28 C
Phnom Penh

បញ្ញវន្តខ្មែរក្រៅប្រទេសថា បើមិនមានមេដឹកនាំប្រឆាំងទេ ពួកគេនឹងដឹកនាំប្រឆាំងលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរនៅក្រៅប្រទេស ប្រតិកម្មថា នៅពេលដែលមេដឹកនាំបក្សប្រឆាំងមានឥទ្ធិពលនយោបាយសព្វថ្ងៃប្រកាសចូលនិវត្តន៍ ពេលនោះពួកគេអាចនឹងចេញមុខប្រកាសដឹកនាំចលនាមហាជនធ្វើការតស៊ូមតិដើម្បីផ្លាស់ប្តូរការដឹកនាំផ្តាច់ការរបស់ត្រកូលហ៊ុនភ្លាម។

មន្រ្តីជាន់ខ្ពស់ និងជាអនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប គឹមសេង បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី៩ ខែកុម្ភៈ នេះថា ពេលនេះមេដឹកនាំបក្សប្រឆាំង កំពុងមានតួនាទីជាអ្នកដឹកនាំពលរដ្ឋខ្មែរដើម្បីការផ្លាស់ប្តូររបបផ្តាច់ការ ដូច្នេះលោកទុកពេលឲ្យមេដឹកនាំបក្សប្រឆាំងធ្វើការឲ្យអស់លទ្ធភាពជាមុន។

លោក អះអាងថា សកម្មភាពរបស់ចលនានិស្សិត SMD ចាប់តាំងពីអតីតកាលមកដល់បច្ចុប្បន្នមិនដែលបង្ហាញនូវភាពកំសាក បន្លាច ឬក៏បំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរឲ្យខ្លាចរអាបាក់ស្បាតក្នុងការប្រើសិទ្ធិស្របច្បាប់ធ្វើការតស៊ូមតិផ្លាស់ប្ដូរអំណាចផ្តាច់ការរបស់នាយករដ្ឋមន្ត្រីខ្មែរម្តងណាឡើយ ។

លោកថា មានតែក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនទៅវិញទេ ដែលបានបង្ហាញនូវភាពកំសាកទាំងនោះ ហើយថែមទាំងព្យាយាមបិទផ្លូវនៃការតស៊ូរបស់អ្នកដទៃ ដើម្បីបិទបាំង ឬចង់ឲ្យក្រុមរបស់ខ្លួនក្លាយជាបក្សប្រឆាំងផ្តាច់មុខម្នាក់ឯង។

ជាក់ស្តែងកន្លងមកក្រុមចលនានិស្សិត SMD គ្រាន់តែប្រមែប្រមូលគ្នីគ្នាធ្វើកិច្ចការមួយចំនួន ដែលទាក់ទងនឹងបញ្ហាព្រំដែនដើម្បីការពារបូរណភាពទឹកដីខ្មែរ បែរជាមេដឹកនាំក្រុមប្រឆាំងបង្កើតក្រុមមនុស្សតាមជេរប្រមាថ គ្មានអសីលធម៌ លាបពណ៌ និងមួលបង្កាច់គ្រប់ទីកន្លែង។

លោក អ៊ាប សេង បញ្ជាក់ថា ការសាបព្រោះមនោគមវិជ្ជាជេរប្រមាថ គ្មានការអប់រំ ខុសក្រមសីលធម៌ លាបពណ៌មួលបង្កាច់គ្មានហេតុផល កំពុងតែទម្លាក់តម្លៃសីលធម៌ និងបំបាក់បំបែកឯកភាពជាតិខ្មែរជាខ្លាំង ។ លើសពីនេះ វាក៏ជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជាតិខ្មែរទាំងមូល ហើយរឹតតែរុញច្រានវាសនាប្រជាជាតិខ្មែរ ឲ្យស្ថិតនៅតែក្នុងកណ្ដាប់ដៃនៃជនផ្តាច់ការត្រកូល ហ៊ុន គ្រប់ជំនាន់ថែមទៀត។

ការអះអានេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនដែលបានវាយប្រហារលើសកម្មភាពចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលតែងរិះគន់ការដឹកនាំអតីតប្រធានគណបក្សសង្គ្រោះជាតិដែលតែងដឹកនាំការងារបរាជ័យក្នុងរយៈពេលកន្លងមក។

អនុប្រធានគណបក្សសង្គ្រោះជាតិទាំង អ្នកស្រី មួរ សុខហួរ ប្រកាសធ្វើមាតុភូមិនិវត្តន៍កាលពីខែមករា ឆ្នាំ២០២១ ទាំងអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ សុទ្ធតែត្រូវបរាជ័យទាំងស្រុង។ ជាងនេះទៀតក្រោមផែនការមាតុភូមិនិវត្តន៍នេះ មន្ត្រីជាន់ខ្ពស់ សមាជិក និងសកម្មជនរបស់ខ្លួនត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនជាបន្តបន្ទាប់។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យបង្កើតឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៨ ដោយមានការចូលរួមពីសមាជិកស្ថាបនិកដែលជានិស្សិតបញ្ញវន្តមកពីគ្រប់សកលវិទ្យាល័យងើបឡើងប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតឆ្នាំ១៩៩៨ ដែលមានការចូលរួមពី លោក ទូច វិបុល លោក ម៉ែន ណាត លោក អ៊ាប គឹមសេង លោក សារ៉ូ ស៊ីវត្ថា លោក ញ៉យ ចំរើន និងមនុស្សជាច្រើននាក់ទៀត។

ការកកើតនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យនេះឡើង ក្រោមការសហការគ្នាក្នុងចំណោមនិស្សិតខ្មែរ និងអ្នកមេដឹកនាំគណបក្សនយោបាយជាច្រើនដែលប្រឆាំងនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ក្រុមនេះបានរួមគ្នាដឹកនាំបាតុករប្រមាណជាង ១ម៉ឺននាក់ក្នុងរយៈពេលដំបូង១សប្តាហ៍។ ក្រោយមកក៏មានអ្នកចូលរួមប្រមាណដល់ទៅ ១០ម៉ឺននាក់ ដែលបដិសេធទៅនឹងការលទ្ធផលឆ្នោតឆ្នាំ១៩៩៨ និងមិនទទួលស្គាល់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន។

នៅឆ្នាំដដែលនោះ និស្សិត ព្រះសង្ឃ និងពលរដ្ឋខ្មែរប្រមាណជាង ៣០នាក់ត្រូវបានសម្លាប់ក្រោមការបង្ក្រាបរបស់អាជ្ញាធរក្រុងភ្នំពេញដែលទទួលបញ្ជាដោយផ្ទាល់ពីលោក ហ៊ុន សែន។ ជាងនេះទៀត            បាតុករប្រមាណជាង ១០០ នាក់បានរងរបួស និងបាត់ខ្លួន ពីការបង្ក្រាបនាពេលនោះ។

យ៉ាងណាក៏ដោយ ចលនានិស្សិតនេះបានផ្អាកសកម្មភាពរបស់ខ្លួនទៅវិញក្រោយមានការចរចានយោបាយដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយរវាងគណបក្ស ហ្វុន ស៊ិន ប៉ិច របស់សម្តេចក្រុមព្រះ ជាមួយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ដើម្បីដោះសា្រយ វិបត្តិនយោបាយដែលបានជាប់គាំងនាពេលនោះ។

យ៉ាងនេះក្តី ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានចាប់កំណើតឡើងវិញ កាលពថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្រោមការផ្តួចផ្តើមរបស់សមាជិកស្ថាបនិកចាស់ៗមួយចំនួន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស