អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅទិរទេស លោក សម រង្ស៊ី អះអាងនៅថ្ងៃទី១២ ខែកុម្ភៈនេះថា លោក ហ៊ុន សែន បរាជ័យ ក្នុងការជម្រុញឲ្យបង្កើតគណបក្សថ្មី ធ្វើជាគណបក្សប្រឆាំងក្លែងក្លាយ ដោយយកឈ្មោះលោក កឹម សុខា ទៅប្រើ។ លោកបញ្ជាក់ថា ការជំរុញឱ្យបង្កើតបក្សថ្មីដែលភ្ជាប់ឈ្មោះលោក កឹម សុខា នោះគឺ ដើម្បីធ្វើជានុយ សម្រាប់អូសទាញ អ្នកដែលស្រឡាញ់គណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃទី៧ខែកុម្ភៈ សហមេធាវីការពារក្តីលោក កឹម សុខា បានចេញលិខិតមួយដោយបញ្ជាក់ជាថ្មីម្តងទៀត ដោយហាមមិនឱ្យយកឈ្មោះ លោក កឹម សុខា ទៅភ្ជាប់នឹងការបង្កើតបក្ស ឬចលនានយោបាយណាមួយ។
សហមេធាវីការពារក្តីឱ្យមេបក្សប្រឆាំងបន្តថា បុគ្គល ឬក្រុមណា ដែលមានបំណងបង្កើត ឬបានកំពុងបង្កើត ឬបានបង្កើត គណបក្សនយោបាយ ឬចលនានយោបាយណាមួយ សូមកុំយកករណី ឬឈ្មោះលោក កឹម សុខា ទៅភ្ជាប់ពាក់ព័ន្ធជាមួយ។
លិខិតដដែលបន្ថែមទៀតថា បុគ្គល ឬក្រុមណា ដែលធ្វើកិច្ចការខាងលើ សូមមានសេចក្តីក្លាហាន ទទួលខុសត្រូវដោយខ្លួនឯង។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារត្រពាំងផ្លុងកាលពីថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬ ត្រូវរ៉ូវជាមួយបរទេស។
លោកត្រូវបានប្តូរមកឃុំខ្លួនក្នុងផ្ទះកាលពីចុងឆ្នាំ២០១៨ និងត្រូវបានតុលាការបន្ថូបន្ថយលក្ខខណ្ឌក្នុងការឃុំខ្លួនក្នុងផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០១៩ ដោយផ្តល់សេរីភាពឱ្យលោកបានច្រើនជាងមុន ប៉ុន្តែសេរីភាពធ្វើនយោបាយ និងចេញទៅក្រៅប្រទេសត្រូវបានហាមឃាត់ទាំងស្រុង។
ដំណើរការសវនាការសំណុំរឿងលោកកឹម សុខា ត្រូវបានតុលាការផ្អាកកាលពីខែមីនា ឆ្នាំ២០២០ក្រោមហេតុផលបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈក្រុមសហមេធាវីការពាររបស់លោក កឹម សុខា បានស្នើឱ្យតុលាការបន្តនីតិវិធីសំណុំរឿងនេះជាច្រើនដង ប៉ុន្តែត្រូវបានតុលាការបដិសេធ។
លោក ហ៊ុន សែន ធ្លាប់បង្ហើបប្រាប់ក្រុមប្រឆាំងហើយថា គណបក្សសង្រ្គោះជាតិនឹងមិនអាចរស់ឡើងវិញជាដាច់ខាត ហើយជម្រើសរបស់ពួកគេមានតែបង្កើតគណបក្សថ្មីជំនួសបក្សប្រឆាំងដើម្បីចូលរួមការបោះឆ្នោតនៅពេលខាងមុខតែប៉ុណ្ណោះ។
ជាងនេះទៀត បុរសខ្លាំងនៅកម្ពុជារូបនេះ ធ្លាប់បញ្ជាក់ដែរថា សំណុំរឿងលោកកឹម សុខា នឹងត្រូវពន្យារហូតដល់ឆ្នាំ២០២៤ ពោលគឺក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ២០២២ និងបោះឆ្នោតជាតិឆ្នាំ២០២៣រួចរាល់សិន។
គិតដល់ពេលបច្ចុប្បន្ន មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន១៤នាក់ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោម១១៨នាក់ ដែលត្រូវតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ក្រោយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ មានអតីតមន្ត្រីបក្សប្រឆាំង ៤ក្រុម ដែលបាននាំគ្នាបង្កើតគណបក្សថ្មី និងគ្រោងបង្កើតបក្សថ្មី រួមមានគណបក្សឆន្ទៈខ្មែរ ដឹកនាំដោយក្រុមកូនលោក គង់ គាំ គណបក្សខ្មែរអភិរក្សនិយម ដឹកនាំដោយលោករៀល ខេមរិន្ទ និងគណបក្សខ្មែរស្រលាញ់ជាតិ ដឹកនាំដោយក្រុមរបស់លោកជីវ កត្តា លោក កង គឹមហាក់ និងក្រុមលោក អ៊ូ ច័ន្ទរ័ត្ន ដែលគ្រោងនឹងបង្កើតគណបក្សកែទម្រង់កម្ពុជា៕