34 C
Phnom Penh

អង្គការសង្គមស៊ីវិលទាមទារឱ្យក្រសួងបរិស្ថានបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនការពារព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ជាង៧០ បានទាមទារឱ្យក្រសួងបរិស្ថានបញ្ឈប់ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញសកម្មជនការពារព្រៃឈើ និងសមាជិកសហគមន៍នៅតាមមូលដ្ឋានតទៅទៀត ។

ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី០៩ ខែកុម្ភៈនេះ ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ចំនួន៧៤ បានបង្ហាញការសោកស្តាយ ចំពោះក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងយុទ្ធនាការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងសកម្មជនការពារព្រៃឈើមួយចំនួននៅក្នុងប្រទេស។ ក្រុមនេះ បានស្នើសុំឱ្យក្រសួងបរិស្ថាន បញ្ឈប់យុទ្ធនាការនៃការធ្វើទុក្ខបុកម្នេញប្រឆាំង នឹងសកម្មជនការពារព្រៃឈើ និងសមាជិកសហគមន៍នៅតាមមូលដ្ឋានតែម្តង ។

ការស្នើនេះ ក្រោយពេល មន្រ្តីមូលដ្ឋានរបស់ក្រសួងបរិស្ថានកាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុន  បានឃាត់ខ្លួនសកម្មជនការពារព្រៃឈើចំនួន ៥នាក់ ដែលកំពុងបំបួសដើមឈើ និងប្រមូលភស្តុតាងនៃការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលកើតមាននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ។

អ្នកទាំង៥នាក់ រួមមានលោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរជនការពារបរិស្ថានពិភពលោកឆ្នាំ២០១៦ លោកហេង ស្រស់ សកម្មជនការពារព្រៃឈើ និង សកម្មជនព្រៃឈើ៣នាក់ទៀត ។

ពួកគេ ត្រូវបានឃាត់ខ្លួនដោយគ្មានការចោទប្រកាន់អស់រយៈពេល៣យប់ នៅមន្ទីរបរិស្ថាន និងអធិការដ្ឋាននគរបាលក្រុងក្រចេះ មុនពេលត្រូវបានដោះលែងឱ្យមានសេរីភាពវិញកាលពីព្រឹកថ្ងៃទី៨ខែកុម្ភៈនេះ ។

ប្រភពដដែលបន្តថា សកម្មជនការពារព្រៃឈើ ទាំង៥នាក់ ត្រូវបានដោះលែងវិញ បន្ទាប់ពីផ្ដិតមេដៃលើកិច្ចសន្យាដែលហាមឃាត់ពួកគាត់មិនឱ្យធ្វើសកម្មភាពអភិរក្សផ្សេងៗនៅក្នុងតំបន់ការពារធម្មជាតិ ឬចែករំលែកវីដេអូ រូបភាព ឬព័ត៌មានឱ្យអង្គភាពខាងក្រៅ ប្រសិនបើគ្មានការអនុញ្ញាតពីអាជ្ញាធរ ។

សេចក្តីថ្លែងការណ៍ដដែលបានចាត់ទុកសកម្មភាពរបស់ក្រសួងថា មិនត្រឹមតែមិនបានជួយការពារព្រៃឈើចុងក្រោយនេះទេ ប៉ុន្តែបែរជាធ្វើទុក្ខទោសដល់ការខិតខំប្រឹងប្រែងអភិរក្សទៅវិញ ជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។

សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ គឺជាបញ្ហាកើតមានឥតឈប់ឈរមួយនៅកម្ពុជា។ បញ្ហានេះ ដែលត្រូវការជាខ្លាំងនូវការចូលរួមរបស់មនុស្សនិងស្ថាប័នផ្សេងៗគ្នា រួមមាន ក្រសួងបរិស្ថាន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងអង្គការនៅក្នុងកម្រិតសហគមន៍មូលដ្ឋាន ដើម្បីធ្វើការដោយសេរីនិងឯករាជ្យក្នុងការការពារព្រៃឈើដែលនៅសេសសល់របស់កម្ពុជា។ យ៉ាងណា ការឃាត់ខ្លួនសកម្មជនព្រៃឈើនេះ មិនមែនកើតឡើងជាលើកទី១នោះឡើយ។

ជាក់ស្តែង កាលពីខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីក្រសួងបរិស្ថានក៏បានបញ្ឈប់សកម្មភាពព្រះសង្ឃនិងសកម្មជនបរិស្ថានរាប់រយនាក់នៃ បណ្តាញសហគមន៍ព្រៃឡង់ នៅពេលដែលពួកគេមានបំណងចូលទៅកាន់ព្រៃឡង់ ដើម្បីប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំ។ លើសពីនេះ កាលពីខែមីនាឆ្នាំ២០២០ដដែលនោះ គឺមានការ ឃាត់ខ្លួនសកម្មជនព្រៃឈើចំនួន៤នាក់ ស្របពេលពួកគេកំពុងធ្វើរបាយការណ៍ស៊ើបអង្កេតពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅព្រៃឡង់ដែលបន្តកើតមានឡើងឥតឈប់ឈរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស