29 C
Phnom Penh

បាតុករភូមា ចាប់ផ្ដើមប្រឆាំងចិន ខណៈពួកយោធាសុំឲ្យបាតុករ ត្រឡប់ទៅធ្វើការវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បាតុកម្មនៅប្រទេសភូមា ប្រឆាំងនឹងក្រុមរដ្ឋប្រហារ កំពុងបន្តពុះកញ្ជ្រោលជាខ្លាំងដល់ថ្ងៃទី៧ ហើយ។ ក្នុងចំណោមបាតុករាប់សែននាក់ គឺបាតុកររាប់ពាន់ បានបង្វែក្បួនរបស់ពួកគេ ទៅប្រមូលផ្ដុំគ្នានៅ ខាងមុខស្ថានទូតចិន ក្នុងទីក្រុងយ៉ាំងហ្គោន ដែលមើលទៅដូចជាការឡោមព័ន្ធស្ថានទូតប្រទេសធំមួយនេះ។

ប្រទេសចិន ត្រូវបានចោទថា នៅពីក្រោយរដ្ឋប្រហាររបស់ពួកយោធាព្រោះ ប្រទេសនេះ រាំងខ្ទប់ ក្រុមប្រឹក្សាសន្តិសុខ មិនអោយចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស រដ្ឋប្រហាររបស់ពួកយោធាភូមា។ស្ថានទូតចិន នៅពេលនេះបានក្លាយជាគោលដៅតវ៉ារបស់បាតុករ ជាច្រើនពាន់នាក់។

ក្រុមបាតុករដែលបានមកប្រមូលផ្ដុំគ្នានៅ ខាងមុខស្ថានទូចចិន នៅក្រុងយ៉ាំងហ្គន តាំងពីថ្ងៃទី១១កុម្ភៈ បានបង្ហាញការសង្ស័យថា រដ្ឋាភិបាល កុម្មុយនិស្តចិន បានគាំទ្រពួកយោធា ដែលបានធ្វើរដ្ឋប្រហារប្លន់អំណាច ពីម្ចាស់ឆ្នោត រាប់សិបលាននាក់។

ទីភ្នាក់សារសារព័ត៌មាន Reuters បានចុះផ្សាយថា  ក្រុមបាតុករ បានលើកបដាមួយផ្ទាំង ជាភាសាចិនផង និងអង់គ្លេសផងគឺថា ៖គាំទ្រប្រជាជនភូមាទៅ គឺ កុំគាំទ្រពួកផ្តាច់ការ។ ក្រុមបាតុករដែលតវ៉ានៅមុខស្ថានទូតចិនបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចិន មើលទៅកំពុងគាំទ្រក្រុមយោធា ជាជាងគាំទ្ររដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោត។

ប្រភពដដែលឲ្យដឹងថា បាតុករដែលមកប្រមូលផ្ដុំគ្នានៅមុខស្ថានទូតចិន នៅភូមាបាន ធ្វើឡើងបន្ទាប់ពីមានការសង្ស័យ ថា ចិនបានបញ្ជូនក្រុមអ្នកបច្ចេកទេស និងសម្ភារ បច្ចេទេស អ៊ីធើណែតមកឲ្យពួកយោធាភូមា ដោយដឹកតាមយន្តហោះប្រទេសចិន។

ចំពោះព័ត៌មាននេះ សម្រាប់ស្ថានទូតចិនបានអះអាងថា គ្រាន់តែជាការដឹកទំនិញ គឺក្នុងនោះមានដូចជាស្បៀងសមុទ្រនិងទំនិញផ្សេងៗទៀត។ នៅពេលដែល សហគមន៍អន្តរជាតិ នាំគ្នាថ្កោលទោស ពួកយោធា ដែលបានធ្វើរដ្ឋប្រហាររំលាយលទ្ធផលបោះឆ្នោត របស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដឹកនាំដោយអ្នកស្រីអ៊ុងសានសូជី ដែលពួកយោធាចាប់ឃុំខ្លួន  ប្រទេសចិនបាននិយាយថាចិនមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រជាជនភូមាដោយទទូចថា ត្រូវទុកឱ្យភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាខ្វែងគំនិតគ្នាដោយសន្តិវិធី។

អ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍ បានធ្វើការកត់សំគាល់ថា នៅប៉ុន្មានសប្ដាហ៍មុន មានរដ្ឋប្រហារនៅភូមា គឺរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បានមកធ្វើទស្សនកិច្ចនៅក្រុងយ៉ាំងហ្គន គឺលោកបានជួបជាបន្តបន្ទាប់ ជាមួយថ្នាក់ដឹកនាំប្រទេសភូមា ប៉ុន្តែ ក្នុងឋានៈលោក ជារដ្ឋមន្ត្រីការបរទេសបែរជា លោកជួបនឹងមេទ័ពទៅវិញ។

លោកបានជួបនឹងឧត្តមសេនីយ៍ មីនអ៊ុងឡាំង ដែលបុរសនេះ គឺជាមេរដ្ឋប្រហាររំលាយឆន្ទៈម្ចាស់ឆ្នោតរាប់សិបលាននាក់។ ក្នុងហេតុផលនេះ ប្រទេសប្រជាធិបតេយ្យជឿនលឿន មានដូចជា ជប៉ុន ឥណ្ឌា           អាមេរិក និងក្រុមប្រទេសសហភាពអឺរ៉ុប កំពុងនាំគ្នាដាក់សំពាធលើប្រទេសចិន ឲ្យជួយគាបសង្កត់ពួកយោធាដើម្បីផ្ទេរអំណាច ទៅអោយគណបក្សឈ្នះឆ្នោត។

នៅពេល បាតុករកំពុងតវ៉ា ប្រឆាំង ចិនករណីចោទថានៅពីក្រោយរដ្ឋប្រហារ ដែលបាតុករ បានប្រមូលផ្ដុំគ្នានៅ ខាងមុខស្ថានទូតចិន នៅភូមា គឺពួកយោធា បានចេញសេចក្ដីអំពាវនាវ សុំអោយមន្ត្រីរដ្ឋការ             គ្រូបង្រៀន គ្រូពេទ្យកម្មករ វិលត្រឡប់ទៅកន្លែងធ្វើការវិញ ហើយថា បញ្ឈប់ទៅ ការប្រមូលផ្ដុំគ្នា ព្រោះពេលនេះការឆ្លងជំងឺកូវិដ កំពុងបន្តរីករាលដាលនៅឡើយ។

សាររបស់ឧត្តមសេនីយមីនអ៊ុងឡាំងដែលជាមេរដ្ឋប្រហារ បានទទូចថា ជនរួមជាតិត្រូវគិតពីជីវភាព សេដ្ឋកិច្ចគ្រួសារ និងអត្ថប្រយោជន៍ ក្រុមហ៊ុន និងស្ថាប័នការងាររបស់អស់លោកផង ហើយ សូមកុំប្រមូលផ្ដុំគ្នា ព្រោះ ជំងឺកូវិដ រីករាលដាលខ្លាំងណាស់។

សាររបស់មេរដ្ឋប្រហាររូបនេះ បានត្រឹមតែលូងចិត្តប៉ុណ្ណោះ ប៉ុន្តែក្រុមបាតុករបន្តសន្យា ដើរក្បួនតវ៉ា ជារៀងរាល់ថ្ងៃ គឺរហូតពួកយោធាយល់ព្រមផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាល របស់អ្នកស្រី អ៊ុងសានសូជី វិញ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស