រដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ឱ្យ ពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការឆ្លង ជំងឺប៉េស្តជ្រូកអាហ្វ្រិកជាថ្មីទៀត។ ការប្រកាសឱ្យប្រុងប្រយ័ត្ននេះ ក្រោយពេលក្រសួងរកឃើញសត្វជ្រូកដែលនាំចូលពីប្រទេសថៃមានកើតជំងឺប៉េសជ្រូកអាហ្វ្រិកនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានសុខភាព សត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានឱ្យដឹងថា មន្ត្រីជំនាញរបស់ក្រសួង និងអាជ្ញាធរ ពាក់ព័ន្ធតាមបណ្តារាជធានី-ខេត្ត បានចុះពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បន្តថាក្នុងប្រតិបត្តិការចុះបង្ក្រាប កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្រុមការងារបានបង្ក្រាបបទល្មើសចំនួន ២ករណី ដោយករណីទី១ មានរថយន្ត១គ្រឿង បានដឹកជ្រូករស់ចំនួន២០ក្បាល ចេញពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ។
ដោយឡែកករណីទី២ មានគោយន្ត១គ្រឿង ដឹកជ្រូករស់ចំនួន ១០ក្បាលចេញពីប្រទេសថៃ ចូលមកកម្ពុជាដែរ តាមច្រកចំការគរ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតឡើយ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អះអាងថា ក្រោយពីយកសំណាកឈាមជ្រូកទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ជាលទ្ធផលបានបញ្ជាក់ថា មានវិជ្ជមានប៉េស្តជ្រូកអាហ្វ្រិក ហើយក្រុមការងារនេះបានយកវត្ថុតាំង និងបទល្មើសទាំង២ករណី ទៅរក្សាទុកនៅមន្ទីរកសិកម្មខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
អគ្គនាយកដ្ឋាន បានជំរុញឱ្យការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ត្រូវពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យ និងត្រូវបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់ឱ្យមានប្រសិទ្ធភាព។
ចំណែក កសិករ និងពាណិជ្ជករ ជាពិសេសអ្នកចិញ្ចឹមជ្រូកវិញ ត្រូវមានវិធានការជីវៈសុវត្ថិភាពនៅកន្លែងចិញ្ចឹមសត្វជាប្រចាំ ដើម្បីជៀសវាងការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺផ្សេងៗទៀត។
ចំពោះអាជីវករ ពាណិជ្ជករ ឬក្រុមហ៊ុននាំចូលសត្វរស់ទាំងអស់វិញ អគ្គនាយកដ្ឋាន បានតម្រូវឱ្យពួកគេគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍បច្ចេកទេស និងវិធានការអនាម័យសត្វទាំង១២ចំណុច សម្រាប់អ្នកនាំចូល និងឆ្លងកាត់ ជាពិសេស ត្រូវមានទីតាំងដាក់ដាច់ដោយឡែកនៅចុងទីនៃប្រទេសនាំចេញ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញត្រួតពិនិត្យមុននាំចូល ឬឆ្លងកាត់ទៅប្រទេសផ្សេងទៀត។
ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨ ក្នុងប្រទេសចិន បានរីករាលដាលដល់ប្រទេសវៀតណាមនៅដើមឆ្នាំ២០១៩ និងបានឆ្លងចូលដល់ខេត្តរតនគិរី នៃប្រទេសកម្ពុជា កាលពីចុងខែមីនាឆ្នាំ២០២០ មុននឹងបន្តឆ្លងរាលដាលជាបន្តបន្ទាប់ទៅខេត្តចំនួន ៥ផ្សេងទៀត រួមមាន ខេត្តរតនៈគិរី ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តស្វាយរៀង និងខេត្តកណ្ដាល។
ថ្លែងក្នុងសន្និសីទកាសែតកាលពីឆ្នាំមុន មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មលោកតាន់ ផាន់ណារ៉ា អះអាងថា សត្វជ្រូកជាង ៤ពាន់ក្បាល បានងាប់និងត្រូវយកទៅកម្ទេចចោលនិងងាប់ ក្នុងអំឡុងពេលមានការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលបណ្តាលឱ្យខាតបង់ប្រាក់អស់ប្រមាណជិត១លានដុល្លារអាមេរិក៕