31.4 C
Phnom Penh

ក្រុមវិជ្ជសាស្ត្រ WHO បានប្រកាសឲ្យប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើកដំបូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសុខភាពពិភពលោក WHO បានអនុម័តជាផ្លូវការហើយសម្រាប់ពិភពលោក ក្នុងការប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន អង់គ្លេសឈ្មោះ Astra Zeneca នៅក្នុងករណីបន្ទាន់លើកដំបូងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ការសម្រេចនេះធ្វើឡើង ក្រោយក្រុមជំនាញរបស់ អង្គការសុខភាពពិភពលោក WHO បានធ្វើការត្រួតពិនិត្យយ៉ាងដិតដល់ ចំពោះសុវត្ថិភាព ប្រសិទ្ធភាព ហានិភ័យ និងផលប៉ះពាល់របស់វ៉ាក់សាំង អូស្ត្រាសេនេកា នេះយ៉ាងលម្អិតហើយនោះ។

ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម អះអាងថា ពេលនេះ អង្គការសុខភាពពិភពលោក មានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃ ដើម្បីបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង ប៉ុន្តែអង្គការមួយនេះត្រូវតែបង្កើនផលិតកម្មជាមុនសិន។ 

លើសពីនេះ លោក បានអំពាវនាវ ឲ្យបណ្តាក្រុមហ៊ុនផលិតវ៉ាក់សាំង ជំងឺកូវីដ១៩ ត្រូវតែបញ្ជូនវ៉ាក់សាំងរបស់ពួកគេមកកាន់ WHO ស្របពេលពួកគេ ត្រូវបញ្ជូនវ៉ាក់សាំងទាំងនោះ ទៅកាន់ប្រទេសអ្នកមានៗដទៃទៀតផងដែរ។

ជុំវិញការអនុម័តលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ត្រូវបានគេមើលឃើញថា គឺជាការបើកទូលាយកាន់តែខ្លាំង សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីទទួលបានវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដែលមានតម្លៃសមរម្យ ងាយស្រួលរក្សាទុក និងងាយក្នុងការដឹកជញ្ជូនថែមទៀត។

វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដែល WHO ទើបនឹងសម្រេចនេះ គឺជាផលិតផលរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលបានប្រគល់សិទ្ធិផលិតបន្ត ទៅដល់ក្រុមហ៊ុន អ៊ែស ខេ បាយអូ (SK Bio) នៃប្រទេសកូរ៉េខាងត្បូង និងវិទ្យាស្ថានស៊ឺរឹម Serum នៃប្រទេសឥណ្ឌា។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា លោកនឹងទទួលយកតែវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។

ប៉ុន្តែមិនយូរប៉ុន្មាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន សែន  បែរជាសម្រេចទទួលយកវ៉ាក់សាំងពីសាធារណៈរដ្ឋប្រជាមានិតចិនចំនួន ១លានដូស ដែលមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកជំនួសវិញ។

លោក ហ៊ុន សែន បញ្ជាក់ថា ដោយសារមានភាពចាំបាច់ ដូច្នេះ កម្ពុជាសម្រេចថានឹងទទួលយកវ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដែលជំនួយរបស់មិត្តចិនដើម្បីជាចំណែកជួយទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

យ៉ាងនេះក្តី លោក សង្កត់ធ្ងន់ថា លោកមិនទាន់ដឹងពីប្រសិទ្ធភាព និងផលប៉ះពាល់ របស់វ៉ាក់សាំងទាំងនេះនៅឡើយទេ។

អ្នកវិភាគនយោបាយសង្គម និងអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធបិតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌The Cambodia Daily នៅថ្ងៃនេះថា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន គួរតែបញ្ឈប់កាប្រើប្រាស់វ៉ាកសាំងចិន ដើម្បីតែធ្វើយុទ្ធនាការនយោបាយ អែបអបចិន ឲ្យជួយជ្រោមជ្រែងអំណាចរបស់ខ្លួនបន្តទៅទៀត។

លោក អះអាងថា ការធ្វើបែបនេះ គឺជាការក្បត់ទំនុកចិត្តពលដ្ឋខ្មែរផង និងក៏ជាការប្រថុយនឹងនយោបាយកាងអំណាចខ្លួនឯងផង ព្រោះគោលដៅរបស់ចិន មិនមែននៅជាមួយលោក ហ៊ុន សែន ជាដរាបនោះទេ គឺចិនដើរលើផ្លូវប្រមូលប្រយោជន៍ពីកម្ពុជាប៉ុណ្ណោះ។

លើសពីនេះ ចិនក៏អាចដូរដៃគូសហការផងដែរ បើពួកគេមើលឃើញថា ការសហការជាមួយក្រុមលោក ហ៊ុន សែន មិនទទួលបានផលប្រយោជន៍ទៀតនោះ។

លោក គឹម សុខ បញ្ជាក់ថា នាយករដ្ឋមន្ត្រីខ្មែរ គួរពិចារណា និងធ្វើការសម្រេចចិត្តប្រើវ៉ាក់សាំង ដែលមានកម្រិតស្ដង់ដាខ្ពស់ និងទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក ព្រោះការងារដែលមានគោលការណ៍ស្ដង់ដា គឺជាតម្លៃសកល ដែលទទួលបានការទុកចិត្តពីផ្ទៃក្នុងជាតិផង ហើយក៏រាប់ថា ជាមេដឹកនាំឆ្លាត ក្រោមក្រសែភ្នែកនៃសហគមន៍អន្តរជាតិផងដែរ។

អ្នកវិភាគនយោបាយសង្គមរូបនេះ សង្កត់ធ្ងន់ថា ការបង្ហាញស្ដង់ដាការងារស្របនឹងការទទួលស្គាល់របស់សហគមន៍អន្តរជាតិ គឺជាគន្លឹះមួយ ដែលនាំទៅដល់ការសម្លឹងមើលអំពីឥរិយាបថកាន់តែប្រសើរសម្រាប់កម្ពុជា ដែលអាចមានមុខដោះស្រាយវិបត្តិផ្សេងៗទៀត ដូចជាភាពជាប់គាំងនយោបាយសព្វថ្ងៃនេះជាដើម។

រហូតមកដល់ពេលនេះ មានវ៉ាក់សាំងជាង ១០ប្រភេទហើយ ក្នុងនោះមានទាំងវ៉ាក់សាំងរបស់ចិន ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ពីអង្គការសុខភាពពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស