31 C
Phnom Penh

ត្រូវក្រុមអ្នករត់ការទំនិញទូទៅចោទ មន្រ្តីសាខាគយនៃកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ថា ប្រព្រឹត្តិអំពើពុករលួយជាលក្ខណៈជាប្រព័ន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នករត់ការគយ ឬហៅថា «ជើងសារគយ» នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានបន្តត្អូញត្អែរ អំពើពុករលួយ របស់មន្ត្រីគយមួយចំនួនប្រចាំការ នៅក្នុងកំពង់ស្វយ័តក្នុងក្រុងព្រះសហីនុមានលក្ខណៈជាប្រព័ន្ធ និងបង្កផលវិបាកដល់ការបំពេញឯកសារ នាំយកទំនិញចេញពីកំពង់ផែនេះ ព្រោះមន្ត្រីស្ថាប័នទាំងនោះ បានតម្រូវក្រុមអ្នករត់ការគយ ឬជើងសារគយ ត្រូវបង់លុយក្រៅផ្លូវការ ឬលុយក្រោមតុ នៅតាមផ្នែក ឬជំនាញនីមួយៗ បណ្តាក់គ្នាដូចពងខ្យង ដោយគ្មានវិក័យបត្រជូនពួកគាត់នោះឡើយ។ 

ប្រភពអះអាងបន្តថា ប្រសិនក្រុមអ្នករត់ការគយ នៅតាមក្រុមហ៊ុននីមួយៗណា មិនព្រមបង់លុយក្រៅផ្លូវការបន្ថែម ជូនមន្ត្រីជំនាញតាមផ្នែកនីមួយៗ តាមការទាមទារ របស់មន្ត្រីទាំងនោះទេ គឺពួកគេនឹងប្រឈមការធ្វើទុក្ខបុកម្នេញពីសំណាក់ មន្ត្រីស្ថាប័នជំនាញទាំងនោះដូចជា៖ ការបង្អាក់ ឬធ្វើឲ្យរាំងស្ទះ ដល់ការរត់ឯកសារ នាំយកទំនិញចេញចូលពីកំពង់ផែនេះតែម្តង។

ក្រុមអ្នករត់ការគយ ឬជើងសារគយ នាំយកទំនិញចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបង្ខំចិត្តបង់លុយជូនមន្រ្តីស្ថាប័ននីមួយៗ ដោយគ្មានលក្ខខណ្ឌ ឬគ្មានវិក័យបត្រអ្វីទាំងអស់។ ពួកគេថា អំពើពុករលួយនេះ មិនមែនទើបកើតឡើងពេលនេះឡើយ ពោលគឺបានកើតដុះស្លែជាយូរឆ្នាំណាស់មកហើយ។ 

ពួកគេនិយាយថា យ៉ាងហោចណាស់ក៏ត្រូវចំណាយលុយចាប់ពី ២សែន ៥ម៉ឺន រៀល (ម្ភៃប្រាំម៉ឺនរៀល) ទៅជាង ៤សែនរៀល ឯណោះ សម្រាប់ទូទំនិញនីមួយៗ។ ហើយថា លុយពុករលួយនេះ ត្រូវបង់ជូនជំនាញនីមួយៗជិត១០កន្លែង រួមមាន៖ ផ្នែកត្រួតពិនិត្យអ្នករត់ការ               ត្រូវបង់ជូនមន្រ្តីគយយ៉ាងតិច ១០ដុល្លារអាមេរិក ក្នុងទំនិញមួយទូ ឬមួយកុងតឺន័រ មានទំហំ ២០ហ្វីត (20feet) សម្រាប់ទំនិញដែលត្រូវបង់ពន្ធ។

ចំណែកកុងតឺន័រទំហំ ៤០ហ្វីតវិញ ត្រូវឲ្យបង់ ២០ដុល្លារអាមេរិក។ ដោយឡែក ចំពោះទំនិញមិនតម្រូវឲ្យបង់ពន្ធវិញ គឺត្រូវបង់លុយចាប់ពី ១៥ដុល្លារ ទៅ៣០ដុល្លារអាមេរិក ក្នុងទំនិញមួយទូៗ និងត្រូវចំណាយ ២០ដុល្លារទៀត សម្រាប់រៀបចំឯសារទំនិញរាយ (LCL)។

ជាងនេះទៀត ក៏ត្រូវបង់លុយជូនមន្ត្រីមានតួនាទីជា អនុប្រធាន និងប្រធានស្នាក់ការតាមជំនាញនីមួយៗ ក្នុងម្នាក់ៗ ចាប់ពី ៥ដុល្លារ ទៅ ១០ដុល្លារអាមេរិក ក្នុងទំនិញមួយទូៗ។

ប៉ុន្តែសម្រាប់ទំនិញរោងចក្រ និងទំនិញ ដែលច្បាប់តម្រូវឲ្យបង់ពន្ធវិញ គឺត្រូវបង់លុយជូន ប្រធានស្នាក់ការខាងលើនេះបន្ថែម ១០ដុល្លារទៀត ក្នុងទំនិញមួយទូៗ។

ដោយឡែក ចំពោះកន្លែងពិនិត្យឯកសារវិញ ក៏មន្ត្រីទាំងនោះ តម្រូវឱ្យបង់លុយចាប់បី ៥ពាន់រៀលឡើងទៅ និងផ្នែកបោះត្រាវិញ គឺមួយ               ឯកសារ តម្រូវឱ្យបង់ចាប់ពីជាង ៣ម៉ឺនរៀល ឡើងទៅ សម្រាប់ទំនិញមិនតម្រូវឲ្យបង់ពន្ធ មានដូចជា៖ ជាសម្ភារ ឬទំនិញរោងចក្រកាត់ដេរជាដើម។

រីឯ ចំពោះទំនិញត្រូវបង់ពន្ធវិញ តម្រូវឱ្យបង់ចាប់ពីជាង ៤ម៉ឺនរៀលឡើងទៅ។ ក្នុងនោះ ថ្លៃធានារ៉ាប់រង ឬអ៊ិនស៊ូរ៉ឹន (Insurance) ក្នុងមួយឯកសារ ត្រូវបង់លុយចាប់ពី ៥ម៉ឺនរៀលឡើងទៅ ហើយក៏ត្រូវបង់លុយចំនួន ២ម៉ឺនរៀលទៀត ឬច្រើនជាងនេះក្នុងទំនិញមួយទូៗ ជូនលោក យ៉ិក យូ ប្រធានសាខាគយ និងរដ្ឋាករ ប្រចាំកំពង់ផែអន្តរជាតិក្រុងព្រះសីហនុថែមទៀតផង។ 

បន្ថែមលើនេះ ចំពោះកន្លែងគិតពន្ធវិញ ក្រុមអ្នករត់ការជើងសារគយ អះអាងថា ក្នុងមួយឯកសារ គឺមន្ត្រីទាំងនោះតម្រូវឱ្យបង់លុយចាប់ពីជាង ២ម៉ឺនរៀលឡើងទៅ សម្រាប់ឥវ៉ាន់ដែលច្បាប់ មិនតម្រូវបង់ពន្ធដូចជា៖ សម្ភារ ឬទំនិញកាត់ដេរជាដើម។

ប៉ុន្តែចំពោះទំនិញត្រូវបង់ពន្ធវិញ គេតម្រូវឱ្យបង់លុយចាប់ពី ៣ម៉ឺនរៀលឡើងទៅ។ ចំណែកផ្នែកគណនេយ្យទទួលសែក (Cheque) ដែលក្រុមហ៊ុននីមួយៗ បានបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់រួចហើយនោះ ក៏ត្រូវមន្ត្រីប្រចាំការនៅកន្លែងនេះ តម្រូវឱ្យបង់លុយបន្ថែមជាង ២០ដុល្លារអាមេរិក និងថ្លៃទំនាក់ទំនងត្រូវបង់២០ដុល្លារទៀត ក្នុងទំនិញមួយទូ។ 

ក្នុងនោះដែរ ក៏ត្រូវបង់លុយជូន លោក យ៉ិក យូ ប្រធានសាខាគយ និងរដ្ឋាករ ប្រចាំកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ យ៉ាងហោចណាស់ចាប់ពី ៥ដុល្លារអាមេរិក ក្នុងទំនិញមួយទូៗ ពោលគឺកន្លែងនេះ ត្រូវក្រុមអ្នករត់ការគយ អះអាងថា បង់លុយតិចជាងផ្នែកដ៏ទៃ ប៉ុន្តែប្រភពបញ្ជាក់ថា ទំនងជាលោកប្រធានសាខាគយខាងលើនេះ អាចទទួលភាគរយ ពីផ្នែកនីមួយៗបន្ថែមទៀត។

ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក យ៉ិក យូ ប្រធានសាខាគយ និងរដ្ឋាករ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីស្នើសុំការបំភ្លឺជុំវិញការចោទប្រកាន់ របស់ក្រុមអ្នករត់ការគយ ឬជើងសារគយ ដែលមន្ត្រីក្រោមឱវាទ របស់លោក ក៏ដូចជារូបលោក ផ្ទាល់ រង់ការចោទ ឬបានប្រព្រឹត្តអំពើពុករលួយជាបន្តបន្ទាប់នាពេលកន្លងមកមកនេះ បានទេនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រុមអ្នករត់ការគយ ឬជើងសារគយ បញ្ជាក់ថា នៅមុនពេលមេរោគកូវីដ-១៩ បានរីករាលដាលនៅលើពិភពលោក ក៏ដូចជាឆ្លងចូលមកដល់ប្រទេសកម្ពុជា  គឺក្នុងមួយថ្ងៃៗ អាចមានរថយន្តកុងតឺន័រដឹកទំនិញ ចេញពីកំពង់ស្វយ័តក្រុងព្រះសីហនុ ចន្លោះពីជាង ១០០ទូ ទៅជាង ២០០ទូ ក្នុងមួយថ្ងៃៗ ប៉ុន្តែសម្រាប់ថ្ងៃថ្ងៃសៅរ៍ និងថ្ងៃអាទិត្យវិញ អាចមានចន្លោះពី ៤០០ទូ ទៅ៥០០ទូ ក្នុងមួយថ្ងៃៗ ក្រោយពេលក្រុមហ៊ុននីមួយៗ បានបំពេញឯកសារនាំយកទំនិញទាំងនោះស្របតាមច្បាប់កំណត់រួចរាល់៕   

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស