34 C
Phnom Penh

សមត្ថកិច្ចខេត្តបាត់ដំបងរកឃើញថា ការគេចវេសពីការធ្វើចត្តាឡីស័ក្ត របស់ពលករខ្មែរពីថៃចូលកម្ពុជា ដោយការពួនក្នុងកន្រ្តកឥវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ប្រចាំការនៅតាមច្រកកំរៀង ព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង បានសហការគ្នាចុះត្រួតពិនិត្យ និងរឹតបន្តឹង ចំពោះសកម្មភាពធ្វើដំណើរចេញចូលប្រទេសទាំងពីរ ទាំងមធ្យោបាយដឹកនាំទំនិញចេញចូល ឬការធ្វើដំណើរចេញចូល របស់ពលករនៃប្រទេសទាំងពីរ ជាពិសេសពលករខ្មែរ ចេញពីប្រទេសថៃ វិលចូលមកកម្ពុជា ហើយមានបំណងគេចវេសពីការធ្វើចត្តាឡីស័ក តាមការណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។

ប្រភពដ៏គួរឲ្យជឿទុកចិត្តពីព្រំដែនកម្ពុជា-ថៃ បានឲ្យសារព័ត៌មាន The Cambodia Daily ដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សមត្ថកិច្ច បានរកឃើញជនខិលខូចមួយចំនួន ប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើដំណើរឆ្លងដែនចេញ ឬចូលប្រទេសទាំងពីរ កម្ពុជា-ថៃ ដោយពួកគេមានបំណងគេចវេសពីការធ្វើចត្តាឡីស័ក តាមរយៈការពួននៅក្នុង កន្ត្រក ឬឡាំង សម្រាប់ដាក់ឥវ៉ាន់ និងទំនិញផ្សេងៗ នៅលើរថយន្តដឹកទំនិញធំៗ ដែលបើកឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។

ជាងនេះទៅទៀតសមត្ថកិច្ចក៏បានរកឃើញពលករខ្លះទៀត ត្រូវបានមេខ្យល់នាំចេញ ឬចូលតាមច្រករបៀងផ្សេងៗ នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា៖ ខេត្តឧត្តមមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងជាដើម។

ប្រភពដដែលអះអាងថា មេខ្យល់ដែលនាំពលករខ្មែរចេញឬចូលប្រទេសទាំងពីរកម្ពុជា-ថៃ ត្រូវបានសមត្ថកិច្ចជំនាញស្ថាប័នខ្លះ ប្រចាំការនៅតាមច្រកព្រំដែននីមួយៗ ជាអ្នកកាងការពារពួកគេ ក្នុងការនាំពលករខ្មែរ ពីប្រទេសថៃ ចូលមកកម្ពុជា ឬចេញពីកម្ពុជា វិលចូលប្រទេសថៃវិញ ដោយអាចគេចវេសពីការធ្វើចត្តាឡីស័ក្ត ជាថ្នូរទទួលសំណូកពុករលួយពីមេខ្យល់ខុសច្បាប់ទាំងនោះ។

លោក ហ៊ុន សែន កាលពីម្សិលម៉ិញនេះ បានចេញអនុក្រឹត្យដកស័ក្តិ និងបណ្តេញ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ចេញពីក្របខណ្ឌនគរបាលជាតិភ្លាមៗ ក្រោយបានរកឃើញកំហុសឆ្គងដោះលែងមេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់ នៅស្រុកកំរៀង នៅខេត្តបាត់ដំបងនេះ។

លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យ លោកអភិបាលខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិ ត្រូវចាត់ការអនុវត្តតាមផ្លូវច្បាប់បន្តទៀត ចំពោះលោក គឹម ពន្លក ដើម្បីឈានទៅផ្តន្ទាទោស ករណីពុករលួយ           ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់មន្ត្រី ឬអ្នកជាប់ពាក់ព័ន្ធស្ថាប័នផ្សេងៗទៀត កុំឲ្យប្រព្រឹត្តទង្វើ ឬធ្វើសម្មភាពពុករលួយបែបនេះទៀត។

ប្រភពពីមន្រ្តីនគបាលខ្លះ បានឱ្យសារព័ត៌មាន The Cambodia Daily ដឹងថា អតីតលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនរបាលស្រុកកំរៀង ខេត្តបាត់ដំបង បានសារភាពកំហុស និងទទួលស្គាល់ថា ខ្លួនពិតជាបានទទួលមុខសញ្ញា មេខ្យល់នាំមនុស្ស ឬពលករខ្មែរឆ្លងដែនខុសច្បាប់ ពីកម្លាំងវរៈការពារព្រំដែន-៨១៩ ពិតប្រាកដមែន។

ហើយថា កំហុសឆ្គងទាំងនោះ មានដូចជា៖ ករណី ផ្តល់ជំរកស្នាក់នៅដល់ពលករខ្មែរ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជា ទៅប្រទេសថៃ និងការនាំពលករឆ្លងដែនខុសច្បាប់ ចេញពីប្រទេសថៃ ចូលមកកម្ពុជា ហើយគេចពីការធ្វើចត្តាឡីស័កតែម្តង។

ក្រោយដកចេញពីតំណែង អតីតអធិការស្រុកកំរៀងរូបនេះត្រូវបានតុលាការខេត្តបាត់ដំបង សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១នេះ។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងលោក ឃី ឆៃ បានសម្រេច បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទឈ្មោះ គឹម ពន្លក ទៅពន្ធនាគារខេត្តបាត់ដំបង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី។

លើសពីនេះ បង្គាប់ឲ្យប្រធានពន្ធនាគារ ខេត្តបាត់ដំបង ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ចុងក្រោយតុលាការ បង្គាប់ឲ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ ត្រូវសហការអនុវត្តឲ្យបានល្អនៅក្នុងករណីចាំបាច់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស