40.6 C
Phnom Penh

ពលរដ្ឋសំណូមពរ លោក ហ៊ុន សែន ជួយពិនិត្យសកម្មភាពរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីមួយចំនួន នាខេត្តព្រះសីហនុ បានសំណូមពរដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ  និងលោក ហ៊ុន សែន ជួយបញ្ជូនមន្ត្រីស្អាតស្អំចុះស៊ើបអង្កេត ចំពោះសកម្មភាព របស់លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តសីហនុ ថាតើបានអនុវត្តន៍តួនាទីរបស់ខ្លួន ត្រឹមត្រូវដែរឬទេ? ព្រោះសង្កេតឃើញថា កន្លងមកគេតែងឃើញបុគ្គលរូបនេះ បានបញ្ជាកម្លាំងក្រោមឱវាទឲ្យចុះគំរាមកំហែង និងចាប់ខ្លួនពលរដ្ឋមានទំនាស់ដីធ្លីដាក់គុកច្រវ៉ាក់ជាបន្តបន្ទាប់។

មន្ត្រីការពារសិទ្ធិមនុស្ស អះអាងថា កន្លងមកនៅពេលពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ាលើវិវាទដីធ្លី ដោយសន្តិវិធី ដើម្បីការពារដីកសិកម្ម និងលំនៅដ្ឋានខ្លួន នៅតាមសហគមន៍មួយចំនួនក្នុងខេត្តព្រះសីហនុ លោក ហេង ប៊ុនទី តែងបានបញ្ជូនកម្លាំងក្រោមឱវាទរាប់សិបនាក់ ប្រដាប់ដោយអាវុធវែងខ្លីគ្រប់ដៃ ឲ្យចុះគំរាមកំហែង និងចាប់ប្រជាពលរដ្ឋដាក់ខ្នោះបញ្ជូនទៅកាន់បញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តជាបន្តបន្ទាប់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនក្នុងពន្ធនារគារជាច្រើនករណី។

ពលរដ្ឋមានវិវាទដីធ្លីនៅតាមសហគមន៍មួយចំនួន ដែលពួកគាត់អះអាងថា ត្រូវបានមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យ ឃុបឃិតជាមួយមន្ត្រីស្ថាប័នខ្លះ នៃរដ្ឋបាលខេត្តព្រះសីហនុ ប្រើប្រព័ន្ធតុលាការដើម្បីប្លន់ដីធ្លី របស់ពួកគាត់ជាបន្តបន្ទាប់មកនេះ បានចាត់ទុកទង្វើ របស់កងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយ លោក ហេង ប៊ុនទី ថាមានសកម្មភាពព្រៃផ្សៃ ស្រដៀងគ្នា ទង្វើ របស់ក្រុមកម្លាំងប្រដាប់អាវុធ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលធ្លាប់អនុវត្តន៍ពីអតីតកាលអញ្ចឹងដែរ។

លោក ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានក្នុងស្រុកជាង ៥ពាន់នាក់ នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ បានក្រើនរំលឹក និងដាស់ស្មារតីដល់មន្ត្រីស្ថាប័នពាក់ព័ន្ធផ្សេងៗ ដែលនៅបន្តចាប់ខ្លួន និងឃុំខ្លួន ពលរដ្ឋតវ៉ាលើករណីទំនាស់ដីធ្លី ដោយសន្តិវិធី ដែលមិនមែនជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែងដាក់គុក។

ទោះជាបែបនេះក្តី លោក ហេង ប៊ុនទី ហាក់មិនខ្វល់ នឹងប្រសាសន៍ របស់លោក ហ៊ុន សែន ទេ ហើយផ្ទុយទៅវិញ បុគ្គលរូបនេះ តែងបានបញ្ជូនកម្លាំងក្រោមឱវាទ ចុះគម្រាមកំហែងពលរដ្ឋ ដែលប្រមូលផ្តុំគ្នាការពារដីធ្លី របស់ពួកគាត់ ជាបន្តបន្ទាប់មកនេះ។

យ៉ាងណាក៏ដោយចុះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទង លោក ហេង ប៊ុនទី ដើម្បីបំភ្លឺ ចំពោះការចោទប្រកាន់ របស់ប្រជាពលរដ្ឋបាននៅឡើយទេ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ប៉ុន្តែ លោក ហេង ប៊ុនទី ធ្លាប់បញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការបញ្ជូនកម្លាំងចុះអនុវត្តកិច្ចការងារ ឬក៏ឃាត់ខ្លួន ពលរដ្ឋមានទំនាស់ដីធ្លី ក៏ដូចជាជនសង្ស័យណាម្នាក់ គឺបានអនុវត្តស្របតាមច្បាប់ត្រឹមត្រូវ ដោយមានការស្នើសុំកម្លាំងជំនាញ របស់លោក ពីស្ថាប័នជំនាញពាក់ព័ន្ធផ្សេងៗរួមមាន៖ ស្ថាប័នតុលាការ និងទទួលបទបញ្ជា ឬការអនុញ្ញាតពីថ្នាក់លើជាមុន ទើបអាចបញ្ជូនកម្លាំងចុះអនុវត្តកិច្ចការងារទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស