28.4 C
Phnom Penh

លោក ហ៊ុន សែន ជំរុញឱ្យមានរឹតបន្តឹងច្បាប់និងបង្កើនប្រាក់ផាកពិន័យចំពោះអ្នកគេចវេះពីការធ្វើចត្តាឡីស័ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ជំរុញឱ្យមន្ត្រីក្រោមឱវាទរឹតបន្តឹងការអនុវត្តច្បាប់និងបង្កើនប្រាក់ផាកពិន័យចំពោះក្រុមពលរដ្ឋ ដែលគេសវេះពីការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

នៅក្នុងពិធីថ្លែងសារពិសេសនៅព្រឹកថ្ងៃទី១៥ខែកុម្ភៈនេះ លោកហ៊ុន សែន អះអាងថា ពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ មួយចំនួនបានចូលរួមធ្វើចត្តាឡីស័កត្រឹមត្រូវ ខណៈមួយចំនួននៅតែគេចវេះមិនព្រមចូលខ្លួនធ្វើចត្តាឡីស័កឡើយ រហូតមានពលរដ្ឋម្នាក់លួចឆ្លងដែនចូលកម្ពុជាកាលពីយប់ថ្ងៃទី១៤ខែកុម្ភៈ បណ្តាលឱ្យជាន់មីនរបួសធ្ងន់ថែមទៀតផង។

ដើម្បីបង្ការហានិភ័យនេះ និងជៀសវាងការចម្លងជំងឺកូវីដ១៩ទៅកាន់ពលរដ្ឋក្នុងសហគមន៍ លោក ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអាជ្ញាធរត្រូវរឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែន និងត្រូវមានវិធានការច្បាប់ដោយផាកពិន័យតាមអនុក្រឹត្យរបស់រដ្ឋាភិបាលចំពោះជនទាំងឡាយណាដែលបានគេចវេះពីការធ្វើចត្តាឡីស័ក ។

លោកបានណែនាំឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៌ សិក្សាច្បាប់ដើម្បីបង្កើនប្រាក់ផាកពិន័យ លើជនល្មើស ដែលមិនបានគោរពតាមវិធានការធ្វើចត្តាឡីស័កជំងឺកូវីដ១៩ តាមការណែនាំរបស់រដ្ឋាភិបាល។

លោកហ៊ុន សែន ចង់ឲ្យបង្កើនប្រាក់ពិន័យឲ្យលើសពី១លានរៀល លើជនទាំងឡាយណា ដែលល្មើសនឹងវិធានការចត្តាឡីស័ក ខណៈអនុក្រឹត្យបច្ចុប្បន្ន ពិន័យត្រឹមតែ២សែនរៀល ដល់១លានរៀល ប៉ុណ្ណោះ។ លោកអះអាងថា វិធានការពិន័យប្រាក់កន្លងមក មានលក្ខណៈតិចតួច ដែលធ្វើឱ្យអ្នកមានលទ្ធភាពអាចគេសវេសពីការធ្វើចត្តាឡីស័ក ដោយសំអាងចំពោះការបង់ប្រាក់ពិន័យ។

បើតាមលោកហ៊ុន សែន ឱ្យដឹងថា ពលរដ្ឋដែលបានធ្វើចត្តាឡីគិតត្រឹមយប់ថ្ងៃទី១៤ខែកុម្ភៈ គឺពលរដ្ឋមកពីប្រទេសថៃ ចំនួន ៣ម៉ឺន៥ពាន់នាក់ បានធ្វើចត្តាឡីស័ក និងជាង១ម៉ឺននាក់ (១១៨៥៧)ទៀត តាមខេត្ត៧ ដែលជាប់ព្រំដែនកម្ពុជា-ថៃ បានធ្វើចត្តាឡីស័ក។ លោកថាអ្នកធ្វើចត្តាឡីស័កមានការកើនឡើងជារៀងរាល់ថ្ងៃ។

នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលក៏បានចេញលិខិតមួយក្រើនរំឭកទៅអភិបាលរាជធានី-ខេត្ត អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់ចំពោះអ្នកគេចវេះមិនធ្វើចត្តាឡីស័ក តាម អនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។

អនុក្រឹត្យរបស់រដ្ឋាភិបាល មាត្រាទី៨ ដែលពិន័យលើអ្នកដែលគេចចេញពីការធ្វើចត្តាឡីស័ក ពី ១លាន រៀល ទៅ ២លាន រៀលប៉ុណ្ណោះ។ ប៉ុន្តែប្រាក់ផាកពិន័យនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា តិចតួចពេកសម្រាប់អ្នកមានចំណូលខ្ពស់។ ដូច្នេះ លោកបានបង្គាប់ឱ្យមានការកែសម្រួលអនុក្រឹត្យថ្មី ដែលអាចនឹងដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត។

គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជារកឃើញ អ្នកមានជំងឺកូវីដ១៩ ចំនួន៤៨២នាក់ គិតទាំងជនបរទេស៣នាក់ដែលទើបរកឃើញថាមានវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីនេះ។  ក្នុងនោះ អ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួន៤៦៩នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស