ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ប្រមាណ៦០នៅថ្ងៃទី១២ខែកុម្ភៈនេះ បាននាំគ្នាដាក់ញត្តិទៅស្ថានទូតភូមានៅទីក្រុងភ្នំពេញ ថ្កោលទោសការដណ្តើមយកអំណាចរបស់កងទ័ពក្នុងប្រទេសភូមា។
លើសពីនេះ ពួកគេទាមទារឱ្យមានការដោះលែងអ្នកស្រី អ៊ុង សានសូជី ប្រធានគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ និងអ្នកដែលត្រូវបានចាប់ខ្លួនទាំងអស់ ដោយសារការតវ៉ាដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសភូមា។ ជាងនេះទៀត ក្នុងញ្ញត្តិនោះ ក៏បានជំរុញឱ្យកងទ័ពគោរពឆន្ទៈរបស់ពលរដ្ឋភូមាផងដែរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ដែលបានចូលរួមដាក់ញ្ញត្តិនោះដែរ បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ស្ថាប័នសិទ្ធិមនុស្សមួយនេះ ឈរដោយសាមគ្គីភាពជាមួយពលរដ្ឋទាំងអស់ នៅភូមា។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព បានសរសេរលើគណនីហ្វេសប៊ុកខ្លួននៅថ្ងៃសុក្រនេះថា អង្គការសង្គមស៊ីវិល សហជីព និងបណ្តាញយុវជនមួយចំនួនបានជួបជុំគ្នានៅមុខ ស្ថានទូតភូមា ដើម្បីដាក់ញ្ញតិ្តបង្ហាញការមិនគាំទ្រដល់រដ្ឋប្រហារយោធា និងសម្តែងនូវការគាំទ្រដល់ពលរដ្ឋភូមាទាំងអស់ ដែលកំពុងទាមទារនូវសេរីភាព និងលំហប្រជាធិបតេយ្យរបស់ពួកគេ។
កាលពីថ្ងៃទី០១ ខែកុម្ភៈ ក្រុមយោធាប្រទេសភូមា បាននាំគ្នាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវីល ហើយតុលាការភូមាបានប្រកាសឃុំខ្លួន អតីតទីប្រឹក្សារដ្ឋ លោកស្រីអ៊ុង សាន ស៊ូជី ជាបណ្តោះអាសន្ន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ដោយចោទប្រកាន់ពួកគេពីបទរំលោភច្បាប់ពាណិជ្ជកម្ម។
យ៉ាងណា ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនេះ សហគមន៍អន្តរជាតិបានធ្វើការថ្កោលទោស និងដាក់ទណ្ឌកម្មប្រទេសដែលកំពុងក្តោបក្តាប់អំណាចដោយក្រុមយោធានេះជាបន្តបន្ទាប់ ខណៈប្រជាជន ព្រះសង្ឃក្នុងប្រទេសភូមាបានងើបឡើងតវ៉ាប្រឆាំងនឹងរបបសឹកយោធានេះស្ទើរគ្រប់ទីកន្លែង៕