បញ្ញវន្តខ្មែរនៅក្រៅប្រទេស អះអាងថា ការវិវត្តស្ថានការណ៍នយោបាយនៅកម្ពុជាសព្វថ្ងៃ មេដឹកនាំបក្សសង្គ្រោះជាតិនៅក្នុងស្រុក លោក កឹម សុខា កំពុងដណ្ដើមបានការគាំទ្រផ្នែកការទូតយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ឬជាអ្នកគ្រប់គ្រងមុខមាត់ការទូតលើសមេដឹកនាំណាៗទាំងអស់រួមទាំង លោក ហ៊ុន សែន ផងដែរ។
អនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប សេង បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ នេះថា អ្នកការទូតធំៗដែលបានជួបពិភាក្សាការងារជាហូរហែរជាមួយលោក កឹម សុខា សុទ្ធតែជាប្រមុខការទូតប្រចាំនៅកម្ពុជា ដែលជាអ្នកតំណាងផ្លូវការនៃរដ្ឋាភិបាលរបស់ពួកគេ ឬជាអ្នកជំនួសមុខឲ្យអង្គការអន្តរជាតិធំៗ ដែលមានឥទ្ធិពលនយោបាយ ការទូត និងកិច្ចការសេដ្ឋកិច្ចសកលទៀតផង។
លោក រិះគន់ថា ថ្នាក់ដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិ ដែលនាំគ្នាចេញក្រៅប្រទេស តែងអះអាងថា ពួកគេធ្វើបែបនេះគឺដើម្បីស្វែងរកការគាំទ្រផ្នែកការទូតពីអន្តរជាតិ ប៉ុន្តែយុទ្ធសាស្ត្រនេះហាក់មានភាពស្ងប់ស្ងាត់ ខណៈអ្នកការទូតនៃប្រទេសធំៗងាកមកគាំទ្រមេដឹកនាំបក្សប្រឆាំងដែលកំពុងធ្វើសកម្មភាពតស៊ូរដើម្បីសេរីភាពនៅក្នុងស្រុកជាបន្តបន្ទាប់ទៅវិញ។
លោក អ៊ាប សេង បញ្ជាក់ថា នយោបាយការទូតរបស់ប្រធានបក្សប្រឆាំងក្នុងស្រុកទទួលបានជោគជ័យខ្លាំង សម្រាប់គណបក្សសង្គ្រោះជាតិ ដូច្នេះអ្នកចេញមកក្រៅប្រទេសទាំងឡាយ គួរនឹងសមល្មមអស់ភារកិច្ចនៅធ្វើនយោបាយការទូតក្រៅប្រទេសហើយ ប៉ុន្តែជាពេលដ៏ស័ក្ដិសមបំផុត ក្នុងការវិលត្រឡប់ទៅស្រុកវិញ ដើម្បីធ្វើកិច្ចសហការជាមួយប្រធានបក្សរបស់ខ្លួនដែលកំពុងនៅតស៊ូរនៅក្នុងប្រទេសស្រាប់។
អនុប្រធានប្រតិបត្តិនៃចលនានិស្សិតរូបនេះ បញ្ជាក់ថា ការវិលត្រឡប់ចូលស្រុក ដោយសេចក្ដីក្លាហានរបស់ថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ គឺជាសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរជាងកន្លះនគរ ដើម្បីរួបរួមសាមគ្គីគ្នា ធ្វើសកម្មភាពក្នុងសមរភូមិនយោបាយជាក់ស្ដែង បង្កើតលទ្ធភាពផ្លាស់ប្ដូររបបរដ្ឋប្រហារអចិន្ដ្រៃយ៍ ទៅកាន់លទ្ធិប្រជាធិបតេយ្យសេរី ពេញលក្ខណៈយ៉ាងពិតប្រាកដ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីបណ្តាស្ថានទូតរបស់ប្រទេសលោកសេរី រួមទាំងសហគមន៍អឺរ៉ុបផងបាននាំគ្នាមកជួប លោក កឹម សុខដែលកំពុងតស៊ូដើម្បីយុត្តិធម៌ ស្របពេលលោក មិនទាន់មានសេរីភាពពេញលេញ ដើម្បីជុំរុញឲ្យមានដំណោះស្រាយនយោបាយដ៏ល្អមួយដែលជាប្រយោជន៍សម្រាប់កម្ពុជាទាំងមូល។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទ រួមគំនិតក្បត់ជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុនសែន។ បីខែក្រោយមក តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ហើយហាមមិនឱ្យមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន១១៨រូប ធ្វើនយោបាយរយៈពេល ៥ឆ្នាំ ថែមទៀត។ រហូតមកទល់ ពេលនេះ តុលាការមិនទាន់បានសម្រេចបទចោទណាមួយលើរូបលោក កឹម សុខា នៅឡើយទេ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្នុងជំនួបមេបក្សប្រឆាំងលោក កឹម សុខា ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក Patrick Murphy បានលើកឡើងពីការជួយដល់ពលរដ្ឋខ្មែរ នាពេលអនាគត លើវិស័យនានា ដូចជាវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស ដោយផ្សាភ្ជាប់ជីវភាពរស់នៅ និង សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរជាដើម។
ដោយឡែក អតីតមេប្រឆាំងលោក សម រង្ស៊ី ក្រោយសាលដីការតុលាកំពូលប្រកាសរំលាយ គណបក្សសង្គ្រោះជាតិ លោកក៏បានដឹកនាំអ្នកគាំទ្ររបស់ខ្លួនចេញក្រៅប្រទេសដើម្បីរកការគាំទ្រពីអន្តរជាតិ ឲ្យជួយដាក់សម្ពាធលើរដ្ឋភិបាលក្រុងភ្នំពេញ ដោយទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ប៉ុន្តែមកទល់នឹងពេលនេះ យុទ្ធនាការរបស់លោកនៅមិនទាន់បានសម្រេច និងហាក់មិនមានការគាំទ្រពីអន្តរជាតិនៅឡើយ។
លើសពីនេះ សម រង្ស៊ី ក៏បានរៀបផែនការមាតុភូមិនិវត្តន៍ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាផងដែរ កាលពីថ្ងៃទៅ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែ ផែនការនេះត្រូវបរាជ័យទាំងស្រុង ហើយលោក សម រង្ស៊ី ក៏រងការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារថែមទៀត ដែលបណ្តាលឲ្យសកម្មជន និងថ្នាក់ដឹកនៃគណបក្សសង្គ្រោះជាតិជាច្រើនរូប រងការចាប់ខ្លួនជាបន្តបន្ទាប់រហូតមកទល់សព្វថ្ងៃនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ មេបក្សប្រឆាំងលោក កឹម សុខា បានបញ្ជាក់ពីជំហររបស់លោក កាលពីចុងខែមករា ឆ្នាំ២០២១ នេះថា លោកនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់៕