ជំងឺកូវីដ ១៩

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងលោកហ៊ុន សែន ថ្លែងខុសគ្នាជុំវិញការអនុញ្ញាតិឱ្យប្រើប្រាស់ វ៉ាក់សាំងស៊ីណូហ្វាម

By ឌឹ ខេមបូឌា ដេលី

February 21, 2021

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់  និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងខុសគ្នា ដោយម្នាក់ថាវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ចិន ឈ្មោះ ស៊ីណូហ្វាម គឺ អាចចាក់បានដោយមិនកំណត់អាយុ ខណៈលោកហ៊ុន សែន អះអាងថាវ៉ាក់សាំងនេះគឺតម្រូវពលរដ្ឋពីចន្លោះអាយុ១៨ ឆ្នាំ ដល់៥៩ឆ្នាំតែប៉ុណ្ណោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១០ខែកុម្ភៈ លោក ទៀ បាញ់ អះអាងថា លោកពិតជាបានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ឈ្មោះ«ស៊ីណូហ្វាម»របស់ចិនរួចប្រាកដមែន បើទោះបីជាលោកមានវ័យលើសពីលក្ខខណ្ឌតម្រូវក៏ដោយ។ 

កាលពីថ្ងៃទី៥ ខែកុម្ភៈ លោក ហ៊ុន សែន បានប្រកាសលុបចោលគម្រោងចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដោយលោកបញ្ជាក់ថា អាយុរបស់លោកលើសពី៦០ឆ្នាំ ដែលលើសពីលក្ខខណ្ឌតម្រូវ។

លោកថា ការសម្រេចលុបចោលគម្រោងចាក់វ៉ាក់សាំងនៅថ្ងៃទី១០ខែកុម្ភៈនេះ ក្រោយពេលលោកទទួលបានព័ត៌មានផ្លូវការពីការិយាល័យទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតចិននៅកម្ពុជា ថាវ៉ាក់សាំងស៊ីណូហ្វាមចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំ ដល់៥៩ឆ្នាំតែប៉ុណ្ណោះ។

យ៉ាងណា លោក ហ៊ុន សែន បច្ចុប្បន្នមានវ័យត្រឹមតែ៦៨ឆ្នាំ ដែលមានអាយុប្អូនលោក ទៀ បាញ់។ លោក ទៀ បាញ់ កើតនៅឆ្នាំ១៩៤៥ ដោយគិតមកដល់បច្ចុប្បន្នលោកមានវ័យ៧៦ឆ្នាំ ។

វ៉ាក់សាំងSinopharmចិននេះ បានកំណត់អាយុចាប់ពី១៨ ដល់៥៩ឆ្នាំ ទើបអាចចាក់បាន។ ប៉ុន្តែលោក ទៀ បាញ់ ដែលមានអាយុ៧៦ឆ្នាំ បានចាក់វ៉ាក់សាំងចិន ទាំងខ្លួនលើសអាយុកំណត់។ រដ្ឋមន្រ្តីការពារជាតិរូបនេះ បានអះអាងថា ខ្លួនមានសុខភាពល្អ ដោយមិនមានបញ្ហាប្រតិកម្មជាមួយវ៉ាក់សាំងឡើយ។ មិនតែប៉ណ្ណោះសម្ដេច ហ៊ានអះអាងថា វ៉ាក់សាំងចិន មានគុណភាព និងប្រសិទ្ធល្អទៀតផង។

លោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងមន្ត្រីជាន់ខ្ពស់កងទ័ពផ្សេងទៀត ចាក់វ៉ាក់សាំងនៅថ្ងៃទី១០ កុម្ភៈ ក្រោមការដឹកនាំរបស់សម្ដេច ទៀ បាញ់។

ក្រៅពីកងកម្លាំងប្រចាំការនៅរាជធានីនេះ លោក ទៀ បាញ់ ក៏គ្រោងរៀបចំឱ្យចាក់លើកងទ័ពប្រចាំការតាមព្រំដែន ដោយមិនកំណត់អាយុផងដែរ។

កន្លងមក លោក ហ៊ុន សែន បានប្រកាសចាក់វ៉ាក់សាំងកូវីដ-១៩ មុនគេ។ ប៉ុន្តែមុន២ថ្ងៃ ដែលចិនផ្ដល់វ៉ាក់សាំងមកកម្ពុជានោះ សម្ដេច ហ៊ុន សែន ប្រកាសថា លែងចាក់វ៉ាក់សាំង Sinopharm ចិននេះវិញ ដោយសារលើសអាយុកំណត់។ ក្រសួងសុខាភិបាល ក៏ចេញសេចក្តីប្រកាសវ៉ាក់សាំងនេះ អាចចាក់បានតែមនុស្សមានអាយុក្រោម៦០ឆ្នាំប៉ុណ្ណោះ។

ចិនបាននាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូសមកកម្ពុជា តាមជើងយន្តហោះយោធា Y-20 នៅថ្ងៃទី៧ កុម្ភៈនេះ ។ បើតាមគម្រោង កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិន១លានដូស និងបណ្តាប្រទេសជាមិត្តជាច្រើនលានដូសផ្សេងទៀត៕