ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា ប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារអចិន្ត្រៃយ៍ លើរដ្ឋធម្មនុញ្ញកម្ពុជា និងលើព្រះមហាក្សត្រខ្មែរ ខណៈមន្ត្រីរាជាការថ្នាក់ក្រោមនាំគ្នារំលោភសិទ្ធិពលរដ្ឋជារៀងរាល់ថ្ងៃ។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោក ហ៊ុន សែន កំពុងបន្តអនុវត្តជាកលនូវយុទ្ធនយោបាយ អំណាចអាជ្ញានិយម ឬ អំណាចទំនើងជាប្រចាំដើម្បីការពារអំណាចបក្ខពួកគ្រួសារនិយមរបស់គាត់ឲ្យបានយូរអង្វែង។ លោកថា អ្វីដែលធ្វើឲ្យលោក ហ៊ុន សែន ព្រួយបារម្ភជាប្រចាំនោះ គឺកម្លាំងទាមទារការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋ។ លោក អះអាងថា អ្វីដែលលោក ហ៊ុន សែន ធ្វើគឺជាអំណាចដាច់បង្ហៀររបស់នាយករដ្ឋមន្ត្រីខ្មែរដែលពួកគេបាននាំគ្នាប្រព្រឹត្តអំពើពុករលួយបំផ្លាញធនធានប្រទេស កាត់ដីឲ្យបរទេស រំលោភរដ្ឋធម្មនុញ្ញកម្ពុជា និងរំលោភស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស៍ ស្ដីពីកម្ពុជា ២៣ តុលា ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរទៀតផង។
លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន សែន អាចនៅកាន់កាប់អំណាចបាន ដោយប្រើយុទ្ធវិធីនយោបាយរដ្ឋប្រហារអចិន្ត្រៃយ៍ ដោយការដឹកនាំនយោបាយយកប្រទេសជាតិជាឧបករណ៍ ប្រជាជនខ្មែរជាឈ្នាន់ កេងប្រវ័ញ្ចលុយជាតិដែលបណ្តាល ឲ្យបំណុល បរទេសកាន់តែកើនឡើងៗ ដោយមិនខ្វល់ពីការលំបាកវេទនារបស់ពលរដ្ឋខ្មែរឡើយ។
លោកថា ការធ្វើបែបនេះក៏ដើម្បីបំពេញមហិច្ឆតាបរទេសផងដែរដែលចង់ឲ្យខ្មែរស្ថិតក្រោមការត្រួតត្រាបែបនេះ ដែលពួកគេគ្រាន់តែផ្តល់អំណាចឲ្យបក្ខពួក និងគ្រួសារលោក ហ៊ុន សែន ដើម្បីជិះជាន់ និងបំផ្លិចបំផ្លាញខ្មែរជំនួសពួកគេបណ្តោះអាសន្នតែប៉ុណ្ណោះ។
ការអះអាងនេះធ្វើឡើងដើម្បីរិះគន់លើការឡើងកាន់អំណាច និងការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានប្រដូចគ្នាទៅនឹងការឡើងកាន់អំណាចរបស់មេយោធាភូមាលោក មីន អ៊ួង ហ្លាំ ដែលបានធ្វើរដ្ឋាប្រហារទម្លាក់លោក ស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ នេះ។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តសេនីយ៍នៃប្រទេសភូមាលោក មីន អួងហ្លាំង បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី ដើម្បីឡើងកាន់អំណាច បើទោះបីជាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់អ្នកស្រីទទួលបានការគាំទ្រពីប្រជាពលរដ្ឋភ្លូកទឹកភ្លូកដីតាមរយៈការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០ យ៉ាងណាក៏ដោយ។
ដោយឡែកនៅកម្ពុជា គណបក្សសង្គ្រោះជាតិដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាង ៣លាននាក់ តាមរយៈការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៧ ត្រូវបានគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ធ្វើរដ្ឋប្រហារធម្មនុញ្ញ កែច្បាប់ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប រយៈពេល ៥ឆ្នាំថែមទៀត។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក ម៉ែន ណាត ធ្លាប់បានប្រាប់សារពត៌មាន The Cambodia Daily ថា អំណាចរបស់លោក ហ៊ុន សែន គឺបានមកពីការប្លន់តែប៉ុណ្ណោះ។ ជាងនេះទៀត អំណាចនោះ គឺជាអំណាចដែលយល់ព្រមបម្រើផែនការគ្រប់យ៉ាងរបស់របស់បរទេសទេសឈ្លានពានផងដែរ។
លោកថា ក្រោមការជ្រោមជ្រែងរបស់រដ្ឋការក្រុងហាណូយ លោក ហ៊ុន សែន បានដណ្តើមអំណាចពីលោក ប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី ដើម្បីខ្លួនឯងឡើងកាន់កាប់អំណាចជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៨៥។
លើសពីនេះទៀត លោក អះអាងថា ក្រោយចាញ់ការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ អ៊ុនតាក់ លោក ហ៊ុន សែន បានប្លន់អំណាចម្តងទៀតពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១ នាពេលនោះ ដោយបានបង្កើតព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាម កាលពីថ្ងៃ ៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់យ៉ាងអណោចអាធមទាំងអយុត្តិធម៌៕