33 C
Phnom Penh

លោក ហ៊ុន សែនថា កុំភ័យរឿងចាក់វ៉ាក់សាំង តែត្រូវភ័យរឿងអត់វ៉ាក់សាំងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាងថា សូមកុំខ្វល់អំពីវ៉ាក់សាំងថា មកពីប្រទេសណា ឬម៉ាកអ្វី ឲ្យសោះ ប៉ុន្តែ ត្រូវនាំគ្នាបារម្ភពីការអត់វ៉ាក់សាំងចាក់វិញទើបជារឿងត្រឹមត្រូវ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូច លក់ត្រី ឬត្រកួននោះទេ។

ការអះអាងនេះធ្វើឡើងបន្ទាប់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនមួយចំនួនទៀតបានចាក់វ៉ាក់សាំងការពារកូវីដ១៩ដំបូងគេ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

លោក ហ៊ុន សែន បានសរសេរលើទំព័ហ្វេសប៊ុករបស់លោកនៅថ្ងៃទី១០ខែកុម្ភៈថា ទីបំផុតកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនហើយ។

លោកថា ពលរដ្ឋខ្មែរដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ប្រហែល ៩៨% មិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយទេ ព្រោះប្រទេសទាំងនោះមិនទាន់មានវ៉ាក់សាំងនៅឡើយ បើទោះបីពួកគេមានលុយហើយក៏ដោយ  ក៏រកទិញវ៉ាក់សាំងមិនបានដែរ។

លោក រិះគន់ថា មុននឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ មានការលើកឡើងមួយចំនួនជុំវិញលើរូបលោកចំពោះការចាក់វ៉ាក់សាំងនេះ រហូតមានការប្រើពាក្យមិនសមរម្យខ្លះទៀតផង។

យ៉ាងនេះក្តី លោកថា ថ្ងៃនេះកូនប្រុសរបស់លោកបានទទួលវ៉ាក់សាំងមុនគេជំនួសឪពុក ដែលជាការបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជាចំពោះមុខជនរួមជាតិទាំងមូលផងដែរ។

កាលពីចុងខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន ធ្លាប់បានប្រកាសដាច់អហង្កាថា លោកនឹងមិនទទួលយកវ៉ាក់សាំងពីប្រទេសណាដែលមិនទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក WHO នោះទេ ព្រោះលោកនឹងមិនយកជីវិតប្រជាពលរដ្ឋខ្មែរទៅសាកល្បងឬ ពិសោធន៍ថ្នាំរបស់បរទេសនោះឡើយ។

វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិនបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងពិធីទទួល វ៉ាកសាំងនោះ នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា វ៉ាក់សាំង ៦០ម៉ឺនដូស ក្នុងជំហានដំបូងនេះ  គឺសម្រាប់ក្រសួងសុខាភិបាល ៣០ម៉ឺនដូស និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌ The Cambodia Daily នៅថ្ងៃនេះថា ការចេញសម្តែងចាក់វ៉ាក់សាំងកូនប្រុសរបស់លោក ហ៊ុន សែន គ្រាន់តែជាវិធី ឆ្ពិនភ្នែកមហាជនប៉ុណ្ណោះ ព្រោះថាបើមិនធ្វើដូច្នេះ លោក ហ៊ុន សែន នឹងបាត់ទំនុកចិត្តពីមហាអំណាចកុម្មុយនិសចិនជាមិនខាន។

លោក អះអាងថា ហ៊ុន ម៉ណែត កូនប្រុសទាំងបីរបស់លោក ហ៊ុន សែន ចេញសម្ដែងបង្កើតទំនុកចិត្តក្លែងក្លាយច្រើនជាងការពិត ជំនួសមុខលោក ហ៊ុន សែន ដែលបានធ្វើការសន្យាជ្រុល អំពីអំនួតចាក់វ៉ាក់សាំងចិន។

លោកថា ការចាក់វ៉ាកសាំងនេះ គឺជាទំនុកចិត្តក្លែងក្លាយ ព្រោះគ្មានអ្នកណាដឹងថា កូនប្រុសរបស់គាត់ចាក់វ៉ាក់សាំងចិនពិតមែន ឬគ្រាន់ជាថ្នាំប៉ូវកម្លាំងនោះទេ។ លោក បញ្ជាក់ថា ការសម្តែងចាក់វ៉ាក់សាំងរបស់ លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី  គ្រាន់តែសម្ដែងឲ្យពលរដ្ឋមើលដើម្បី ឲ្យចិនមានការជឿជាក់លើលោក ហ៊ុន សែន ប៉ុណ្ណោះ។ ជាងនេះទៀត ក៏ជាការជួយការពារមុខមាត់មិត្តចិន ចំពោះពលរដ្ឋខ្មែរ ព្រមទាំងសហគមន៍អន្តរជាតិផងដែរ។

លោក គឹម សុខ សង្កត់ធ្ងន់ថា កូនៗរបស់លោក ហ៊ុន សែន គឺជាសេចក្ដីសង្ឃឹមរបស់គាត់ ក្នុងការការពារមុខមាត់វង្សត្រកូលគ្រួសា និងអំណាច។ ដូច្នះ លោក ហ៊ុន សែន មិនឲ្យកូនៗគាត់ប្រថុយនឹងវ៉ាក់សាំងចិន ដែលមានគុណភាពប្រមាណ៥០%នោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស