26 C
Phnom Penh

សកម្មជនព្រៃឈើ ប្តេជ្ញា រក្សាជំហរការពារព្រៃឈើបន្តទៀត ខណៈអាជ្ញាធរចោទថាសកម្មភាពួកលោកលថាផ្ទុយទៅនឹងច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលព្រៃឈើ អះអាងថា ទឹកចិត្តសកម្មជនការពារព្រៃឈើ នឹងធ្វើការតស៊ូរដើម្បីថែរក្សាសម្បត្តិធម្មជាតិដែលជាកេរ្តិ៍ដំណែលដូនតាខ្មែរ និងជាអាយុជីវិតពលរដ្ឋទូទាំងពិភពលោកឲ្យបានដាច់ខាត ទោះបីជាលោកត្រូវប្រឈមបញ្ហាប៉ុណ្ណាក៏ដោយ។

ការអះអាងនេះ ធ្វើឡើងក្រោយសាលាដំបូងខេត្ដក្រចេះបានដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីឃាត់ខ្លួនអ្នកទាំងនោះអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនោះ។

សកម្មជនការពារព្រៃឈើ និងជា ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក (Goldman Environmental Prize) ឆ្នាំ ២០១៦ លោក អ៊ូច ឡេង បានសរសេរលើគណនីហ្វេសប៊ុករបស់លោកថា លោកមានការខកចិត្តជាខ្លាំងដែលលោកមិនអាចចូលការពារព្រៃឈើដែលកំពុងរងការគម្រាមកំហែងក្នុងតំបន់ព្រៃឡង់បន្តទៀត។

ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក Goldman Environmental Prize និងជាសកម្មជនព្រៃឈៃ លោក អ៊ូច ឡេង បានប្រាប់សារព័ត៌មាន The Cambodia Daily បន្ថែមនៅថ្ងៃនេះថា លោកមិនបោះបង់ជំហររបស់លោកនោះទេ ក្នុងការការពារព្រៃឈើរបស់កម្ពុជា ទោះត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាងនេះក៏ដោយ។

លោក បានអំពាវនាវ ឲ្យកូនខ្មែរគ្រប់រូបនាំគ្នាស្វែងយល់ និងការពារសម្បត្តិធម្មជាតិកម្ពុជា ជាពេសេសដើម្បីចូលរួមការពារ និងគាំទ្រសកម្មភាពនានា ក្នុងយុទ្ធនាការ ការពារព្រៃឈើកម្ពុជាពលរដ្ឋខ្មែរ និងយុវជនគ្រប់គ្នាគ្រាន់តែ សរសេរលើបណ្តាញសង្គមហ្វេសប៊ុក និងភ្ជាប់ជាមួយរូបភាពស្តីពីការថែរក្សាព្រៃឈើ ដោយប្រើពាក្យថាៈ ព្រៃឈើ! ព្រៃឈើ! ព្រៃឈើ! ឲ្យបានកាន់តែច្រើនជាការស្រេច។

កាលពីថ្ងៃទី ៥ ខែកុម្ភៈ លោក អ៊ូច ឡេង សកម្មជនការពារព្រៃឈើ និងប្រជាសហគមន៍ ៣នាក់ទៀត បានធ្វើយុទ្ធនាការការពារព្រៃឈើដើរបំបួសដើមឈើ និងដាក់ស្លាកសញ្ញា តាមដើមឈើកុំឲ្យមានការកាប់បំផ្លាញព្រៃឈើ ដោយប្រើពាក្យស្លោកថា សូមមេត្តាជួយថែរក្សាព្រៃមរតកដូនតាយើង ស្ថិតនៅតំបន់ព្រៃឡង់ ខេត្តក្រចេះ។ ជុំវិញករណីនេះ លោក ត្រូវបានអាជ្ញាធរឃាត់ខ្លួនភ្លាមៗផងដែរ។

ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ៧ ខែកុម្ភៈ នេះ ថា សកម្មជនព្រៃឈើទាំងនោះបានល្មើសច្បាប់ ព្រោះបានលួចចូលតំបន់ដែនជម្រកសត្វព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដោយគ្មានការអនុញ្ញាតដែលខុសទៅនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

យ៉ាងនេះក្តី មន្ទីរបរិស្ថានខេត្តក្រចេះ បានតម្រូវឲ្យសកម្មជនព្រៃឈើទាំងនោះធ្វើកិច្ចសន្យា ហាមចូលតំបន់ហាមឃាត់ព្រៃឡង់ ដោយគ្មានការអនុញ្ញាតបន្តទៀត។ លើសពីនេះ អយ្យការអមសាលាដំបូង ក៏ទាមទារឲ្យអ្នកពួកគេ ធ្វើកិច្ចសន្យាមួយផងដែរថា បើពួកគេមិនបានចុះបញ្ជីជាអង្គការនៅក្រសួងមហាផ្ទៃទេ គឺមិនអាចធ្វើសកម្មភាពការពារបរិស្ថានបានទៀតនោះទេ។

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះផងដែរថា ការរកឃើញបទល្មើសក្នុងតំបន់ការពារធម្មជាតិរបស់សកម្មជនព្រៃឈើទាំងនោះបានបង្ហាញថា ក្រសួងពាក់ព័ន្ធមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារដែនគម្របព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទេ។

ជាងនេះទៀត បញ្ហានេះ ក៏ជាការបង្ហាញឲ្យឃើញអំពី ហេតុផលដែលបណ្តាលឲ្យមានភាពវិនាសកម្មព្រៃឈើទាំងផងដែរ បើទោះបីជា អាជ្ញាបានចោទប្រកាន់សកម្មជនទាំងនោះថា បានចូលក្នុងតំបន់ហាមឃាត់ដោយគ្មានការអនុញាតិ ក៏ដោយ។

មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ បានជុំរុញឲ្យរដ្ឋាភិបាល បើកទូលាយក្នុងការចូលរួមពីភាគីពាក់ព័ន្ធដើម្បីឲ្យសកម្មជនទាំងនោះអាចមានសិទ្ធិពេញលេញក្នុងការអភិរក្សជាមួយអាជ្ញាធរ។ លើសពីនេះ បើមាត្រានៃច្បាប់ណាដែលមានខ្លឹមសាររារាំងពីចូលរួមរបស់ពួកគាត់ រដ្ឋាភិបាលគួរតែធ្វើវិសោធនកម្មដើម្បីបើកផ្លូវឲ្យអ្នកទាំងនោះអាចចូលរួមដោយទូលំទូលាយ។

លោក សឹង សែនករុណា បញ្ជាក់ថា ខាងអង្គការសង្គមស៊ីវិលតែងលើកទឹកចិត្ត និងជួយគ្រប់បែបយ៉ាងដល់សកម្មជនព្រៃឈើជាច្រើន ជាពិសេសពាក់ព័ន្ធនឹងផ្លូវច្បាប់ ដើម្បីការពារសិទ្ធិសេរីភាពរបស់ពួកគេដែលតែងរងការរំលោភបំពានពីមន្ត្រីខិលខូចមួយចំនួន។ សកម្មជនការពារព្រៃឈើខាងលើ ត្រូវតុលាការ ខេត្តក្រចេះ សម្រេចដោះលែងវិញ រួមមាន លោក អ៊ូច ឡេង លោក ហេង ស្រស់ និងប្រជាសហគមន៍៣ រូបផ្សេងទៀត កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមិនមានចោទប្រកាន់ក្នុងបទល្មើសអ្វីមួយនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស