អ្នកជំនាញផ្នែកច្បាប់បាន អះអាងថា ការបង្កើតគណបក្សនយោបាយណាមួយគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែសូមធ្វើនយោបាយប្រកបដោយគុណធម៌ និងត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងមិនត្រូវយកឈ្មោះមេបក្សប្រឆាំង លោក កឹម សុខា ទៅពាក់ព័ន្ធជាដាច់ខាត។
មេធាវីការពារក្តីរបស់លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងជាប់បំរាមរបស់តុលាការពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ហេតុនេះសកម្មភាពនយោបាយនានាមិនអាចពាក់ព័ន្ធជាមួយនឹងរូបលោកជាដាច់ខាត។
អ្នកស្រី អះអាងថា មានបុគ្កល និងក្រុមមួយចំនួនបានបង្កើតគណបក្សថ្មីៗ ដោយមានការភ្ជាប់ឈ្មោះលោក កឹម សុខា ផងដែរ ក្នុងចេតនាដើម្បីប្រយោជន៍គណបក្សថ្មីនោះ ដែលពួកគេបានប្រកាសថាគណបក្សដែលទើបបង្កើតថ្មីនោះ នឹងទុកតំណែងប្រធានសំរាប់លោក កឹម សុខា មកដឹកនាំជាដើម។
មេធាវីរូបនេះបញ្ជាក់ថា កន្លងមកមានបុគ្គលមួយចំនួនបានយកឈ្មោះ និងករណីលោក កឹម សុខា ទៅភ្ជាប់ដូចជាការប្រើពាក្យថា សម រង្សី កឹម សុខា ជាមនុស្សតែមួយ ហើយបានយកសារដែលមានឈ្មោះលោក កឹម សុខា ទៅធ្វើការរៃអង្គាស់ប្រាក់ ដែលមិនពាក់ព័ន្ធនឹងលោក កឹម សុខា ទាល់តែសោះ។
ជាងនេះទៀត ក៏មានការយកឈ្មោះលោក កឹម សុខា ទៅភ្នាល់គ្នា និងការបង្កើតចលនា២ធ្នូ ដែលមិនមានការយល់ព្រម និងការគាំទ្រពីលោក កឹម សុខា ថែមទៀត។ ករណីនេះសហមេធាវីរបស់លោក កឹម សុខាក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៏ក្នុងនាម កឹម សុខា រួចមកហើយកាលពីថ្ងៃទី២ ធ្នូ ២០១៨ កន្លងមក ។
ការអះអាងនេះ ធ្វើឡើងស្របពេលបុគ្គលមួយចំនួនដែលបានចាកចេញពីគណបក្សសង្គ្រោះជាតិទៅបង្កើតគណបក្សថ្មី និងចលនានយោបាយថ្មីដោយប្រើឈ្មោះមេបក្សប្រឆាំងគណបក្សសង្គ្រោះជាតិនាពេលកន្លងមក។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានអំពាវនាវកុំឲ្យថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សសង្រ្គោះជាតិ ប្រកាសការគាំទ្ររបស់ខ្លួនចំពោះចលនានេះជាសាធារណៈ ដើម្បីធានាសុវត្ថិភាព និងធានាប្រសិទ្ធភាពការងាររបស់ចលនានេះ ខណៈលោក កឹម សុខា មិនត្រូវបានគាំទ្រចលនានេះ។
អ្នកឃ្លាំមើលសង្គម រិះគន់ថា លោក សម រង្ស៊ី មិនគួរបង្កើតចលនាថ្មីណាមួយក្រៅពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សកើតចេញពីការចាប់ដៃជាមួយលោក កឹម សុខា នោះទេ ហើយចលនានេះក៏ជាមូលហេតុនាំឲ្យមានការបែកបាក់សង្គ្រោះជាតិផងដែរ។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សហមេធាវីរបស់មេបក្សប្រឆាំង លោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍ដោយគូសបញ្ជាក់ថា បុគ្គល ឬក្រុមណាដែលមានបំណងបង្កើត ឬបានបង្កើតបក្សនយោបាយ ឬចលនា ណាមួយសូមកុំប្រើឈ្មោះរបស់លោក កឹម សុខា ឲ្យសោះ។
កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនពីបទ គប់គិតជាមួយបរទេស និងត្រូវឃុំខ្លួននៅមន្ទីឃុំឃាំត្រពាំងផ្លុង ជាង១ឆ្នាំ។
រហូតដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបលោក ត្រូវបានផ្តល់សិទ្ធិសេរីភាពមួយកម្រឹតទៀត គឺអាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមមិនឲ្យធ្វើសកម្មភាព នយោបាយ និងចេញក្រៅប្រទេសជាដាច់ខាត។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះផងដែរថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលបានចេញទៅបង្កើតគណបក្ស ចលនាដោយខ្លួនឯងហើយប្រាប់ ពលរដ្ឋថាជាគណបក្ស ឬជាចលនារបស់ពួកគេ ទទួលបានភ្លើងខៀវពីមេបក្សប្រឆាំង អាចនឹងធ្វើឲ្យតុលាការ និងអន្តរជាតិ មានការភ័ណ្ឌច្រឡំ ដែលនឹងរុញច្រានឲ្យប្រធានបក្សប្រឆាំងមានទោសបន្ថែមទៀត។
លោក អះអាងថា ការបង្កើតបក្សថ្មី ឬចលនាណាមួយ ជាសិទ្ធិសេរីភាពរបស់បុគ្គលរៀងៗខ្លួនដោយស្របតាមច្បាប់របស់កម្ពុជាតែសូមកុំយកឈ្មោះមេបក្សប្រឆាំង លោក កឹម សុខា ទៅប្រើបា្រស់ដែលជាចេតនាមិនល្អសម្រាប់រូបលោក ព្រោះការពិតលោក កឹម សុខា មិនបានផ្តល់យោបល់ ឬបញ្ជាឲ្យពួកអ្នកទាំងនោះធ្វើដូចដែលគេបានអះអាងនោះទេ។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សបក្សប្រឆាំង លោក សួន រីដា អះអាងថា ការចេញទៅបង្កើតបក្សថ្មីរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងគឺជាការចង់បានរបស់លោក ហ៊ុន សែន ដែលមានបំណង់ចង់បំបែកស្មារតីសង្គ្រោះជាតិផងដែរ ជាងនេះក៏ជាការបង្ហាញថា អ្នកទាំងនោះពិតជាព្រមទទួលស្គាល់ថាការរំលាយគណបក្សសង្គ្រោះជាតិគឺពិតជាត្រឹមត្រូវ។
ជាងនេះទៀត លោក បញ្ជាក់ថា ការបង្កើតចលនាថ្មី ឬបក្សនយោបាយថ្មី សុទ្ធសឹងជាមូលហេតុដែលនាំឲ្យស្មារតីគណបក្សសង្គ្រោះជាតិចុះទន់ខ្សោយ ហើយនាំទៅរកការបែកបាក់កាន់តែខ្លាំង ជាពិសេសការបង្កើតចលនាសង្គ្រោះជាតិ ២ ធ្នូ ឆ្នាំ២០១៨ របស់លោក សម រង្ស៊ី ដែលជាដើមចមនៃការបែកបាក់នេះ៕