26 C
Phnom Penh

មន្ត្រីសង្គមស៊ីវិលចង់ឃើញកម្ពុជាប្រើប្រាស់វ៉ាក់សាំងដែលមានការធានាពីអង្គការសុខភាពពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសង្គមស៊ីវិលមួយចំនួនលើកឡើងថា ការទទួលយកវ៉ាក់សាំងដោយមិនទាន់ស្គាល់ពីអង្គការសុខភាពពិភពលោក គឺជាហានិភ័យទៅថ្ងៃក្រោយលើសុខភាពពលរដ្ឋ។ ជាមួយគ្នានេះ ពួកគេចង់ឃើញកម្ពុជាប្រើប្រាស់ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលមានការធានាឬ ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកផងដែរ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាល គឺពិតជាត្រូវអនុវត្តកិច្ចការការពារសុខភាពសាធារណៈប្រាកដណាស់។ តែសិទ្ធិក្នុងការទទួលវ៉ាក់ទាំងនេះគឺជាសិទ្ធិសម្រេចរបស់បុគ្គលម្នាក់ៗដោយគ្មានការបំភិតបំភ័យពីមជ្ឈដ្ឋានណាមួយឡើយ។

លោក ថា លោកគ្មានសិទ្ធិដើម្បីហាមឃាត់នរណាម្នាក់ក្នុងការទទួល ឬមិនទទួលវ៉ាក់នេះទ ប៉ុន្តែសម្រាប់ខ្លួនលោកផ្ទាល់ នៅតែមិនទាន់មានទំនុកចិត្តនៅឡើយលើថ្នាំបង្កាទាំងនេះ មិនថាតែវ៉ាក់សាំងរបស់ប្រទេសចិននោះទេ សូម្បីប្រទេសនៅប៉ែកអឺរ៉ុបក៏ដោយ។ លោកបន្តថា  ប្រសិនបើអង្គការសុខភាពពិភពលោក មិនទាន់ចេញមុខធានា នោះមានន័យថា អង្គការមួយនេះនៅមិនទាន់អាចកំណត់ប្រសិទ្ធភាព និងផលប៉ះពាល់របស់វ៉ាក់សាំងទាំងនោះបាននៅឡើយទេ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញាតិជាផ្លូវការ ឲ្យកម្ពុជាប្រើប្រាស់វ៉ាក់២ប្រភេទបន្ថែមទៀត ពីលើវ៉ាក់សាំង ស៊ីណូហ្វាម ដែលកំពុងអនុវត្តចាក់ក្នុងលើមន្ត្រីរាជការអស់រយៈពេល២ថ្ងៃកន្លងមកនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញលិខិត២ដាច់ដោយឡែកពីគ្នា លិខិតមួយប្រកាសឲ្យប្រើវ៉ាក់សាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ របស់ប្រទេសចិន និងលិខិតមួយទៀតគឺប្រកាសឲ្យប្រើវ៉ាក់សាំង អូស្ត្រាសេណេកា របស់ប្រទេសអង់គ្លេស។

លោក បញ្ជាក់ថា ដោយមានការយល់ព្រមពីប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីថ្ងៃទី១១ កុម្ភៈ ក្រសួងសុខាភិបាលសម្រេចជាផ្លូវការប្រកាសឲ្យពលរដ្ឋប្រើបា្រស់ថ្នាំបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ និងអូស្ត្រាសេណេកា ដែលវ៉ាក់សាំងទាំង២ ប្រភេទនេះត្រូវបានប្រើប្រាស់នៅប្រទេសសាម៉ីប្រកបដោយសុវត្ថិភាព និងប្រទេសមួយចំនួនដែលស្ថិតក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ុន សែន អះអាងថា កម្ពុជាត្រូវការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ២០លានដូល ដើម្បីជូនពលរដ្ឋខ្មែរប្រមាណជាង ១០លាននាក់ ដោយឥតគិតថ្លៃ។

វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានបញ្ជូនមកដល់កម្ពុជាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួន ៦០ ម៉ឺនដូស ក្នុងដំណាក់កាលដំបូង ប៉ុន្តែវ៉ាក់សាំងទាំងនេះត្រូវបែងចែកបានត្រឹមតែ២ស្ថានប័នប៉ុណ្ណោះ គឺក្រសួងសុខាភិបាល និងយោធាដែលមានចំនួន ៣០ម៉ឺនដូស ដូចគ្នា។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត មានប្រសាសន៍ថា ការសម្រេចទទួលយកវ៉ាក់សាំងពីរបស់ប្រទេសចិន ក្នុងស្ថានភាពនេះ គឺដើម្បីនយោបាយ ជាជាងគិតគូរពីសុខភាពរបស់ពលរដ្ឋ។

លោក បញ្ជាក់ថា ក្រសួងសុខភិបាលកម្ពុជាគឺជាក្រសួងបច្ចេកទេស  វិជ្ជសាស្ត្រដែលត្រូវដើរតួនាទីពិនិត្យ និងសម្រេចលើជំងឺ ឬប្រសិទ្ធរបស់ថ្នាំណាមួយដោយខ្លួន។ ប៉ុន្តែក្រសួងសុខាភិបាលរបស់កម្ពុជាត្រឹមតែអនុវត្តទៅតាមផែនការនយោបាយរបស់អ្នកមានអំណាចតែប៉ុណ្ណោះទេ សូម្បីការស្នើសុំវ៉ាក់ទាំងនេះក៏ត្រូវធ្វើឡើងដោយស្ថាប័នយោធារបស់កម្ពុជាដែរ។ ចំណែកក្រសួងសុខាភិបាលមិនបានអនុវត្ត តួនាទីរបស់ខ្លួនបន្តិចសោះ គឺគ្រាន់តែរង់ចាំទទួលបញ្ជាពីនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។

កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានបើកទទួលការឧបត្ថម្ភពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដើម្បីទិញវ៉ាក់សាំង ក្នុងការរៃអង្គាសរដ្ឋាភិបាលទទួលបានទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារអាមេរិក ប៉ុន្តែថវិកានេះនៅមិនទាន់ប្រើប្រាស់ទៅលើការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅឡើយទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស