់បំផ្លាញព្រៃឈើ នៅតំបន់ព្រៃឡង់ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ជាប់ក្រុមហ៊ុនស៊ីងបាយអូថេក (Think Biotech)។

ការឃាត់ខ្លួនពួកគេនេះ ក៏រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចំពោះចំណាត់ការរបស់អាជ្ញាធរ ដោយថារដ្ឋាភិបាលអសមត្ថភាពក្នុងការបង្ក្រាបជនល្មើស និងមិនព្រមទៅចាប់ជនល្មើសដែលកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ទេ ប៉ុន្តែអាជ្ញាធរបែរជាមកចាប់ខ្លួនអ្នកការពារព្រៃឈើទៅវិញ។

ចាប់តាំងពីមានការទប់ស្កាត់មិនឱ្យសកម្មជនការពារព្រៃឈើ និងប្រជាសហគមន៍ចូលល្បាតក្នុងតំបន់ព្រៃឡង់កាលពីដើមឆ្នាំ២០២០មក បទល្មើសព្រៃឈើនៅតំបន់អភិរក្សមួយនេះគ្មានការថយចុះឡើយ។ ការហាមឃាត់អ្នកការពារព្រៃឈើមិនឱ្យចូលព្រៃអភិរក្សនោះ  ត្រូវបានគេមើលឃើញថា គឺជាការបើកដៃឱ្យក្រុមជនល្មើស និងក្រុមឈ្មួញ បន្តបំផ្លាញព្រៃឡង់ដោយរលូនតែប៉ុណ្ណោះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស