31 C
Phnom Penh

តុលាការសម្រេចផ្តន្ទាទោសប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ពាក់ព័ន្ធការរិះគន់បញ្ហាព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការភ្នំពេញ នៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១នេះ បានសម្រេចផ្តន្ទាទោសប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ និងត្រូវបង់ថវិកាដល់ទៅជាងកន្លះលាន                 ដុល្លារ ឲ្យទៅគណៈកម្មាធិការកិច្ចការព្រំដែន។

ការសម្រេចនេះ ក្រោមការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដែលតុលាការថាលោកបាន បំភ្លៃការពិតក្នុងរឿងព្រំដែនកម្ពុជា-វៀតណាមកន្លងមក។

សារព័ត៌មានថ្មីៗនៅថ្ងៃពុធនេះ បានស្រង់សម្តីរបស់អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការក្រុងភ្នំពេញ  លោក សួស វិទ្យារ៉ាន់ឌី ដោយអះអាងថា តុលាការបានសសម្រេចឱ្យ លោក សួង សុភ័ណ្ឌ ត្រូវបង់ថវិកា២ផ្នែក គឺទី១ ត្រូវបង់៤លានរៀល ចូលទៅរដ្ឋ និង ទី២ ត្រូវបង់២០ពាន់លានរៀល ឬស្មើប្រមាណកន្លះលានដុល្លារ ជូនទៅគណៈកម្មាធិការកិច្ចការព្រំដែន ដែលជាដើមបណ្តឹង និងត្រូវជាប់ពន្ធនាគារ១៨ខែ។

ទោះបីជាយ៉ាងនេះក្តី ក្រោយពីបញ្ចប់សវនាការ លោក សួង សុភ័ណ្ឌ និយាយថា លោក មិនអាចទទួលបានឡើយ ចំពោះការសម្រេចរបស់តុលាការ ហើយលោកអះអាងថា នឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត។

លោក សួង សុភ័ណ្ឌ ត្រូវបានចាប់ខ្លួន កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ក្រោយពីលោកធ្វើសកម្មភាពមួយចំនួនទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងបានធ្វើអត្ថាធិប្បាយ ជុំវិញរឿងព្រំដែនក្នុងខេត្តត្បូងឃ្មុំ ដែលជាទីតាំងនាំឱ្យមានការចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន កាលពីចុងខែកក្កដា។ 

យ៉ាងណា កាលពីខែសីហាឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថាលោកជាអ្នកបញ្ជាឱ្យចាប់ខ្លួន លោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ ដោយសារពួកគេ និយាយខុសពីការពិត អាចនាំឱ្យមានជម្លោះជាមួយបរទេសជិតខាង រឿងព្រំដែននេះ ដោយសារតែការរិះគន់រឿងព្រំដែនរបស់ពួកគេ។

ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីដែលធ្លាប់លើកបន្តុបឱ្យឡើងកាន់អំណាច ដោយវៀតណាមរូបនេះ អះអាងនៅពេលនោះថា លោកនឹងមិនញញើតនឹងចាប់ខ្លួនពលរដ្ឋខ្មែរណាដែលហ៊ានរិះគន់រដ្ឋាភិបាលលោករឿងព្រំដែន ពិសេសចោទរដ្ឋាភិបាលលោកថាក្បត់ជាតិនោះទេ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក ទូច វិបុល លើកឡើងថាការសម្រេចរបស់តុលាការក្រុងភ្នំពេញនេះ គឺជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ។ លោកថា នេះក៏ជាការសម្រេចចិត្តមួយដែលរំលោភទៅលើគោលការណ៍សិទ្ធិមនុស្សជាសកលស្តីពីសេរីភាពបញ្ចេញមតិ និងរំលោភលើរដ្ឋធម្មនុញ្ញកម្ពុជាស្តីពីសេរីភាពក្នុងការបញ្ចេញមតិផងដែរ។

លោក ទូច វិបុល បន្ថែមថា យុវជន ក៏ដូចជាពលរដ្ឋខ្មែរទូទៅបានស្គាល់ច្បាស់ពីការព្យាយាមបំបិទសិទ្ធិសេរីភាពរបស់អាជ្ញាធរកម្ពុជារួចទៅហើយ។ លោកថា តុលាការនៅកម្ពុជា គ្រាន់តែជាស្ថាប័នប្រថាប់ត្រាឱ្យអ្នកមានអំណាចតែប៉ុណ្ណោះ។

កន្លងមកអ្នកហ៊ានរិះគន់រដ្ឋាភិបាលលោកហ៊ុន សែន ជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាម នេះ ច្រើនតែមានវាសនាអាក្រក់ បើមិនរត់ចោលស្រុក ក៏ត្រូវតុលាការដែលសហគមន៍ជាតិនិងអន្តរជាតិថាជាឧបករណ៍អំណាចរបស់លោកហ៊ុន សែន នោះបានបញ្ជាឱ្យចាប់ខ្លួន និងចោទប្រកាន់ ចាប់ចងដាក់ពន្ធនាគារជារឿយៗ។

ជាក់ស្តែងអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនមួយចំនួន ដូចជា លោក ហុង សុខហួរ លោក អ៊ុំ សំអាន ជាដើមសុតតែត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ និងក្បត់ជាតិ ហើយជាប់ពន្ធនាគារដោយសារពួកគេឈឺឆ្អាល និងរិះគន់រដ្ឋាភិបាលរឿងព្រំដែនកម្ពុជា-វៀតណាមនេះផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស