41.3 C
Phnom Penh

សហរដ្ឋអាមេរិកថា វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ទទួលបានជោគជ័យក្នុងការផ្សាយឡើងវិញនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋសហគមន៍អូរខ្សាច់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បង្ហាញការហួសចិត្តចំពោះទង្វើ របស់ លោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ ដែលបានដឹកនាំកម្លាំងចម្រុះចុះអនុវត្តសាលដីកា របស់តុលាការកំពូលឆ្នាំ២០១៤ ខុសទីតាំង ហើយថែមទាំងបាន បញ្ជាកម្លាំងចម្រុះមានកងរាជអាវុធហត្ថជាដើមចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ ឈ្មោះ កៅ ហួរ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលកំពុងមានជំងឺវង្វេងស្វារតី ឬឡប់សតិ បញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាការខេត្តព្រះសីហនុភ្លាមៗ។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងតំណាងពលរដ្ឋ ៣២គ្រួសារ រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានសំណូមពរដល់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម និងរដ្ឋមន្ត្រី ហ៊ុន សែន ជួយពិនិត្យ និងអន្តរាគមន៍ដោះលែង ឈ្មោះ កៅ ហួរ ដែលត្រូវកម្លាំងចម្រុះចាប់ដាក់គុក តាមបញ្ជាលោក ឡា ប៊ុនហួន ក្នុងអំឡុងពេលចុះអនុវត្តសាលដីកា របស់តុលាការកំពូលឆ្នាំ២០១៤ លើសំណុំរឿងវិវាទដីធ្លី រវាងប្រជាពលរដ្ឋចំនួន ៣២គ្រួសារ ដែឡមានវិវាទជាមួយភាគី លោក ប៊ុន សារឿន អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងជាឈ្មួញដីដ៏មានឥទ្ធិពលម្នាក់ក្នុងខេត្តព្រះសីហនុ។

បុរសវ័យចំណាស់ឈ្មោះ កៅ ហួរ ក៏ជាតំណាងពលរដ្ឋម្នាក់ រស់នៅសហគមន៍អូរខ្សាច់ ដែលត្រូវភាគី លោក ប៊ុន សារឿន ប្តឹងរំលោភយកដីធ្លី និងចាប់ដាក់គុកជាបន្តបន្ទាប់កន្លងមកនេះ។ ប៉ុន្តែបច្ចុប្បន្នតំណាងរូបនេះ បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ និងវង្វេងស្វារតី ដោយក្រុមគ្រួសារតែងបាននាំទៅពិនិត្យ និងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ព្រមទាំងមានសៀវភៅពេទ្យសម្រាប់តាមដានអាការៈអ្នកជំងឺរូបនេះថែមទៀតផង។

តំណាងប្រជាពលរដ្ឋទាំង ៣២គ្រួសារ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ ជាមួយភាគី លោក ប៊ុន សារឿន បានអះអាងថា តុលាការខេត្តព្រះសីហនុ ដែលដឹកនាំកម្លាំងចម្រុះចុះអនុវត្តសាលដីកាតុលាការកំពូលឆ្នាំ២០១៤ខាងលើនេះ គឺអនុត្តន៍ខុសទីតាំងដី ដែលមាននៅក្នុងសាលដីកានោះ ហើយបានរំលោភយកដីចំការកសិកម្ម និងដីសង់លំនៅដ្ឋាន មានដើមដុះធំៗ និងរស់អាស្រ័យផលជាអចិន្ត្រៃយ៍ជាបន្តបន្ទាប់មកនេះ។

ពលរដ្ឋទាំង ៣២គ្រួសារ រស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាថ្មីម្តងទៀត បានសំណូមពរទៅ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ឲ្យជួយអន្តរាគមន៍ និងពិនិត្យសើរើទៅលើសំណុំរឿងដីធ្លីដ៏អយុត្តិធម៌ ។

តំណាងពលរដ្ឋ៣២គ្រួសារ បានអះអាងថា បរិវេណដីចំការ និងលំនៅដ្ឋាន របស់ពួកគាត់ ដែលភាគី លោក ប៉ុន សារឿន ប្តឹងរំលោភយកនោះ គឺពួកគាត់បានមករស់នៅ និងកាន់កាប់អាស្រ័យផលជាក់ស្តែងតាំងពីឆ្នាំ១៩៩២មកម៉្លេះ។

ហើយថា នៅក្នុងអំឡុងពេលនោះ មិនធ្លាប់ឃើញឈ្មោះ ប៉ុន សារឿន មកបង្ហាញវត្តមាននៅទីតាំងដីនេះទេ ព្រោះទីតាំងនេះជាដីរដ្ឋ មានព្រៃដុះជុំជិត ហើយថែមទាំងមានសត្វខ្លាដំរីឆ្លងកាត់ ជាពិសេសតំបន់ខាងលើនេះ មិនទាន់មានសន្តិសុខទេ ព្រោះមានកម្លាំងកងទ័ពខ្មែរក្រហម ឆ្លងកាត់ចេញចូលក្នុងតំបន់នេះថែមទៀតផង។ ដូច្នេះ អ្វីដែលភាគី លោក ប៊ុន សារឿន អះអាងថា ដីរបស់គាត់មានប្លង់កម្មសិទ្ធិ នៅឆ្នាំ១៩៩៤មកនោះ ជារឿងមិនពិតទាល់តែសោះ។

យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក ប៊ុន សារឿន ភាគីឈ្នះក្តីលើសំណុំរឿងដីធ្លីនៅតុលាការកំពូល និងលោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការអះអាង របស់ប្រជាពលរដ្ឋរស់នៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានទេនៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស