27 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសង្គម ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្នើប្រជុំប្រទេសជាសមាជិកអាស៊ានដើម្បីទប់ស្កាត់ការបង្ហូរឈាមនៅប្រទេសភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាលប្រទេសដទៃដែលជាសមាជិកអាស៊ាន ធ្វើអន្តរាគមលើរដ្ឋាភិបាលយោធាភូមា ទាមទារឲ្យមានការអត់ធ្មត់ ដើម្បីបញ្ជៀសការបង្ហូរឈាមលើពលរដ្ឋស្លូតត្រង់ភូមារដូចនៅឆ្នាំ១៩៨៨ និងសុំឲ្យដោះស្រាយវិបត្តិនយោបាយនៅប្រទេសនោះដោយសន្តិវិធី ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសេរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារ៍នេះថា វិបត្តិនយោបាយនៅប្រទេសភូមាអាចនឹងមានការបង្ហូរឈាមដូចឆ្នាំ១៩៨៨ជាថ្មីទៀត                  ខណៈភាពតានតឹងរវាងបាតុករ និងរដ្ឋាភិបាលយោធាភូមាកំពុងផ្ទុះការតវ៉ា និងការបង្ក្រាបជាទ្រង់ទ្រាយធំពីសំណាក់កងទ័ពរដ្ឋប្រហារនៃប្រទេសនេះ។ លោក អះអាងថា ស្ថានភាពនៅប្រទេសភូមាកាន់តែមានភាពតានតឹង និងរឹតតែអាក្រក់សម្រាប់ប្រជាជនភូមា ព្រោះថា រដ្ឋាភិបាលរដ្ឋប្រហារយោធាបានដាក់ពង្រាយ រថពាសដែក និងកងល្បាត នៅតាមដងផ្លូវទាំងអស់ ក្នុងទីក្រុងរ៉ង់ហ្គូន ស្របពេលដែលមានការបិទប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសទាំងស្រុង ដើម្បីផ្តាច់ការទាក់ទងមេដឹកនយោបាយធំៗដែលបានចាប់ខ្លួន ពីសហគមអន្តរជាតិ។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍យោធានៃប្រទេសភូមាលោក មីន អួង ហ្លាំង បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ  ដែលដឹកនាំដោយ អ្នកស្រី អ៊ុង សានស៊ូជី។ ក្រុមយោធាបានចាប់ខ្លួនអ្នកស្រី អ៊ុង សានស៊ូជី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សរបស់អ្នកស្រីជាច្រើនរូបទៀត។

ចាប់តាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាជនភូមា គ្រប់និន្នាការ ជាពិសេស មន្ត្រីរដ្ឋការ បាននាំគ្នាចេញមកចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហារយោធាមួយនេះ។ ជាងនេះទៀត មានទាំង ព្រះសង្ឃ និស្សិត កសិករ កម្មករ គ្រូពេទ្យ គ្រូបង្រៀន ក្រុមស្ត្រីមេផ្ទះ  ក្រុមបវរកញ្ញា ក៏បានមកចូលរួមធ្វើបាតុកម្មដើម្បីសំដែងការតវ៉ាលើរដ្ឋប្រហាររបបសឹកនេះផងដែរ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាប្រមាណជា ៦០ស្ថាប័ន បានចេញសេចក្តីប្រកាសរួម ព្រមទាំងធ្វើការជួបជុំគ្នានៅមុខស្ថានទូតភូមាប្រចាំទីក្រុងភ្នំពេញ ដើម្បីបង្ហាញ ការគាំទ្រដល់ពលរដ្ឋភូមាប្រឆាំងនឹងរបបយោធាមួយនេះ និងគាំទ្រប្រជាជនភូមាក្នុងការខិតខំស្វែងរកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សសន្តិភាព និងនីតិរដ្ឋ។

ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ខែកុម្ភៈនេះថា អាស៊ានគឺជាសមាគន៍ប្រជាជាតិទាំង១០ក្នុងតំបន់។ ដូច្នេះករណីរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលនៅភូមា រដ្ឋាភិបាលនៃប្រទេសដែលជាសមាជិកគួរតែស្នើឲ្យមានការប្រជុំរវាងប្រទេសជាសមាជិកដទៃទៀត ដើម្បីបង្ហាញពីគោលជំហររួមក្នុងការទប់ស្កាត់រដ្ឋាប្រហារនេះ ដែលជាការបង្ហាញពីការឯកភាពគ្នាក្នុងសហគមន៍អាស៊ានផងដែរ។

លោកជុំរុញឲ្យលោក ហ៊ុន សែន ស្នើឲ្យមានកិច្ចប្រជុំអាស៊ានដើម្បីរកដំណោះស្រាយរួមមួយសមា្រប់វិបត្តិបន្ទាន់ដែលកំពុងកើតមាន លើប្រទេសដែលជាសមាជិកអាស៊ានរបស់ខ្លួន ជាជាងការបង្ហាញជំហរជាលក្ខណៈឯកតោភាគីរបស់រដ្ឋាភិបាលនៃប្រទេសមួយដែលអាចរងការរិះគន់ថាលូកលាន់កិច្ចការផ្ទៃក្នុងនៃប្រទេសជិតខាង។

កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៨ ប្រទេសភូមាបានផ្ទុះការតវ៉ាដ៏ធំមួយដែលមានទាំងកូដកម្ម និងបាតុកម្មទូទាំងប្រទេសប្រឆាំងរបបយោធា និងទាមទារឲ្យមានរបបប្រជាធិបតេយ្យ។ ជុំវិញការតវ៉ាពេលនោះ ក្រុមយោធាភូមាបានបាញ់រះលើហ្វូងបាតុករដែលបណ្តាលឲ្យអ្នកតវ៉ារាប់រយនាក់ស្លាប់បាត់បង់ជីវិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស