31 C
Phnom Penh

ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ប្រកាសបើកសម័យប្រជុំពិសេស អំពីរដ្ឋប្រហារនៅភូមាខណៈបាតុកម្មផ្ទុះកាន់តែខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ  នឹងរៀបចំសម័យប្រជុំពិសេសមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះដើម្បីពិភាក្សាគ្នាពីវិបត្តិនៅក្នុងប្រទេសភូមា។

តាមការចេញផ្សាយនៃ បណ្ដាញសារព័ត៌មាន Channel News Asia  នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ នេះ គឺប្រទេសអង់គ្លេស និងសហភាពអឺរ៉ុបបានស្នើឱ្យបើកកិច្ចប្រជុំពិសេសនេះ ដោយទទួលបានការគាំទ្រពីប្រទេសចំនួន ១៩ ក្នុងចំណោម ៤៧ប្រទេស នៃសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

ការប្រកាសសម័យប្រជុំពិសេសរបស់ ក្រុម ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅពេលនេះ ស្របពេលដែលប្រជាជនភូមាកំពុងពុះកញ្ជ្រោល ទម្លាក់ពួកយោធាពីអំណាច។

ក្រុមបាតុករប្រឆាំងរដ្ឋប្រហារយោធា ខណៈនេះ កំពុងទាមទារឲ្យដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ។

ក្រុមបាតុករ មានទាំង កម្មករ និស្សិត កសិករ គ្រូបង្រៀន គ្រូព្រទ្យ ព្រះសង្ឃ និងកងទ័ព ដែលបានទំលាក់ឯកសណ្ឋាន របស់ខ្លួន ក៏បន្តប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ នេះ បើទោះបីជា យោធាបានព្រមានប្រើប្រាស់កម្លាំងដើម្បីបង្ក្រាប និងប្រកាសប្រើច្បាប់អាជ្ញាសឹក ។

កំលាំងមហាជនបានប្រមូលផ្ដុំគ្នាដ៏ធំមួយនៃក្រុមគ្រូបង្រៀន គឺក្រុមបាតុករបានកាន់បដាដែលសរសេរប្រឆាំងនឹងរបបយោធា និងទាមទារឲ្យដោះលែងលោកស្រី អោង សាន ស៊ូជី ព្រមទាំងអ្នកនយោបាយផ្សេងៗទៀត។ ក្រុមបាតុករគ្រូបង្រៀនបានលើកម្រាមដៃបីព្រមៗគ្នា ធ្វើជាសញ្ញាប្រឆាំងពួកយោធា។

កាលពីថ្ងៃចន្ទ អគ្គមេបញ្ជាការយោធា ឧត្តមសេនីយ៍ មីន អ៊ូងឡាំង បានសន្យាជាថ្មីម្ដងទៀតថា នឹងរៀបចំការបោះឆ្នោតថ្មីមួយដោយសេរី និងយុត្តិធម៌ ហើយនឹងប្រគល់អំណាចទៅឱ្យអ្នកឈ្នះ។

ឧត្តមសេនីយ៍Min Aung Hlaing បានអួតអាងថា រដ្ឋាភិបាលយោធារបស់លោកនៅពេលនេះ គឺខុសគ្នាពីរដ្ឋាភិបាលយោធាមុនៗ។

លោកបានប្រាប់ទៅកាន់ជនរួមជាតិ ភូមាតាមរយៈទូរទស្សន៍ MRTVថាត្បិតជារដ្ឋាភិបាលយោធាក៏ដោយ តែជារដ្ឋាភិបាលប្រជាធិបតេយ្យ ហើយ នឹងរុញអោយមានការបោះឆ្នោត ឡើងវិញ។

លោកឧត្តមសេណីយ៍ មីន អ៊ុងឡាំង បានថ្លែងការពារការដណ្តើមអំណាចពីក្រុមរដ្ឋាភិបាលស៊ីវិល។

លោកអះអាងថា ដោយសារមិនមានដំណោះស្រាយលើភាពមិនប្រក្រតីក្នុងការបោះឆ្នោត ទើបពួកយោធា សម្រេចគ្រប់គ្រងអំណាច ដើម្បី បញ្ចប់ការរំជើបរំជួល ដែលនាំអោយសង្គមភូមា គ្រោះថ្នាក់។

តែនៅខណៈនេះប្រជាជនភូមាគ្រប់និន្នាការ បានកំពុងចេញមកបាតុកម្មនៅទូទាំងប្រទេស ជាពិសេស នៅ ទីក្រុងធំៗ គឺកាន់តែមានចំនួនច្រើនឡើង។

បើតាម សេចក្ដីរាយការណ៍ របស់ Channel News Asia   ពួកយោធាបានចាប់ខ្លួនបាតុករជិត២០នាក់ ចាប់តាំងពីមានការផ្ទុះបាតុកម្មនៅទី៦កុម្ភៈ មកដល់ថ្ងៃនេះ ដែលជាថ្ងៃទី៤ ។ ដោយឡែក មន្ត្រីជាន់ខ្ពស់ របស់ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ១៦៥នាក់ ក៏បានចាប់ខ្លួនរួចទៅហើយ តែភាគច្រើនពួកគេរងការឃុំខ្លួនក្នុងផ្ទះ ដូចគ្នាទៅនឹងអ្នកស្រី អ៊ុង សានសូជី ដែរ។

ចំណែកឯសហគមន៍អន្តរជាតិ មិនបន្ថយសម្ពាធឡើយ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងទៅអ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កថា ពិភភពលោក មិនបន្តទុកអោយពួករដ្ឋប្រហារ ដឹកនាំប្រទេសភូមា បានឡើយ គឺត្រូវតែមានវិធានការ ជាបន្ទាន់ និងធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស