កាលពីយប់ថ្ងៃអង្គារទី៩ ខែកុម្ភៈ ពួកយោធាភូមាបានលើកគ្នា ចូលទៅវាយឆ្មក់និងឆែកឆេរទីស្នាក់ការកណ្ដាល នៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុក សាន ស៊ូជី នៅទីក្រុងយ៉ាំងហ្គូន ។
បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានធ្វើសេចក្ដីរាយការណ៍នៅ ថ្ងៃទី១០កុម្ភៈនេះថា ពួកយោធាបានបំផ្លាញ និងរឹបអូសទ្រព្យសម្បត្តិ នៅស្នាក់ការកណ្ដាលគណបក្សរបស់ អ្នកស្រីសូជី ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Facebook របស់ខ្លួនគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានធ្វើសេចក្ដីរាយការណ៍ថា ពួកយោធាបានវាយឆ្មក់ចូលឆែកឆេរ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅទីស្នាក់ការកណ្ដាលនៃគណបក្សនេះ នៅម៉ោង ៩និង៣០នាទីកាលពីយប់ ថ្ងៃអង្គារទី៩កុម្ភៈ។
ការវាយឆ្មក់ចូលឆែកឆេរទីស្នាក់ការកណ្ដាល នៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុក សាន ស៊ូជី បានកើតឡើងចំពេលប្រជាជនភូមាមកគ្រប់និន្នាការ រួមទាំង មន្ត្រីរដ្ឋការបានដើរចេញពីកន្លែងធ្វើការហើយ កំពុងនាំគ្នាធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេស ដើម្បីប្រឆាំងរដ្ឋប្រហារ ។
មហាហ្វូងបាតុករបានទាមទារឱ្យ ដោះលែងអ្នកស្រី ស៊ូជី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល របស់អ្នកស្រី។ ចាប់ពីថ្ងៃរដ្ឋប្រហារទី១កុម្ភៈមក មនុស្សជិត២០០នាក់ ត្រូវបានប៉ូលិសភូមា ចាប់ខ្លួន ក្នុងនោះមានទាំងសមាជិកសភា សមាជិកគណៈរដ្ឋមន្រី្តរបស់អ្នកស្រីសូជី ។
ចំណែកអ្នកស្រីសូជី កំពុងឃុំខ្លួនក្នុងផ្ទះ។ ពួកយោធាបានឡោមព័ន្ធផ្ទះអ្នកស្រី រយៈពេល ១០ថ្ងៃមកហើយ។នៅក្នុងការប៉ះទង្គិចគា្នជាច្រើនករណី រវាង ប៉ូលិស និងបាតុករ បានកើតមាននៅរដ្ឋធានី ណៃពិដោ នៅទីក្រុង ម៉ាន់ដាឡាយ និងទីក្រុង យ៉ាំងហ្គន ។
ខណៈនេះ មានសេចក្ដីរាយការណ័មកថា បាតុករនៅតែបន្តធ្វើការតវ៉ាយ៉ាងខ្លាំងក្លា ដោយមានទាំងមន្ត្រីរដ្ឋការ រហូតទាំងក្រុមបវរកញ្ញាចូលរួមផងដែរ។
កាលពីថ្ងៃអង្គារអាជ្ញាធរយោធា បានដាក់បំរាមគោចរណ៍ចំនួន៣០ទីតាំង នៅទីក្រុងធំៗទាំង៣នេះ ដើម្បីកាត់បន្ថយនឹងទប់ស្កាត់ចលនារបស់បាតុករ។ ប៉ុន្តែ បាតុករកាន់តែរីកធំឡើង។
កងកម្លាំងប៉ូលីស បានបាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើ ក្រុមបាតុករ។
នៅរដ្ឋធានីណៃពិដោ សាកស្សីម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កម្លាំងប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងក្រុមបាតុករ ហើយ បានបាញ់ គ្រាប់កាំភ្លើងកៅស៊ូ ដោយបានបាញ់ត្រូវក្បាល បាតុករស្ត្រីម្នាក់ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរ។
បាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហាររបស់ពួកយោធាដែលបានទម្លាក់មេដឹកនាំ អ្នកស្រី អ៊ុងសាន ស៊ូជី បានផ្ទុះឡើងរយៈពេល៥ថ្ងៃជាប់ៗគ្នាមកហើយ។
អ្នកសង្កេតការណ៍មើលឃើញថា របបរដ្ឋប្រហារ នឹងមិនអាចរស់បានយូរនោះទេ ព្រោះពេលនេះ ប្រជាជនភូមា ដែលជាអ្នកគាំទ្រកម្លាំងប្រជាធិបតេយ្យ បានសាមគ្គីគ្នាខ្លាំងណាស់ ដោយ មិនខ្លាច ការគំរាមកំហែករបស់ពួកយោធា ហើយសូម្បី មន្ត្រីរដ្ឋការក៏បានចេញមកធ្វើបាតុកម្មផងដែរ។ បន្ថែមលើសពីនេះ សម្ពាធពីសហគមន៍អន្តរជាតិ កាន់តែខ្លាំងក្លាឡើងៗ។
សម័យប្រជុំពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលស្នើឡើងដោយប្រទេស អង់គ្លេស និងសហភាពអឺរ៉ុបបានទទួលការគាំទ្រពីសមាជិកចំនួន១៩ប្រទេសក្នុងចំណោមសមាជិក ៤៧ប្រទេស នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១២ ខែកុម្ភៈក្នុងសប្ដាហ៍នេះ។
ជាមួយគ្នា ប្រទេសជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូងក៏បានប្រកាសចាត់ទុកសម័យប្រជុំពិសេសនេះ ថាជាម្លាំងរួមមួយប្រឆាំងនឹងពួករដ្ឋប្រហារ។ ក្រោយពីប្រជុំនោះ មានការរំពឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងទទួលយករបាយការណ៍ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សមកថ្លឹងថ្លែងដើម្បីរកដំណោះស្រាយ ប្រឆាំងពួកយោធាភូមា។
សូមជម្រាបថា របបរដ្ឋប្រហារភូមា ពុំមានអ្នកតំណាងរបស់ខ្លួននៅអង្គការសហប្រជាជាតិនោះទេ គឺឯកអគ្គរដ្ឋទូត គឺជាបេសកជនតំណាងអោយរដ្ឋាភិបាល របស់អ្នកស្រីអុងសានសូជី។
មានន័យថា របបរដ្ឋប្រហារនេះពុំមានអាសនៈនៅអង្គការសហប្រជាជាតិ ដែលនាំអោយរបបនេះ គ្មានតំណាងស្របច្បាប់នៅលើវេទិកាអន្តរជាតិឡើយ ហើយសូម្បី ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសនានា គឺតំណាងអោយតែរដ្ឋាភិបាល របស់ អ្នកស្រីអ៊ុងសានសូជី និងគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ NLD ប៉ុណ្ណោះ៕