ព័ត៌មានជាតិ

រលកបាតកម្មប្រឆាំងរដ្ឋប្រហារនៅភូមាបន្តចូលដល់ថ្ងៃទី៣គឺចំខួបរដ្ឋប្រហារមួយសប្ដាហ៍

By ឌឹ ខេមបូឌា ដេលី

February 09, 2021

ក្រុមប្រឆាំងរដ្ឋប្រហារនៅប្រទេសភូមា បានបន្តធ្វើបាតុកម្មចូលដល់ថ្ងៃទី៣ហើយ នៅថ្ងៃទី៨កុម្ភៈនេះ។ ក្រុមបាតុករ បានប្រកូកប្រកាសឲ្យមនុស្សម្នា ចូលរួមធ្វើបាតុកម្មឲ្យកាន់តែច្រើនឡើងៗ ។

សេចក្ដីរាយការណ៍ របស់ បណ្ដាញផ្សាយព័ត៌មាន Aljazeera  ឲ្យដឹងថាកុ្រមបាតុករ មិនត្រឹមតែជាអ្នកគាំទ្រ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនោះទេ គឺមានទាំងព្រះសង្ឃ គ្រូបង្រៀន គូ្រពេទ្យ កម្មករ និងកងទ័ពខ្លះបានដោះសំលៀកបំពាក់ឯកសណ្ឋានយោធាក៏មកចូលរួមផងដែរ។

នេះ ជារលកបាតកម្ម កើតមួយសប្តាហ៍ក្រោយពីពួកយោធា បានធ្វើរដ្ឋប្រហារនៅថ្ងៃចន្ទ ទី១ ខែកុម្ភៈ ដើម្បីរំលាយលទ្ធផលបោះឆ្នោត ដែលគណបក្ស សម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយ អ្នកស្រីអ៊ុងសានសូជី បានឈ្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសមាជិកសភាតាមបែបប្រជាធិបតេយ្យលើកទី២នៃប្រទេសអតីតរបបសឹង មួយនេះ កាលពីថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០ហើយលើកទីមួយនៅខែវិច្ឆិកា ឆ្នាំ២០១៥។

រដ្ឋប្រហារយោធា បានកើតមានឡើង ដើម្បីទម្លាក់រដ្ឋាភិបាលអ្នកស្រី អ៊ុកសាន ស៊ូជី ចេញពីអំណាច។ បណ្ដាញផ្សាយព័ត៌មាន Aljazeera  បានចុះផ្សាយថា បាតុកម្ម ដែលបានផ្ទុះឡើង នៅប្រទេសនៅលើទឹកដីនៃអតីតរបបសឹកមួយនេះ គឺស្ថិតក្នុងទម្រង់ជាទ្រង់ទ្រាយធំមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០០៧ ។

ប្រភពដដែលនេះឲ្យដឹងថា បាតុករមានជម្រុះ និងច្រើនក្រុម ច្រើនទីតាំង គឺនៅទូទាំងប្រទេស ហើយព្រះសង្ឃ ក៏បាននិមន្តចូលរួមធ្វើបាតុកម្មផងដែរ ដើម្បីរុញច្រានឲ្យរដ្ឋប្រហារបរាជ័យ។ នៅលើប្រព័ន្ធ បណ្តាញ VPN ដែលពួកយោធាពុំអាចបិទបាន ក្រុមបាតុករ បានឆ្លើយឆ្លងគ្នា ហើយ អំពាវនាវអោយចេញដើរតាមដងផ្លួវគ្រប់ៗគ្នា។

លោក Ei Thinzar Maung  ជាបាតុករម្នាក់បានបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយប្រើប្រាស់បណ្តាញ VPN ។

សាររបស់គាត់មានន័យដូចនេះថា សូមអ្នកតវ៉ាទាំងអស់ នៅទីក្រុង    រ៉ង់ហ្គូន ចេញមកធ្វើការតវ៉ាដោយសន្តិវិធី និងចូលរួមការប្រមូលផ្តុំជាមួយពួកយើង។

តាមសេចក្ដីរាយការណ៍របស់ បណ្ដាញផ្សាយព័ត៌មាន ដដែលនេះ  ពួកយោធា បានដាក់ពង្រាយរថយន្ត តាមដងផ្លូវ ហើយបាតុកម្មនៅថ្ងៃទី៣ នេះ គឺនៅតំបន់ខ្លះរងការបង្រ្កាបដោយពួកយោធា ដែលបាន បាញ់ទឹកបំបែកក្បួនបាតុកម្ម ប៉ុន្តែបាតុករ មិនបានដកថយចំពោះការបង្រ្កាបនេះទេ។

តាមសេចក្ដីរាយការណ៍ ពលរដ្ឋរាប់ម៉ឺននាក់ បាននាំគ្នាងើបឡើងតវ៉ានៅក្រុងរ៉ងហ្គូន ដោយទាមទារអោយ ដោះលែង អ្នកស្រី អ៊ុងស៊ាន ស៊ូជី និងមេដឹកនាំ  រួមទាំងមន្ត្រីទាំងអស់នៃគណបក្ស សម្ព័ន្ធជាតិប្រជាធិបតេយ្យ។

មកដល់ពេលនេះ ទាំងអ្នកស្រីអ៊ុងសានសូជី ប្រធានាធិបតី U Win Myint សមាជិកសភាជាប់ឆ្នោត និង សកម្ម ជន របស់បក្ស នេះ ១៦៥នាក់ កំពុងត្រូវបានឃុំខ្លួន។ សម្រាប់អ្នកស្រីសូជី មានវ័យ៧៥ឆ្នាំ ត្រូវបានរាយការណ៍មកថា អ្នកស្រីមានសុខភាពល្អ និងរឹងមាំ។

លោកមេធាវី Khin Maung Zaw បានអោយដឹងថាទាំងស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint កំពុងជាប់ឃុំក្នុងផ្ទះ ។

លោកបន្ថែមថា ក្រុមអាជ្ញាធរបានសួរចម្លើយអ្នកស្រីសូជីពាក់ព័ន្ធនឹង ល្មើសច្បាប់មួយគឺការប្រើប្រាស់វិទ្យុទាក់ទងដោយគ្មានអាជ្ញាបណ្ណនាំចូល។

ប៉ូលិសនិងពួកយោថាបានបិទផ្លូវសំខាន់ៗចូលមកកាន់ទីក្រុង កាន់តែមានចំនួនច្រើន ឡើងនៅថ្ងៃនេះ ដែលជាខួបមួយសប្ដាហ៍នៃ ការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ។ប្រទេសភូមា ធ្លាក់ក្នុងស្ថានភាព គ្រាអាសន្ន បន្ទាប់ពីរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ។

មេដឹកនាំ លោកខាងលិច ជាប្រទេសប្រជាធិបតេយ្យជឿនលឿន រួមទាំង អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានាធិបតីអាមេរិក ចូលបៃដិនបានសន្យា ថានឹងរុញអោយ ក្រុមរដ្ឋប្រហារ ទទួលបរាជ័យ ហើយ ត្រូវ ផ្ទេរអំណាច ទៅអោយអ្នកឈ្នះឆ្នោត វិញ ជាដាច់ខាត៕