30 C
Phnom Penh

អ្នកវិភាគថា សុខភាពលោក ហ៊ុន សែន ទ្រុឌទ្រោមហួសរហូតមិនអាចចាក់វ៉ាក់សាំងរបស់ចិនបាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម រិះគន់ថា លោក ហ៊ុន សែន មិនហ៊ានចាក់វ៉ាក់សាំង ស៊ីណូហ្វាម របស់ប្រទេសចិននោះទេ ព្រោះសុខភាពរបស់លោកកំពុងទ្រុឌទ្រោមជាខ្លាំង ដែលអាចនឹងមានប្រតិកម្មថ្នាំប៉ះពាល់ដល់អាយុជីវិរបស់លោកភ្លាមៗ។

អ្នកវិភាគនយោបាយសង្គម និងអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ ខែកុម្ភៈនេះថា វ៉ាក់សាំងរបស់ចិនមានគុណភាពនៅមានកម្រិត។ ប្រសិនបើ ចៃដន្យលោក ហ៊ុន សែន មានបញ្ហាអ្វី ក្រោយពីចាក់វ៉ាក់សាំង នោះផែនការផ្ទេរអំណាចឲ្យកូនរបស់លោក អាចនឹងបរាជ័យ។ ដូច្នេះលោក ហ៊ុន សែន មានតែពន្យាពេលរង់ចាំប្រទេសណាដែលគាត់ទុកចិត្តប៉ុណ្ណោះ។

លោកគឹម សុខ អះអាងថា ហ៊ុន សែន បានរៀបចំផែនការកាន់កាប់អំណាចច្រើនឆ្នាំមកហើយ តែនៅមិនទាន់រៀបរយដល់លក្ខខណ្ឌដែលអាចធានាការផ្ទេរអំណាចនេះបានទាំងស្រុងនៅឡើយទេពេលនេះ។ ដូច្នេះការរក្សាជីវិតដើម្បីថែរក្សាអំណាចរបស់គាត់គឺជារឿងអាទិភាពជាងរឿងណាៗទាំងអស់។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីសារព័ត៌មាន ស៊ីនហួរ Xinhua បានចុះផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ប្រធានាធិបតីប្រទេសប៉េរូបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម ប្រឆាំមេរោគកូវី១៩ និងបានប្រកាសឲ្យពលរដ្ឋទទូលចាក់វ៉ាក់សាំងនេះផងដែរ។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សារព័ត៌មាន ស៊ីនហួ បានអះអាងថា ប្រធានាធិបតីប៉េរូ លោក Franciso Sagasti កើតនៅឆ្នាំ១៩៤៤ ហើយដែលសព្វថ្ងៃនេះលោកមាន អាយុ៧៧ឆ្នាំ។ លោកក៏បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ Sinopharm របស់ចិនរួចហើយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យយោធាមួយ ក្នុងទីក្រុងលីម៉ា។

ប្រភពដដែល បញ្ជាក់ថា ប្រធានាធិបតីនៃប្រទេសប៉េរូ លោក ហ្វ្រាងគីសូ សាហ្គាស្ទី Franciso Sagasti នឹងទទួលការចាក់វ៉ាក់សាំងលើកទី២ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដែលមានគម្លាតពេល ២១ថ្ងៃ ក្នុងការចាក់លើកទី១ និងលើកទី២ ខាងមុខនេះ។ ជាងនេះទៀត ប្រជាជនប៉េរូ ប្រមាណ ៣ពាន់នាក់ហើយ ដែលភាគច្រើនជាគ្រូពេទ្យ បានចាក់វ៉ាក់សាំងនេះ បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ មក។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានអះអាង ក្នុងសន្និសីតសារព័ត៌មាន ក្រោយពិធីទទួលវ៉ាក់សាំង ស៊ីណូហ្វាម ដែលដឹកមកដល់កម្ពុជាថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពសម្រាប់តែមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ប៉ុណ្ណោះ។ ដូច្នេះសម្រាប់រូបលោកដែលមានអាយុជាង ៦០ឆ្នាំឡើងទៅហើយនោះ មិនអាចចាក់វ៉ាក់សាំងនេះបានទេ។

បញ្ហានេះ លោក ហ៊ុន សែន មានការរារែកចិត្តចំពោះការចាក់វ៉ាក់សាំងចិននេះណាស់។ ម្ដងលោកថាលោកនឹងចាក់មុនគេ។ ក្រោយមក លោកថា ចាំទុកឱ្យបុគ្គលិកពេទ្យចាក់មុនសិន ប៉ុន្តែចុងក្រោមលោក បញ្ជាក់ថាលោកមិនអាចចាក់បានឡើយ ព្រោះអាយុរបស់លោកលើសពីការកំណត់របស់ថ្នាំ ត្រូវរង់ចាំសិក្សាបន្តទៀតសិន។

យ៉ាងនេះក្តី កាលពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន ធ្លាប់បានអះអាងថា នៅពេលវ៉ាក់សាំងចិនមកដល់កម្ពុជា លោកនឹងចាក់មុនគេ ដើម្បីបញ្ជាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងនេះបានបង្ហាញពីចំណងមិត្តភាពរវាងចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែបក្នុងកិច្ចសហប្រតិបត្តិការទ្វេរភាគី។

ទោះជាបែបនេះក្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដែលមានអាយុលើសពី៧០ឆ្នាំទៅហើយនោះ បានចាក់វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន ២០ថ្ងៃ មុនពេលទទួលជំនួយវ៉ាក់សាំងរបស់ចិន មកដល់កម្ពុជា។ លោក ទៀ បាញ់ អះអាងកាលពីថ្ងៃទី១០ ខែកុម្ភៈថា ក្រោយចាក់វ៉ាក់សាំងនេះ លោកមិនមានប្រតិកម្ម ឬអាការៈរោគគួរឲ្យកត់សម្គាល់ណាមួយឡើយ  ប៉ុន្តែលោកត្រូវថែទាំសុខភាពមួយរយៈពេលខ្លីតាមការណែនាំរបស់វេជ្ជបណ្ឌិតចិនផងដែរ។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១២ ខែកុម្ភៈ នេះថា យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នឹងចាក់ជូន ពលរដ្ឋនៅតាមទីតាំងមួយចំនួន ដូចជា មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យរុស្សី និងមន្ទីរពេទ្យកុមារជាតិ។ ជាងនេះទៀតប័ណ្ណបញ្ជាក់ពីការទទួលបានវ៉ាក់សម្រាប់អ្នកដែលបានចាក់រួច គឺមាន QR កូដ ផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស